ព្រះសីហនុ៖ មហាជនបាន និយាយថា កាលពី ២-៣ អាណត្តិមុន ដែលរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេសជាតិ មិនទាន់មានការរីកចម្រើន ដូចពេលនេះ ថ្នាក់ដឹកនាំ និងមន្ត្រីៗរាជរដ្ឋាភិបាលកម្ពុជា តែងតែបាននិយាយ យកលេសថា «...ឱ្យក្រុមហ៊ុន AZ របស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និង លឹម ប៊ុនសួរ ព្រមទាំង កែវ សូថា… ដាក់កុងត្រូលប្រមូលលុយ រាល់យប់ថ្ងៃ នៅលើផ្លូវជាតិលេខ៤ ដើម្បីឲ្យក្រុមហ៊ុននេះ អាចជួយទទួលខុសត្រូវ ក្នុងការថែរក្សា ជួសជុលផ្លូវជាតិនោះ ឱ្យបានល្អស្អាត រៀងរាល់ឆ្នាំ ព្រោះរាជរដ្ឋាភិបាលកម្ពុជា កាលនោះមិនមានលទ្ធភាព ។ជនរួមជាតិ និងអន្តរជាតិ បានដឹងរួចមកហើយថា ផ្លូវជាតិលេខ៤ ប្រវែងរាប់រយគីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ឲ្យក្រុមហ៊ុន AZ របស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និង លឹម ប៊ុនសួរ ព្រមទាំង កែវ សូថា… យកទៅធ្វើអាជីវកម្ម ដាក់កុងត្រូលប្រមូល លុយរាល់យប់ថ្ងៃ ក្រោយពីរដ្ឋាភិបាលអាមេរិកាំង បានចំណាយលុយជាតិ របស់ពួកគេប្រមាណ ៣០លានដុល្លារ ក្នុងការកសាងជួសជុលផ្លូវនោះ ឱ្យបានល្អស្អាតឡើងវិញ ដើម្បីទុកជាអនុស្សាវរីយ៍ ប្រគល់ឱ្យប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់ជាប្រយោជន៍រួម ។
មហាជនបាននិយាយថា បន្ទាប់ពីថៅកែ អ៊ឹង ប៊ុនហ៊ូវ ត្រូវបានលើកបន្តុប ឲ្យមានអំណាចជា រដ្ឋលេខាធិការ ឬជារដ្ឋមន្ត្រីស្តីទី នៃក្រសួងត្រាវ៉ូ កាលណាមក ក្រុមហ៊ុន AZ មិនត្រឹមតែមិនកាត់បន្ថយ ការយកលុយពី ប្រជាពលរដ្ឋម្ចាស់ឆ្នោត ឱ្យតិចជាងមុនប៉ុណ្ណោះទេ គឺពួកគេថែមទាំងនាំគ្នា កសាងបន្ថែមទៀត នូវកុងត្រូលថ្មីៗរបស់ខ្លួន នៅលើផ្លូវជាតិលេខ៤ ដើម្បីស្ទាក់យកលុយ ពីប្រជាពលរដ្ឋម្ចាស់ឆ្នោត កាន់តែច្រើនឡើង ជាងពេលមុនទៅទៀតផង ។ម្ចាស់ឆ្នោតបាននិយាយថា កាលមុនពេលបោះឆ្នោត បើរាជរដ្ឋាភិបាលកម្ពុជា បានបញ្ឈប់មិនឱ្យក្រុមហ៊ុន AZ បន្តយកលុយកាក់ ពីអ្នកធ្វើដំណើរ នៅតាមផ្លូវជាតិលេខ៤ តទៅទៀតនោះ ម្លេះសមមិនបានធ្វើឲ្យ គណបក្សកាន់អំណាច មិនត្រឹមតែអត់បាត់បង់សន្លឹកឆ្នោត រហូតដល់ទៅជាង ២០អសនៈ ប៉ុណ្ណោះទេ ផ្ទុយទៅវិញ ថែមទាំងបាន ធ្វើឲ្យគណបក្សនេះ កាន់តែទទួលបានការគាំទ្រ ច្រើនឡើងៗទៀតផង ។ អញ្ចឹងទេ មានបងប្អូនមួយចំនួន បាននិយាយថា ចង់ ឬមិនចង់… គេអាចនិយាយបានថា ការដែលក្រុមហ៊ុន AZ ដាក់កុងត្រូលប្រមូលលុយប្រជារាស្ត្រ ប្រជាជន ប្រជាពលរដ្ឋម្ចាស់ឆ្នោត នៅលើផ្លូវជាតិលេខ៤នោះ ក៍អាចជាចំណែកមួយ ដែលបានធ្វើឲ្យ គណបក្សកាន់អំណាច បាត់បង់សន្លឹកឆ្នោត មិនតិចកៅអីរដ្ឋសភាដែរ ៕