កាលពីថ្ងៃព្រហស្បត៍ នៅក្នុងតុលាការក្នុងក្រុងព្យុងយ៉ាង បុរសវ័យ៦៧ឆ្នាំម្នាក់ឈ្មោះចាង សុង ថេក ត្រូវបានកាត់ទោសប្រហារជីវិតក្នុងនាមជាជនក្បត់ជាតិរបស់ខ្លួន។យោងតាមតុលាការយោធាពិសេស បទឧក្រិដ្ឋរបស់គាត់ គឺប៉ុនប៉ងផ្តួលរំលំរដ្ឋ តាមគ្រប់មធ្យោបាយទុច្ចរិតជាមួយនឹងមហិច្ឆតាព្រៃផ្សៃគឺដណ្តើមអំណាចកំពូល។នៅក្នុងការប្រកាសសាលក្រម តុលាការបាននិយាយថា លោកចាង បានប្រព្រឹត្តអំពើក្បត់ទំនុកចិត្តយ៉ាងជ្រាលជ្រៅនិងការស្រឡាញ់ពីគណបក្ស រួមទាំងមេដឹកនាំចំពោះរូបលោក។សាលក្រមនិយាយទៀតថា បទឧក្រិដ្ឋរបស់គាត់ប្រឆាំងនឹងរបបគ្រប់គ្រងរួមមាន ការមានទំនាក់ទំនងមិនសមរម្យជាមួយស្រីជាច្រើននិងស៊ីផឹកនៅភោជនីយដ្ឋានប្រណិតៗជាច្រើន។ក្រៅពីនោះ ចាង ត្រូវបានគេរាយការណ៍ថាបានចាយវាយខ្ជះខ្ជាយរូបិយប័ណ្ណបរទេសក្នុងពេលគាត់ដេកព្យាបាលនៅបរទេសក្រោមការចេញចំណាយពីគណបក្ស។អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវីដ កាមឺរ៉ុន បាននិយាយថា បន្ទាប់ពីលោកចាងបានសារភាពទទួលទោស លោកចាងត្រូវបានប្រហារជីវិតភ្លាម ដោយទំនងជាត្រូវបាញ់នឹងកាំភ្លើងយន្ត។វាជាឋានសួគ៌ ក្លាយជាឋាននរកភ្លាមៗសំរាប់សមាជិកបក្សនៃរដ្ឋកុំម្មុយនីស្តឯកោមួយនេះ។វាបង្ហាញអំពីអំពើព្រៃផ្សៃរបស់របបកូរ៉េខាងជើង។រូបភាពបង្ហាញ បុរសស៊យបំផុតនេះត្រូវបានចាប់ក្រៀកចេញពីអង្គប្រជុំនៃគណៈកម្មាធិការការិយាល័យនយោបាយកាលពីថ្ងៃអាទិត្យមុន និងរូបដាក់ខ្នោះដៃក្នុងពេលលោកត្រូវបាននាំឡើងតុលាការកាលពីថ្ងៃព្រហស្បត៍។តែទោះជាយ៉ាងណា របាយការណ៍ផ្លូវការណ៍របស់របបនេះមិនបាននិយាយថា លោកចាង ដែលធ្លាប់ជាមេដឹកនាំជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាល គឺជាឪពុកមារបស់មេដឹកនាំវ័យក្មេង គីម ជុងអ៊ុន។ជម្លោះផ្ទៃក្នុងគ្រួសារដ៏សាហាវនេះ បណ្តាលអោយពិភពលោកចោទសួរជាថ្មី អំពីថាតើសន្តិភាពពិភពលោកនឹងជួបការគំរាមពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែរឬទេ និងថាតើនរណាជាគីម ជុងអ៊ុនអោយពិតប្រាកដ?ក្នុងនាមជាប្រមុខរដ្ឋវ័យក្មេងបំផុត វាគ្មានមន្ទិលទេដែលលោកកំពុងធ្វើខ្លួនជាជនផ្តាច់ការសម័យទំនើបម្នាក់។ក្រោមលោកចូលកាន់តំណែងមិនដល់មួយឆ្នាំផងកាលពីខែធ្នូឆ្នាំ២០១១ គីម ជុងអ៊ុន បានបញ្ជាអោយទាហានបាញ់កាំភ្លើងត្បាល់សម្លាប់អនុរដ្ឋមន្ត្រីការពារជាតិ លោកគីម ចុល ដោយសារតែមិនគោរពពេលកាន់មរណទុក្ខសពឪពុកលោក។របាយការណ៍ក៏បាននិយាយថា កូរ៉េខាងជើងបានបាញ់សម្លាប់សមាជិកក្រុមតន្ត្រីស្ត្រីUnhasu Orchestra ដែលរួមមានអតីតមិត្តស្រីរបស់លោកគីមផង ដោយទំនងជាពួកគេមើលកុនកូនជ្រូកនិងបានថតខ្លួនឯងស្រាត៕