ប្រភពពីមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុង ខេត្តរតនគិរី បានឲ្យដឹងថា ឈ្មួញឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត មានទីលំ នៅក្នុង ក្រុងបានលុង ហើយសព្វថ្ងៃនៅតែ បន្តសកម្មភាពដឹកជញ្ជូន ឈើតាមរថយន្តវីហ្គោ និងរថយន្តកែច្នៃពី ស្រុកវ៉ើនសៃ មកស្តុកទុកក្នុង លំនៅដ្ឋានរបស់ខ្លួនដោយគ្មាន ការរំខានពីមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធឡើយ ។ ក្នុងមួយថ្ងៃៗ ឈ្មួញឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ដឹកជញ្ជូនឈើជាច្រើនជើងពីស្រុកវ៉ើនសៃ ចូលក្រុងបានលុង ហើយបើកបរឆ្លងកាត់មុខប៉ុស្ដិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចជាច្រើនស្ថាប័ន ក៏ប៉ុន្តែគ្មានសមត្ថកិច្ចណាបង្ក្រាបរថយន្តដឹកឈើរបស់ឈ្មួញឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត នោះទេ។ បញ្ហានេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យឡើងវិញផងដែរ ព្រោះបច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់នៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក។ ជាក់ស្ដែងឈ្មួញឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ប្រមូលទិញឈើនិងដឹកជញ្ជូនឈើប្រណីតចេញពីស្រុកវ៉ើនសៃ មកស្តុកក្នុងក្រុងបានលុង ហើយមានឈ្មួញផ្សេងទៀតដឹកបន្តចេញទៅស្រុកយួនយ៉ាងរលូនតែម្តង។
មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី ជាពិសេសលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា ជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ដឹកជញ្ជូនឈើខុសច្បាប់ពីស្រុកវ៉ើនសៃ ចូលក្រុងបានលុង ទាំងយប់ទាំងថ្ងៃ។ ប្រភពខ្លះលើកឡើងថាលោក ថង សាវុន អភិបាលខេត្តរតនគិរី ក៏អាចជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយឈ្មួញឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ផងដែរទើបបណ្ដោយឲ្យឈ្មួញទាំង២នាក់នេះធ្វើអ្វីៗតាមអំពើចិត្ត។ សូម្បីតែកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសដែលចុះបំពេញបេសកកម្មក្នុងខេត្តរតនគិរី ក៏មិនដែលហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ទាល់តែសោះប្រហែលឈ្មួញទាំង២នាក់នេះមានខ្នងបង្អែករឹងមាំមិនធម្មតាឡើយ។
ឈ្មួញតូចតាចមួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលឈ្មួញឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត អាចបន្តសកម្មភាពដឹកជញ្ជូនឈើតាមអំពើចិត្ត គឺមានការឃុបឃិតបង់លុយឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយជាច្រើនស្ថាប័នដើម្បីឲ្យមុខរបររបស់ខ្លួនគ្មានការរំខាន។ មន្ត្រីជំនាញនិងសមត្ថកិច្ចដែលទទួលលុយពីឈ្មួញឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត មានដូចជាមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សមត្ថកិច្ចអាវុធហត្ថខេត្តរតនគិរីជាដើម។ ហេតុនេះហើយទើបគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មួញឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ហើយបណ្ដោយឲ្យឈ្មួញ២នាក់ប្ដីប្រពន្ធនេះបន្តប្រព្រឹត្តបទល្មើសយ៉ាងពេញបន្ទុក៕