ភ្នំពេញ៖ ប្រភពបានឲ្យដឹងថា បើតាមគម្រោង ដែលមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវក្រុមហ៊ុន បានឯកភាពថា ត្រូវបំពាក់បំពាក់ ប្រព័ន្ធអាយធី (IT) ឲ្យក្នុងតម្លៃ ៥ម៉ឺនដុល្លារ អាមេរិកនោះ មកដល់ពេលនេះ បែរជាក្រុមហ៊ុន មិនបានបំពាក់ឲ្យឡើយ… ផ្ទុយទៅវិញ លោកនាយកមន្ទីរ សាំ ពិសិដ្ឋ បែរជាស្នើសុំលុយផ្សេងពី សាលារាជធានីភ្នំពេញ មកបំពាក់ប្រព័ន្ធ អាយធីនេះទៅវិញ ។ ក្រៅពីទៅសុំលុយ ពីសាលារាជធានី យកមកបំពាក់ ប្រព័ន្ធអាយធីនោះ ប្រភពបានប្រាប់ទៀតថា លោក សាំ ពិសិដ្ឋ ថែមទាំងបានប្រើ អំណាចរបស់ខ្លួន ជាប្រធានមន្ទីរ ទៅដកយកថវិកា ពីអង្គភាពធ្វើស្លាកលេខម៉ូតូ ប្រមាណ ពីរ-បី ម៉ឺនដុល្លារ ក្រោមលេសថា យកទៅធ្វើប្រព័ន្ធអាយធី ដដែលនេះទៀតផង ។ក្រៅពីករណីខាងលើ ក្នុងកិច្ចព្រមព្រៀង ក៍បានបញ្ជាក់ថា ខាងក្រុមហ៊ុន របស់លោកឧកញ៉ា ឃុន សៀ បានឯកភាពជាមួយមន្ទីរ ចេញថ្លៃដឹកជញ្ជូន ចំនួន២ម៉ឺនដុល្លារ ថ្លៃដឹកជញ្ជូន រើទីតាំងចេញ ពីទីតាំងចាស់ ចេញទៅទីតាំងថ្មី និងបានសន្យា ជួយផ្ដល់ថវិកា ឧបត្ថម្ភបុគ្គលិក មន្ត្រីរាជការជាង ១ពាន់នាក់ នូវទឹកប្រាក់ រាប់សិបម៉ឺនដុល្លារ ផងដែរ ។
កាលពីពេលថ្មីៗនេះ មានបែកធ្លាយនូវ ព័ត៌មានដ៍រសើបមួយ ដែលមានការលើកឡើងថា ការសាងសង់ទីតាំងថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ បានបណ្ដាលឲ្យរដ្ឋ ត្រូវខាតបង់ថវិកា រាប់សិបម៉ឺនដុល្លារ ដោយសារតែការឃុបឃិតគ្នា ប្រព្រឹត្តិអំពើពុករលួយ របស់មន្ត្រីៗពាក់ព័ន្ធមួយចំនួន ។ អ្នកដែលទទួលខុសត្រូវ ក្នុងការសាងសង់ សំណង់អគារនោះ គឺលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជន របស់លោកឧកញ៉ា ឃុន សៀ ដ៍ល្បីឈ្មោះ ។បើតាមព័ត៌មានថា គម្រោងសាងសង់អគារថ្មីទាំងនោះ មានចំនួន ៧អគារ ដែលក្នុងនោះ មានអគារធំមួយ ជាអគារផ្ទាល់របស់ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ចំនួន ៣ អគារតែឯង និងអគារតូចៗចំនួន ៤ ផ្សេងទៀត សម្រាប់អង្គភាពចំនួន ៤ រួមមាន៖ អង្គភាពសួនច្បារ និងរុក្ខជាតិ, អង្គភាពអគ្គិសនី បំភ្លឺសាធារណ, អង្គភាពស្ពានថ្នល់ និងអង្គភាពស្លាកលេខម៉ូតូ ដោយមានឃ្លាំងធំចំនួន ២ សម្រាប់អង្គភាពស្លាកលេខម៉ូតូ, អង្គភាពអគ្គិសនី បំភ្លឺសាធារណៈ, អង្គភាពសួនច្បារ និងរុក្ខជាតិផងដែរ ។ ប៉ុន្តែជាក់ស្ដែង អគារធំៗដែលត្រូវធ្វើ ៣ជាន់ ត្រូវបានក្រុមហ៊ុន ធ្វើឲ្យតែ ២ជាន់ និងអគារតូចៗ មានតែ ៣ អគារប៉ុណ្ណោះ ។
មហាជនបាននិយាយថា បើចង់ដឹងថា ការសាងសង់អគាររដ្ខទាំងនោះ វាកើតមានអំពើពុករលួយ ធ្វើឲ្យរដ្ខខាតបង់ ថវិកាជាតិអស់យ៉ាងច្រើន ឬអត់… ឬមួយក៍ក្រុមហ៊ុននោះ សាងសង់ត្រូវស្ដង់ដារ ឬអត់ដែរនោះ គឺមានតែរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ត្រូវបង្គាប់បញ្ជាឲ្យ អង្គភាពប្រឆាំង អំពើពុករលួយ ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និងមន្ត្រីៗជំនាញ ខាងសំណង់ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់រកការពិត លើរឿងហ្នឹងហើយ… ។
មិនទាន់អាចទាក់ទង សុំការបំភ្លឺពីលោក សាំ ពិសិដ្ឋ និងលោកឧកញ៉ា ឃុន សៀ បាននៅឡើយទេ ជុំវិញព័ត៌មានខាងលើនេះ ៕