ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានកត់សម្គាល់ថាក្នុងមួយឆ្នាំៗរដ្ឋចំណាយថវិកាមិនតិចឡើយដើម្បីធ្វើផ្លូវនិងជួសជុលផ្លូវក្នុងរាជធានីភ្នំពេញ ប៉ុន្តែផ្លូវខ្លះធ្វើមិនទាន់ហើយផងក៏ខូចទៅវិញជាបណ្ដើរៗ។ ជាក់ស្ដែងផ្លូវមួយចំនួនក្នុងខណ្ឌចំការមន និងខណ្ឌទួលគោក គ្មានរថយន្តធុនធំដឹកជញ្ជូនទំនិញលើសទម្ងន់ឆ្លងកាត់នោះទេ ប៉ុន្តែផ្លូវទាំងនោះខូចទៅវិញយ៉ាងឆាប់រហ័សដោយសារតែគ្មានគុណភាព។ ហេតុនេះហើយទើបធ្វើឲ្យមានការរិះគន់ថា លោក សាំ ពិសិដ្ឋ គិតតែពីរឿងប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ហោប៉ៅ ហើយមិនចុះពិនិត្យមើលគុណភាពផ្លូវពេលកំពុងស្ថាបនាឬកំពុងជួសជុលឡើងវិញនោះទេ។
ថ្មីៗនេះមានការ អំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យមើល ភាពអសកម្ម និងអំពើ ពុករលួយរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ ជាបន្ទាន់ ។ ដោយហេតុថាប៉ុន្មាន ឆ្នាំចុងក្រោយនេះ ផ្លូវមួយចំនួនក្នុងរាជធានី ភ្នំពេញធ្វើមិនបាន១ឆ្នាំផង ក៏ត្រូវខូចអស់ទៅវិញ ដោយសារតែទាំងនោះគ្មាន គុណភាពឬធ្វើឲ្យ តែរួចពីដៃ។
មន្ត្រីរាជការមួយចំនួននៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថាក្នុងនាមជាប្រធានមន្ទីរ លោក សាំ ពិសិដ្ឋ មិនយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួននោះទេ ហើយបណ្តោយដោយឲ្យមន្ត្រីក្រោមឱវាទមួយចំនួនធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ជាពិសេសការធ្វើផ្លូវជាច្រើនខ្សែក្នុងរាជធានីភ្នំពេញ គ្មានគុណភាពធ្វើហើយឆាប់ខូចទៅវិញត្រូវគេសង្ស័យថា មកពីមានអំពើពុករលួយកេងប្រវ័ញ្ចថវិកាទើបធ្វើមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ ហេតុនេះលោក ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនគួរបណ្ដែតបណ្ដោយលោក សាំ ពិសិដ្ឋ និងមន្ត្រីក្រោមឱវាទធើ្វអ្វីៗស្រេចតែអំពើចិត្ត។
មានប្រភពខ្លះបានឲ្យដឹងថា សូម្បីតែនៅកន្លែងធ្វើស្លាកលេខរថយន្ត ស្លាកលេខម៉ូតូ របស់មន្ទីរសាធារណការរាជធានីភ្នំពេញ ក៏មានភាពរញ៉េរញ៉ៃនិងពោរពេញទៅដោយអំពើពុករលួយផងដែរ។ ជាងនេះទៅទៀតការប្រឡងយកប័ណ្ណបើកបររថយន្តក៏មានសេចក្ដីរាយការណ៍ពីរឿងពុករលួយយ៉ាងពេញបន្ទុក មិនដឹងថាលោក សាំ ពិសិដ្ឋ មានជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយទាំងនោះឬក៏អត់ឡើយ។ ដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន គួរចាត់វិធានការស៊ើបអង្កេតជុំវិញអំពើពុករលួយដែលកំពុងកើតមាននៅមន្ទីរសាធារណការរាជធានីភ្នំពេញជាបន្ទាន់ ៕(បឋម)