សមត្ថកិច្ចពាក់ព័ន្ធនៅច្រក ទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា ក្រៅពីអំពើពុករលួយរឿង ធ្វើប័ណ្ណឆ្លងដែន គឺលោក ខូង ទីន និង បក្ខពួកកំពុងរង ការរិះគន់ពីប្រជាពលរដ្ឋរឿង ជំរិតយកលុយពីពួកគាត់ ដែលនាំចូលទំនិញបន្តិចបន្តួច ដោយគ្មានការ លើក លែង។ ជាងនេះទៅទៀតសូម្បីតែប្រជាពលរដ្ឋដែលដឹកកសិផលដូចជា ដំឡូងមីចេញទៅស្រុកសៀមតាមច្រកអូរស្មាច់ ក៏ត្រូវលោក ខូង ទីន និងបក្ខពួកតម្រូវឲ្យបង់លុយតាមការកំណត់ ដែលជាហេតុនាំឲ្យមានការតវ៉ាកើតឡើងជាបន្តបន្ទាប់។ ប្រការនេះហើយដែលប្រជាពលរដ្ឋឆ្លងដែនចេញចូលទឹកដីសៀមតាមច្រកអូរស្មាច់ អំពាវនាវឲ្យលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ខូង ទីន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ជាបន្ទាន់ ព្រោះទង្វើរបស់លោក ខូង ទីន កំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូល។
មានសេចក្ដីអំពាវនាវជាថ្មីទៀតឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់រឿងអាស្រូវពុករលួយរបស់លោក ខូង ទីន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ជាបន្ទាន់។ ដោយហេតុថារហូតមកដល់ពេលនេះថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅតែបណ្ដោយឲ្យលោក ខូង ទីន ព្រមទាំងបក្ខពួកប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព ជាពិសេសការតម្រូវឲ្យពលរដ្ឋធ្វើប័ណ្ណឆ្លងដែនចូលទឹកដីសៀមបង់លុយពី៧ម៉ឺនដល់៨ម៉ឺនរៀល។ ទង្វើរបស់លោក ខូង ទីន ត្រូវបានប្រជាពលរដ្ឋរិះគន់ជាយូរមកហើយ ក៏ប៉ុន្តែក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ប្រភពពីប្រជាពលរដ្ឋដែលធ្វើប័ណ្ណឆ្លងដែនចូលទៅពិនិត្យព្យាបាលជំងឺក្នុងមន្ទីរពេទ្យខេត្តសុរិន្ទ ប្រទេសសៀម បានឲ្យដឹងថានគរបាលអន្តោប្រវេសន៍ក្រោមការគ្រប់គ្រងរបស់លោក ខូង ទីន តម្រូវឲ្យពួកគាត់បង់លុយពី៧ម៉ឺនទៅ៨ម៉ឺនរៀលគឺលើសពីការកំណត់របស់ក្រសួងមហាផ្ទៃ។ ប្រជាពលរដ្ឋបានរិះគន់ថានៅការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ គ្មានដាក់តារាងបញ្ជាក់អំពីតម្លៃនៃការធ្វើប័ណ្ណឆ្លងដែននោះទេ គឺតម្រូវឲ្យពួកគាត់បង់លុយពី៧ម៉ឺនរៀលទៅ៨ម៉ឺនរៀលតែម្តងដោយមិនអាចតវ៉ាបានឡើយ។ ក្នុងមួយថ្ងៃៗមានពលរដ្ឋខ្មែររាប់រយនាក់ធ្វើប័ណ្ណឆ្លងដែនចូលទឹកដីសៀមតាមច្រកអូរស្មាច់ ដូច្នេះលោក ខូង ទីន និងបក្ខពួកអាចប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបាន៕