សេចក្តីរាយការណ៍ពីខេត្តកោះកុងបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានទូកដឹកប្រេងគេចពន្ធ ក៏ដូចជាទំនិញចម្រុះត្រូវបានក្រុមឈ្មួញដឹកជញ្ជូនមកពីស្រុកសៀម ចូលទឹកដីខេត្តកោះកុង តាមដែនសមុទ្រ យ៉ាងអនាធិបតេយ្យបំផុត គេមិនដែលឃើញជំនាញគយរបស់លោក ប៉ាង វ៉ាន់ថន និងសមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់បង្ក្រាបការរត់ពន្ធទំនិញ ខុសច្បាប់នេះទេ។
មេឈ្មួញដ៏មានឥទ្ធិពលម្នាក់ឈ្មោះ យឹម ផេង ហៅរស្មី ជាមន្ត្រីនគរបាលពាក់ស័ក្តិ៤ មានតួនាទីជានាយរងទទួលបន្ទុកផែនកណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាននរគបាលខេត្តកោះកុង បានក្លាយជាមេឈ្មួញធំជាងគេ ក្នុងការរកស៊ីនាំ ចូលប្រេងសាំងតាមដែនសមុទ្រយកមកលក់ចែកចាយនៅពាសពេញខេត្តកោះកុង គ្មាននរណាហ៊ានបង្រ្កាប់ឡើយ។
លោក យឹម ផេង បានបើកស្ថានីយ៍លក់ប្រេងគេចពន្ធដ៏ធំមួយកន្លែង ស្ថិតនៅតាមដងផ្លូវជាតិលេខ៤៨ ដោយយកឈ្មោះក្រុមហ៊ុនប្រេងស្របច្បាប់មកធ្វើជាខែល ប៉ុន្តែរឿងពិតគឺស្ថានីយ៍ប្រេងឥន្ធនៈមួយនោះ លក់ចែកចាយប្រេងសាំងគេចពន្ធ ដែលលោក យឹម ផេង នាំចូលតាមដែនសមុទ្រ ក្នុងមួយថ្ងៃៗរាប់ម៉ឺនលីត្រ ដោយដឹកជញ្ជូនតាមទូកធំៗ។ ក្រៅពីជំនួញនាំចូលប្រេងសាំងគេចពន្ធ គេដឹងថាលោក យឹម ផេង ក៏មានពាក់ព័ន្ធនឹងការនាំចូលគ្រឿងទេស និងទំនិញចម្រុះមកពីស្រុកសៀម យកមកលក់ចែកចាយលើទឹកដីខេត្តកោះកុង ដោយមិនមានការបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវនោះទេ គឺរាប់សិបឆ្នាំមកហើយ ដែលលោក យឹម ផេង រួមទាំងភរិយារបស់គាត់បានក្លាយជាមេឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ ដ៏មានឥទ្ធិពល គ្មាននរណាហ៊ានប៉ះពាល់ក៏ព្រោះតែលោក យឹម ផេង បានចាត់ចែងចំណាយលុយកាក់បង់ជូនជំនាញគយ និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីកុំឲ្យទៅរំខានអាជីពរកស៊ីនាំចូល ទំនិញគេចពន្ធរបស់គាត់។
សូម្បីតែលោកគយចល័តដែលប្រចាំការលើផ្ទៃសមុទ្រ នៅចំណុចមាត់ច្រកប៉ាក់ខ្លង គឺលោក ឱម ស៊ីនួន និងលោក ម៉ៅ ទ័រ រួមទាំងសមត្ថកិច្ចប្រចាំច្រកព្រំដែនទាំងនោះ សុទ្ធតែទទួលបានផលប្រយោជន៍ពីអាជីពរកស៊ីនាំចូលទំនិញគេចពន្ធរបស់លោក យឹម ផេង ទើបមិនដែលមាននរ ណាហ៊ានហើបមាត់ ។
ពាក់ព័ន្ធនឹងករណីដែលគ្មានការបង្ក្រាបអំពើរត់ពន្ធទំនិញយ៉ាង អនាធិបតេយ្យក្នុងដែនសមុទ្រ ក្នុងទឹកដី ខេត្តកោះកុង ត្រូវបានជំនាញគយមួយចំនួនលើកឡើងថា ឈ្មួញជាច្រើនសុទ្ធសឹងជាមន្ត្រីរាជការនិងប្រើស្បែកជា កម្លាំងប្រដាប់អាវុធទើបមានការយោគយល់គ្មានការបង្ក្រាបសុខចិត្តទទួល យកលុយជាប្រចាំជើងឬប្រចាំខែពីក្រុមឈ្មួញ ៕