លោក​​ គឹម រស្មី មេបញ្ជា​ការកងរាជ​អាវុធហត្ថខេត្តរ​តនគិរីទន្ទ្រា​នកាន់កាប់ដីរ​ដ្ឋខុសច្បា​ប់​ធ្វើជាកម្ម​សិទិ្ធ?

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កូន​មុំ បាន​អំពាវនាវ​ឲ្យ​លោក ថង សាវុន ជា​អភិបាល​ខេត្តរតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ព្រមទាំង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ពិនិត្យមើល​ភាពមិនប្រក្រតីលោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ​។ បើ​មិន​ដូច្នេះ​ទេ​ព្រៃ​ការពារ​របស់​រដ្ឋ​ទំហំ​ប្រមាណ​១០០០​ហិកតា​នឹង​ក្លាយជា​កម្មសិទ្ធិ​របស់លោក គឹម រស្មី នាពេល​ឆាប់ៗ​ខាងមុខនេះ​ព្រោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​ប៉ះពាល់​លោក គឹម រស្មី ឡើយ​។ ទន្ទឹមនឹងនេះ​ក្រសួង​ពាក់ព័ន្ធ​ក៏​គួរ​ពិនិត្យឡើងវិញ​ផងដែរ ហើយ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ប្រើ​អំណាច​ធំធេង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​តាម​អំពើ​ចិត្ត​ទៀត​។

កន្លងមក​លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ធ្លាប់​ត្រូវបាន​សកម្មជន​ព្រៃឈើ​និង​ប្រជា​សហគមន៍​នៅក្នុង​ស្រុក​កូន​មុំ ខេត្តរតនគិរី រិះគន់​ពី​រឿង​ជាប់​ពាក់ព័ន្ធ​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។ ឥឡូវនេះ​លោក គឹម រស្មី កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ទាក់ទង​ទៅនឹង​ករណី​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​ក្នុងស្រុក​កូន​មុំ ជាច្រើន​ហិកតា​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជុំវិញ​បញ្ហា​នេះ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មិនគួរ​បណ្ដែតបណ្តោដោយ​តទៅទៀត​ទេ ព្រោះ​ទង្វើ​របស់លោក គឹម រស្មី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំងមូល​។

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កូន​មុំ បាន​ឲ្យ​ដឹងថា​ដីព្រៃ​ជាច្រើន​រយ​ហិកតា​នៅ​ចំណុច​ដីឡូត៍​៩៥​ជា​កន្លែង​អភិរក្ស​របស់​រដ្ឋ​ក្នុងស្រុក​កូន​មុំ ត្រូវ​អ្នកមានអំណាច​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ដីព្រៃ​ដែល​កំពុង​ត្រូវគេ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​នោះ គឺជា​របស់លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​កូន​មុំ បាន​បង្ហើប​ឲ្យ​ដឹងថា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​ម្នាក់ ឈ្មោះ រស់ វណ្ណា គឺជា​អ្នក​រត់ការ​បង់លុយ​ជូន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​លោក គឹម រស្មី មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្តរតនគិរី អាច​ប្រើ​អំណាច​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​លើ​គម្រោង​ប្រមាណ​ជាង​១០០០​ហិកតា​៕

 

imraksmey