ប្រភពពីមន្ត្រីគយនៅ ក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករមួយចំនួន បានឲ្យដឹងថាលោក ពុធ សុខា មេគយចល័ត ផ្លូវជាតិលេខ៥ មានខ្នងបង្អែកធំជាង លោក គុណ ញឹម ដែល ជាអគ្គនាយកគយទៅទៀត ហេតុនេះហើយទើបលោក ពុធ សុខា ប្រើអំ ណាច និងតួនាទីប្រព្រឹត្តអំពើ ពុករលួយប្រមូល លុយដោយគ្មានញញើតអ្វី ទាំងអស់។ ជាងនេះទៅទៀត មន្ត្រីគយតូចតាចក្នុងខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាលោក ពុធ សុខា គឺជាអ្នកឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក គុណ ញឹម ដែលជាអគ្គនាយកគយ មិនហ៊ានប៉ះពាល់លោក ពុធ សុខា មេគយចល័តផ្លូវជាតិលេខ៥ ដែលមានខ្នងបង្អែកយ៉ាងរឹងមាំនោះឡើយ។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ដាក់ចេញនូវផែនការលុបបំបាត់អំពើពុករលួយតាមដងផ្លូវ មិនគួរមើលរំលងអំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក ពុធ សុខា មេគយចល័តប្រចាំផ្លូវជាតិលេខ៥ និងបក្ខពួកនោះទេហើយគួរបើកការស៊ើបអង្កេតជាបន្ទាន់កុំឲ្យមន្ត្រីគយពុករលួយធ្វើអ្វីៗតាមអំពើចិត្ត។
មួយរយៈពេលចុងក្រោយនេះអំពើពុករលួយរបស់លោក ពុធ សុខា មេគយចល័តប្រចាំផ្លូវជាតិលេខ៥ ត្រូវបានក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ចូលមករាជធានីភ្នំពេញបើកកកាយជាបន្តបន្ទាប់ ដើម្បីឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកគយបានដឹងនិងចាត់វិធានការទប់ស្កាត់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយនៅតែបណ្ដោយឲ្យលោក ពុធ សុខា មេគយចល័តផ្លូវជាតិលេខ៥ ធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយតាមដងផ្លូវរបស់លោក ពុធ សុខា មេគយចល័តផ្លូវជាតិលេខ៥ខ្លះផង។
តាមការអះអាងពីឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញពីតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តប៉ៃលិន ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថាទោះបីពួកគាត់ដឹកទំនិញស្របច្បាប់មានបង់ពន្ធជូនរដ្ឋត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ចៀសមិនផុតពីបង់លុយឲ្យក្រុមគយចល័តលើផ្លូវជាតិលេខ៥របស់លោក ពុធ សុខា នោះទេ។ ប្រភពពីក្រុមឈ្មួញបានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះពួកគាត់ត្រូវបង់លុយលើតុ ក្រោមតុ ថ្លៃបាយ ថ្លៃទឹក ឲ្យក្រុមគយចល័តរបស់លោក ពុធ សុខា កាន់តែច្រើនឡើងៗដោយមិនអាចតវ៉ាបានឡើយ ហើយលោក ពុធ សុខា តែងតែយកឈ្មោះមេគយធំៗមកប្រើដើម្បីការពារទង្វើរបស់ខ្លួន។ ជាងនេះទៅទៀតលោក ពុធ សុខា តែងតែអះអាងថាខ្លួនប្រមូលលុយទាំងនោះយកទៅជួយបក្ស? ដូច្នេះហើយទើបឈ្មួញនិងអាជីវករមិនអាចតវ៉ាបានទេព្រោះខ្លាចប្រឈមនឹងការលំបាកកាន់តែខ្លាំង៕