លោក​ យ៉ែម ​ហេមរ៉ាតបើកដៃ​ឲ្យឈ្មួញបន្ត​នាំចូលទំនិ​ញគេចពន្ធ​តាមច្រកអូ​​ររំដួល

មន្ត្រី​គយក្នុង​ខេត្តបាត់ដំបង បានបញ្ជាក់​ថា​លោក យ៉ែម ហេ​រ៉ា​ត កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​តាមរយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​មួយចំនួន​ដឹកទំនិញ​ពី​ទឹកដី​ថៃ​ចូល​ទឹកដី​ខ្មែរ​នៅវេលា​ម៉ោង​៣​ឬ​ម៉ោង​៤​ទៀបភ្លឺ ខុស​ម៉ោង​រដ្ឋបាល​ដែលជា​អំពើ​ខុសច្បាប់​ទាំងស្រុង​ហើយ​ទំនិញ​ទាំងនោះ​អាចជា​ទំនិញគេចពន្ធ​ទៀតផង​។ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​អូរ​រំដួល ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា​មួយ រយៈពេល​កន្លងទៅនេះ​លោក យ៉ែម ហេម​រ៉ា​ត ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ងងើល ជាពិសេស​ទាក់ទង​ទៅនឹង​ការបន្លំ​ប្រភេទ​ទំនិញ ហើយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ទំនិញ​នាំចូល​ពី​ប្រទេស​ថៃ​ច្រើន​ប្រភេទ​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់ ត្រូវបាន​លោក យ៉ែម ហេម​រ៉ា​ត ឃុបឃិត​ដាក់​ក្នុង​បង្កាន់ដៃ​បង់ពន្ធ​ថា​ជា​ទំនិញ​ចម្រុះ ហើយ​ឈ្មួញ​បង់ពន្ធ​ត្រឹមតែ​ពាក់កណ្តាល ឬ​មិន​ដល់​ពាក់កណ្តាល​ផង​គឺ​លោក យ៉ែម ហេម​រ៉ា​ត ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ញញើត​អ្វី​ទាំងអស់​។

តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​មួយចំនួន​នៅ​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ឥឡូវនេះ​មាន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ជាច្រើន​ប្រភេទ ដោយសារតែ​មេ​គយ​ប្រចាំ​ច្រក​នេះ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ ឈ្មួញ​មិន​ត្រឹមតែ​អាច​សម្រុក​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដូចជា​គ្រឿងបន្លាស់​រថយន្ត គ្រឿងបន្លាស់​ម៉ូតូ ភេសជ្ជៈ និង ទំនិញ​ចាប់ហួយ​ប៉ុណ្ណោះ​ទេ គឺ​សូម្បីតែ​គ្រឿងចក្រ​ក៏​ឈ្មួញ​អាច​នាំចូល​តាម​ច្រក​អូរ​រំដួល​យ៉ាង​លូន​ដែរ​។ ប្រការ​នេះហើយ​ទើប​មន្ត្រី​ប្រចាំ​ច្រក​អូរ​រំដួល មួយចំនួន​រាយការណ៍​ថា​លោក យ៉ែម ហេម​រ៉ា​ត កំពុងតែ​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ គ្មាន​ញញើត​អ្វី ទាំងអស់ ហើយ​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនជាង មុន​ទៅទៀត​ព្រោះ​គ្មាន​នរណា​ទប់ស្កាត់​ឡើយ​។​

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​អូរ​រំដួល បាន​ឲ្យ​ដឹងថា​លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អូរ​រំដួល ដែល​ត្រូវ​ថ្នាក់លើ​ដក​បញ្ឈរជើង​អស់​មួយរយៈ​នោះ នៅពេល​វិលត្រឡប់​មកកាន់​កន្លែង​ដើម​វិញ​ក៏​ចាប់​ផ្តើ​ប​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រក​អូរ​រំដួល បាន​ឲ្យ​ដឹងថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ​លោក យ៉ែម ហេម​រ៉ា​ត បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ជាច្រើន​នាក់​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​អូរ​រំដួល យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រការនេះ​បានធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​កាន់តែ​ច្រើនជាង​មុន​ទៅទៀត ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ចាត់វិធានការ​ទប់ស្កាត់​ខ្លះ​ផង​។​

​សេចក្តីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​អូរ​រំដួល មានដូចជា​គ្រឿងបន្លាស់​រថយន្ត គ្រឿងបន្លាស់​ម៉ូតូ សំបក​កង់​រថយន្ត​និង​ម៉ូតូ ព្រមទាំង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​។ ប៉ុន្តែ​លោក យ៉ែម ហេម​រ៉ា​ត បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ក្នុងការ​បន្លំ​ប្រភេទ​ទំនិញ​ដោយ​ដាក់​ក្នុង​ឯកសារ​ថា​ជា ទំនិញ​ចម្រុះ​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ទាប ហើយ​បង់ពន្ធ​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ? ក្រៅពីនេះ​ត្រូវ​ធ្លាក់​ក្នុង​ហោប៉ៅ​លោក យ៉ែម ហេម​រ៉ា​ត និង​បក្ខពួក​មួយ​ក្តាប់​តូច​។ តាមរយៈ​អំពើពុករលួយ​បែបនេះ​លោក យ៉ែម ហេម​រ៉ា​ត អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ព្រោះ​ថ្នាក់ដឹកនាំ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ តាម​ប្រភព​ខ្លះ​បាន​លើកឡើងថា​លោក យ៉ែម ហេម រ៉ា​ត មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​ទៅទៀត​ទើប​លោក គុណ ញឹម មិន​ហ៊ាន​ប៉ះពាល់​ហើយ​ទុក​ឲ្យ​លោក យ៉ែម ហេម​រ៉ា​ត ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា​ការដែល​លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺអាច​មានការ​ឃុបឃិត​បើកដៃ​ពី​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ផងដែរ​ព្រោះ​មកដល់ពេលនេះ​ប្រធាន​សាខាគយ​ខេត្ត​បាត់ ដំបង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​អំពើពុករលួយ​របស់លោក យ៉ែម ហេម​រ៉ា​ត ដែលជា មន្ត្រីក្រោមឱវាទ​។ អាច​និយាយបានថា​ការដែល​លោក យ៉ែម ហេម​រ៉ា​ត អាចធ្វើ​អ្វីៗ​តាម​អំពើ ចិត្ត​គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ ហើយ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ ពន្ធ​មិន​គ្រប់​តាម​ច្រក​អូរ​រំដួល ដូច​សព្វថ្ងៃនេះ​កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​បាត់បង់​ចំណូល​ពន្ធ​យ៉ាង ច្រើន​ក្នុង​មួយខែៗ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​លោក យ៉ែម ហេម​រ៉ា​ត ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ​ហើយ​៕

20270231_343558866065080_623372838_n