មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា កន្លងមកក្នុងចំណោមឈ្មួញធំៗដែលដឹកជញ្ជូនឈើពីខេត្តមណ្ឌលគិរី ចូលខេត្តក្រចេះ និងចេញទៅខេត្តផ្សេងទៀតគឺឈ្មួញឈ្មោះ តុប វីរ៉ាដា ធ្វើសកម្មភាពខ្លាំងក្លាជាងគេ។ ឈ្មួញឈ្មោះ តុប វីរ៉ាដា បានប្រើយីហោក្រុមហ៊ុនយូនីហ្គ្រីន ដើម្បីកាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកកោះញែក ស្រេចតែអំពើចិត្តធ្វើឲ្យផ្លូវជាច្រើនកន្លែងក្នុងខេត្តមណ្ឌលគិរី រងការខូចខាតជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះឈ្មួញឈ្មោះ តុប វីរ៉ាដា នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងគឃ្លើនដដែល ហើយបើទោះបីរថយន្តដឹកឈើរបស់ឈ្មួញឈ្មោះ តុប វីរ៉ាដា ផ្ទុកលើសទម្ងន់ក៏គ្មានសមត្ថកិច្ចឬមន្ត្រីជំនាញណាហ៊ានប៉ះពាល់ឡើយ។ សមត្ថកិច្ចនិងមន្ត្រីជំនាញដែលឃាត់ចំរថយន្តដឹកឈើរបស់ឈ្មួញឈ្មោះ តុប វីរ៉ាដា ជាឧកញ៉ា និងជាឧត្តមសេនីយ៍យោធា តែងតែដកថយវិញព្រោះគេខ្លាចឥទ្ធិពលមន្ត្រីជាន់ខ្ពស់មួយចំនួនដែលនៅពីក្រោយខ្នងមេឈ្មួញរូបនេះ។
សមត្ថកិច្ចតូចតាចនៅក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឈ្មួញឈ្មោះ តុប វីរ៉ាដា ដែលជាឧកញ៉ា និងជាមន្ត្រីយោធាពាក់ផ្កាយ១ នៅតែបន្តប្រើអំណាចដឹកជញ្ជូនឈើខុសច្បាប់ចេញពីស្រុកកោះញែក ចូលមកខេត្តក្រចេះ និងដឹកជញ្ជូនឈើឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ចេញទៅស្រុកយួនយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថាឈ្មួញឈ្មោះ តុប វីរ៉ាដា ជាមន្ត្រីយោធាពាក់ផ្កាយ១ និងជាមេបញ្ជាការរងយោធភូមិភាគ១ បន្តសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗចេញពីស្រុកកោះញែក ហើយការបង្ក្រាបម្តងម្កាលរបស់សមត្ថកិច្ចគ្រាន់តែជារឿងលេងសើចប៉ុណ្ណោះ។ ជាក់ស្ដែងថ្មីៗនេះសមត្ថកិច្ចខេត្តក្រចេះ បានឃាត់រថយន្តយីឌុបដឹកឈើ២គ្រឿងនៅព្រំប្រទល់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងស្រុកស្នួល ខេត្តក្រចេះ ហើយបានដោះលែងវិញក្រោយពេលដឹងថា ជារថយន្តដឹកឈើរបស់ឈ្មួញឈ្មោះ តុប វីរ៉ាដា ដែលជាឧកញ៉ាឧត្តមសេនីយ៍យោធា៕