ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកអូរយ៉ាដាវ បានឲ្យដឹងថាក្រៅពីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដែលកំពុងត្រូវឈ្មួញនាំឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកនោះ គឺនៅច្រករបៀងខ្លាធំ និងច្រកភ្នំក្រហម ក៏មានឈ្មួញនាំចេញឈើទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងដែរ។ ប្រភពបានឲ្យដឹងទៀតថា តាមផ្លូវជាតិលេខ៧៨ពីក្រុងបានលុង ទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានសមត្ថកិច្ចជាច្រើនស្ថាប័ន ដាក់ប៉ុស្ដិ៍ត្រួតពិនិត្យបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ និងបទល្មើសនាំចូលទំនិញគេចពន្ធពីស្រុកយួនជាដើម។ ក៏ប៉ុន្តែជាក់ស្ដែងសមត្ថកិច្ចទាំងនោះមិនចាត់វិធានការបង្ក្រាបឈ្មួញជាច្រើននាក់ដែលកំពុងសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកនោះទេ ហើយពួកគេបែរជាឃុបឃិតឲ្យឈ្មួញធ្វើអ្វីៗស្រេចតែអំពើចិត្ត ក្នុងខណៈដែលព្រៃឈើក្នុងខេត្តរតនគិរី កំពុងប្រឈមនឹងសេចក្ដីវិនាស។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថារយៈពេលប្រមាណ២សប្ដាហ៍ចុងក្រោយនេះ មានឈ្មួញ៦នាក់បង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក ដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ី ចំរើន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអូរយ៉ាដាវ។ ឈ្មួញទាំងនោះបានប្រើប្រាស់រថយន្តជាច្រើនប្រភេទដូចជា រថយន្តយីឌុប កាមរីបាឡែន ឡិចស៊ីស ធុនដ្រា ហាយឡេនឌ័រ និងរថយន្តសាំយ៉ុង ឆ្លងកាត់បារ៉ាស់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ចេញទៅស្រុកយួនទាំងយប់ទាំងថ្ងៃ ជាពិសេសនៅពេលយប់។ ក្នុងនោះឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើខ្លាំងជាងគេ គឺឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ ដែលល្បីល្បាញខាងដឹកជញ្ជូនឈើចេញទៅស្រុកយួនច្រើនឆ្នាំមកហើយ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចតូចតាចនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឲ្យដឹងថានៅច្រកនេះលោក អ៊ី ចំរើន មេនគរបាលអន្តោប្រវេសន៍ គឺជាអ្នកមានសិទ្ធិអំណាចធំធេងជាងគេក្នុងការអនុញ្ញាតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ី ចំរើន ទេនោះគឺឈ្មួញមិនអាចធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានទេព្រោះសមត្ថកិច្ចផ្សេងៗគ្មានសិទ្ធិសម្រេចឡើយ។ ការដែលលោក អ៊ី ចំរើន ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ហើយប្រហែលជាលោក អ៊ី ចំរើន ចំណាយដើមទុនអស់ច្រើនក្នុងការទទួលតំណែងជាមេនគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវ ទើបខំប្រឹងស្រង់ដើមយ៉ាងតក់ក្រហល់៕