មេឈ្មួញ​ឈើធំដុះ​ស្លែរឈ្មោះ​ សឹង ​សំអុលអាច​គេចផុតពី​សំណាញ់​ច្បាប់ដែរឬអត់​ប្រជាជន​ខ្មែររង​ចាំ​​មើល​?

ប្រភពពី​មន្ត្រី​នៅ​ ក្រសួងមហាផ្ទៃបាន​ឲ្យ​ដឹងថា​ កន្លងមក​អគ្គស្ន​ង​ការ​នគរបាលជាតិ  ក៏បាន​កោះហៅ​មេ​ឈ្មួញ  សឹង សំអុល ឲ្យ​ចូល​ បំភ្លឺ​ផងដែរ​ទាក់ទង​ ទៅនឹង​សកម្មភាព​ ដឹកជញ្ជូន​ឈើ​ចេញទៅ ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក  ហើយ​ឈ្មួញ​រូប នេះ​មាន ឈ្មោះ  ក្នុង​បញ្ជីខ្មៅ​របស់លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។  ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ មេ​ឈ្មួញ សឹង សំអុល  នៅតែ​អាច​គេច​ផុត ពី​សំណាញ់​ច្បាប់ ហើយ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ទៅ​ស្រុក​យួន​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង​៧០០០​ហិកតា​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ពុំមាន​សល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ឡើយ​។ មានន័យថា​ឈើ​ដែល​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​សព្វថ្ងៃនេះ គឺជា​ឈើ​កាប់​ចេញពី​ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផងដែរ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​មេ​ឈ្មួញ សឹង សំអុល នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក។

តាម​ប្រភពពី​មន្ត្រី​តុលាការខេត្ត​មណ្ឌលគិរី បាន​បង្ហើប​ឲ្យ​ដឹងថា​មេ​ឈ្មួញ សឹង សំអុល (​ឧកញ៉ា សឹង សំអុល​) ដែល​ល្បីល្បាញ​ខាង​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​អាច​ត្រូវ​ប្រឈម​នឹង​ការផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ តាម​មាត្រា​៩៧ ច្បាប់​ស្ដីពី​ព្រៃឈើ​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ ប្រមូល កែច្នៃ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ បទល្មើស​នោះ​កើតឡើង​ក្នុង​ទីតាំង​ក្រុមហ៊ុន​ដាយ​ថា​ន់ កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៧ ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ និង​កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី បង្ក្រាប​នៅ​ទីតាំង​នោះ​តែម្តង​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ដើម្បី​ចង់ដឹងថា​មេ​ឈ្មួញ សឹង សំអុល ត្រូវ​ទទួលទោស​តាមច្បាប់​ដែរឬទេ​? ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ដែលជា​មន្ត្រីជាន់ខ្ពស់​ស្និទ្ធ​មេដឹកនាំ​កំពូល​។​

​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ លោក ស៊ុយ សុភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី បានចេញ​ដីការ​កោះហៅ​ឲ្យ​ឈ្មោះ សឹង សំអុល ចូលខ្លួន​មក​បំភ្លឺ​ពី​ដំណើររឿង​ការកាប់បំផ្លាញ​ប្រមូល​កែច្នៃ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧ តាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៣៧ ចុះ​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៦​។ ប៉ុន្តែ​ជនជាប់ចោទ​ឈ្មោះ សឹង សំអុល មិនបាន​ចូលខ្លួន​តាម​ការកំណត់​នោះទេ ហើយ​មេធាវី​បាន​អះអាងថា​ជនជាប់ចោទ​ឈ្មោះ សឹង សំអុល មាន​ជំងឺ​ត្រូ​វះកាត់​របួស​ជើង​។ ក្នុងខណៈដែល​មេ​ឈ្មួញ សឹង សំអុល មិន​ចូល​បំភ្លឺ​ក្នុង​តុលាការ​តាម​ការកំណត់​របស់​ចៅក្រម គឺ​ឈ្មួញ​រូបនេះ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​វាយតម្លៃ​ទុកជាមុន​ថា​មេ​ឈ្មួញ សឹង សំអុល នឹង​គេច​ផុតពី​សំណាញ់​ច្បាប់​ព្រោះ​ឈ្មួញ​រូបនេះ​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​ខ្លួនគ្រប់ពេល? ។​បឋម

23435063_1409324649190224_6383428546970320612_n 23517851_1409324645856891_6597509281268640668_n