លោក​ សាំង​ ប៊ុនថេន​​ប្រធានមន្ទីរ​សាធារ​ណការ​ខេត្តឧត្ដ​រមានជ័យ​ត្រូវបា​នលាតត្រ​ដាង​ជាសាធារ​ណះ

តាម​ប្រភព ពី​មន្ត្រីរាជការ​មន្ទីរ​សាធារណការ​ ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹង ថា​លោក សាំង ប៊ុន​ថេ​ន  បាន​ឃុបឃិត​ ជាមួយ​អនុប្រធាន​ មន្ទីរ​ឈ្មោះ ចំរើន  សេរី​រិ​ទ្ធ ដើម្បី​បំប៉ោង​ គម្រោង​ចំណាយ​ផ្សេងៗ ​ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​យក ទៅ​ចែកគ្នា​ ធ្វើ​មាន​ធ្វើបាន​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ ។ ការដែល​លោក  សាំង ប៊ុន​ថេ​ន និង​លោក  ចំរើន សេរី​រិ​ទ្ធ អាច ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ គឺ​ដោយ សារ​មាន​លោក  ចំរើន កុសល ជា​ប្អូនប្រុស​លោក  ចំរើន សេរី​រិ​ទ្ធ ហើយ​ជា​ប្រធានការិយាល័យ​ផែនការ និង​គណនេយ្យ​ក្នុង​មន្ទីរ គឺជា​អ្នករៀបចំ​ឯកសារ​បំប៉ោង​គម្រោង​ចំណាយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ក្នុង​១​ឆ្នាំៗ​លោក សាំង ប៊ុន​ថេ​ន និង​លោក ចំរើន សេរី​រិ​ទ្ធ ព្រមទាំង​លោក ចំរើន កុសល អាច​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​រាប់រយ​លាន​រៀល​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តឧត្ដរមានជ័យ ​។

រឿងអាស្រូវ​ពុករលួយ​របស់លោក សាំង ប៊ុន​ថេ​ន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តឧត្ដរមានជ័យ គឺជា​រឿង​មិនអាច​លាក់បាំង​បានទេ​ព្រោះ​មន្ត្រី​តូចតាច​ក្នុង​មន្ទីរ​សាធារណការ​ខេត្តឧត្ដរមានជ័យ លាតត្រដាង​ជា​បន្តបន្ទាប់​។ ទន្ទឹមនឹងនេះ​មានការ​អំពាវនាវ​ឲ្យ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាត់វិធានការ​ទៅលើ​លោក សាំង ប៊ុន​ថេ​ន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តឧត្ដរមានជ័យ និង​បក្ខពួក​ជាបន្ទាន់​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​លោក សាំង ប៊ុន​ថេ​ន ផ្ទេរ​ពី​ខេត្តបាត់ដំបង មកកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តឧត្ដរមានជ័យ គឺ​គាត់​បាន​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។ មន្ត្រីរាជការ​មន្ទីរ​សាធារណការ​ខេត្តឧត្ដរមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក សាំង ប៊ុន​ថេ​ន ព្រមទាំង​បក្ខពួក​ជាបន្ទាន់​។ ជាមួយគ្នានេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាំង ប៊ុន​ថេ​ន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តឧត្ដរមានជ័យ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​រូបនេះ​ប្រើ​អំណាច​និង​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក សាំង ប៊ុន​ថេ​ន បាន​ឲ្យ​ដឹងថា​ថវិកា​ដែល​លោក សាំង ប៊ុន​ថេ​ន ព្រមទាំង​បក្ខពួក​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​គឺ​ភាគច្រើន​ជា​ប្រាក់​បុរេប្រទាន​នៅក្នុង​ជំពូក​៦០​និង​៦១ ក៏ដូចជា​ប្រាក់​ទូទាត់​ត្រង់​មួយផ្នែកធំ​ជាពិសេស​លើ​ផ្នែក​ថែ​ទាំង​និង​ជួសជុល​ជាដើម​។ លោក សាំង ប៊ុន​ថេ​ន និង​លោក ចំរើន សេរី​រិ​ទ្ធ ក្នុងនាម​ជា​ប្រធាន​និង​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តឧត្ដរមានជ័យ បាន​បង្កើត​ឲ្យ​មាន​បញ្ហា​បក្ខពួកនិយម​យ៉ាងខ្លាំង​នៅក្នុង​មន្ទីរ​។ មន្ត្រី ​ក្នុង​មន្ទីរ​សាធារណការ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​មិន​ហ៊ាន​លាតត្រដាង​អំពើពុករលួយ​របស់លោក សាំង ប៊ុន​ថេ​ន និង​បក្ខពួក​នោះទេ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​រឿងអាស្រូវ​ពុករលួយ​របស់លោក សាំង ប៊ុន​ថេ​ន និង​បក្ខពួក​មួយ​ក្ដាប់​តូច​ជា​រឿង​មិនអាច​បិទបាំង​បានឡើយ ៕

pisey-desk