សកម្មភា​ពកាប់បំផ្លាញ​ព្រៃឈើខុស​ច្បាប់និង​ដឹកជញ្ជូន​ឈើចេញពី​ព្រៃព្រះរកា​កើតឡើ​ង​ពេញប​ន្ទុក

ប្រជា​សហគមន៍​ការពារ​ព្រៃ​ ព្រះ​រកា​ក្នុងស្រុក​ត្បែងមានជ័យ  ក៏បាន​ឲ្យ​ដឹង​ដែរ​ថា  ឈ្មួញ​និង​ក្រុម​ជនល្មើស​ ដែលមាន​ការឃុប ឃិត​ជាមួយ ​មន្ត្រី​បរិស្ថាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ  កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ ​និង​ដឹកឈើ​ចេញពី​ព្រៃ​ យ៉ាង​គគ្រឹកគគ្រេង  ធ្វើ​ឲ្យ​ព្រៃ​ព្រះ​ រកា​កំពុង​ប្រឈម​នឹង​ សេចក្ដី​វិនាស​។  រីឯ​ប្រភពពី​ប្រជា​សហគមន៍ ​ការពារ​ព្រៃ​ព្រះ​រកា​នៅ​ស្រុក​ជាំ​ក្សាន្ត បាន​ឲ្យ​ដឹងថា ភាគ​ខាងជើង​ឆៀង​ខាងកើត​នៃ​ព្រៃ​ព្រះ​រកា​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​មាន​មន្ត្រី​យោធា​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ទៀតផង​។ ប្រការនេះ​ជា​រឿង​ដែល​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ព្រៃ​ព្រះ​រកា​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ហើយ​មន្ត្រី​បរិស្ថាន គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​និង​ក្រុម​ជនល្មើស​កាប់​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​កា​ប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ហើយ​មិនឃើញ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះឡើយ​។ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ត្រូវ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទាំង​៣​ខាងលើ​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​កាប់​ឈើ​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​តំបន់​ព្រៃ​ព្រះ​រកា​នោះទេ​។ ផ្ទុយទៅវិញ​មន្ត្រី​បរិស្ថាន​ការពារ​ព្រៃ​ព្រះ​រកា គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

មន្ត្រី​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ព្រៃ​ព្រះ​រកា​ដែលមាន​ទំហំ​ប្រមាណ​៩៨០០០​ហិកតា​ជាប់​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ព្រោះ​ឈ្មួញ​ធំៗ​នៅតែ​អាច​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា​យ៉ាង​គគ្រឹកគគ្រេង​។ សកម្មជន​ព្រៃឈើ​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ឆែប បាន​ឲ្យ​ដឹងថា នៅពេល​ប្រជាពលរដ្ឋ​ចូល​ព្រៃ​កាប់​អុស​កាប់​ឈើ​បន្តិចបន្តួច​ត្រូវ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា​នគរបាល អាវុធហត្ថ ចាត់វិធានការ​បង្ក្រាប​ដោយ​គ្មាន​ការយោគយល់​ឡើយ​។ ចំណែក​ក្រុមហ៊ុន​និង​ឈ្មួញ​មួយចំនួន​ដែល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា​ដោយ​ប្រើប្រាស់​រថយន្ត​ធំៗ មិនឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។បឋម

8cb2a4ff-c218-4581-b44b-957d597a5a39 newsnews