ប្រភពព័ត៌មានបាននិយាយថា បើបន្ទោសតែលើមន្ត្រីជំនាញនៅ តាមខេត្តក៏ពិបាកដែរ ព្រោះវាទាក់ទង នឹងគោលនយោបាយរដ្ឋាភិបាល ដឹកនាំប្រទេសទាំងមូល ។ ប្រភពដដែលបានបន្តថា នៅប្រទេសសៀមជាប់កម្ពុជា គេរីកចម្រើនខ្លាំងខាង កសិកម្ម ព្រោះរដ្ឋាភិបាលគេច្បាស់លាស់និងរឹងមាំ ដោយគេបណ្តុះបណ្តាលកសិករឲ្យចេះបច្ចេកទេសកសិកម្ម ផ្តល់ពូជ ផ្តល់ទុន ជួយប្រមូលផល ជួយរកទីផ្សារ ធារាស្ត្រគេខ្វាត់ខ្វែងពេញផ្ទៃប្រទេស តម្លៃអគ្គិសនីក៏ថោកគ្រប់ទីកន្លែង ការដឹកនាំជញ្ជូនក៏ល្អប្រសើរ និងធានាថ្លៃកសិផលជាដើម។
ប្រជាកសិករនៅខេត្តព្រះវិហារ បានសម្តែងការសោកស្តាយថា អាជ្ញាធរនិងមន្ត្រីជំនាញនៅខេត្តព្រះវិហារ មិនបានដោះស្រាយបញ្ហាជូនពួកគាត់ដូចតួនាទីរបស់ពួកគេដែលបានកំណត់ដោយច្បាប់នោះទេ។ ប្រភពដដែលបានបញ្ជាក់ថា មន្ត្រីមន្ទីរកសិកម្មខេត្តព្រះវិហារ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតគិតតែរឿងបើកប្រាក់ខែពីរដ្ឋ និងរកប្រាក់តាមធ្យោបាយផ្សេងៗដោយគ្មានខ្វល់ខ្វាយពីទុក្ខលំបាករបស់កសិករ និងប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការលំបាកក្នុងវិស័យកសិកម្មឡើយ។
ជាក់ស្តែងសព្វថ្ងៃនេះដំឡូងមី ពោត ល្ង និងពិសេសនោះសណ្តែកខៀវ ដែលកសិករនៅខេត្តព្រះវិហារ ដាំដុះនិងប្រមូលផលបាននោះគ្មានទីផ្សារលក់ចេញឡើយ ហើយបើមានគឺលក់បានក្នុងតម្លៃថោកៗមិនបានរួចដើមថ្លៃផលិត និងដឹកជញ្ជូនផង។ ប្រជាពលរដ្ឋដែលប្រករបរកសិកម្មតាមបណ្តាស្រុកនានាក្នុងខេត្តព្រះវិហារ បានអះអាងថាមន្ត្រីមន្ទីរកសិកម្មខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់លោក ពឹង ធីដា ដូចជាគ្មានបានដោះស្រាយបញ្ហាអ្វីជូនប្រជាពលរដ្ឋទាល់តែសោះ គឺទុកឲ្យពលរដ្ឋ និងកសិកររស់នៅនិងប្រកបអាជីពតាមយថាកម្ម ហើយដោយសារតែបញ្ហានេះទើបធ្វើឲ្យកសិករត្រូវក្ស័យធន និងធ្វើចំណាកស្រុក។
ពាក់ព័ន្ធបញ្ហាកសិកម្មនេះ អតីតរាជការនៃមន្ទីរកសិកម្មខេត្តព្រះវិហារ ម្នាក់បានបញ្ជាក់ថា ទឹកដីនៃខេត្តព្រះវិហារ ជាខេត្តមួយដែលមានសក្តានុពលខ្លាំងខាងដំណាំកសិកម្មគ្រប់ប្រភេទដោយប្រជាពលរដ្ឋក្នុងខេត្តមួយនេះភាគច្រើនប្រកបរបរកសិកម្ម ។ ទន្ទឹមនឹងនេះស្ថានភាពភូមិសាស្ត្រ និងដីធ្លីនៅខេត្តព្រះវិហារក៏មានជីវជាតិល្អដែលធ្វើឲ្យពួកគាត់ងាយស្រួលក្នុងការងារបង្កបង្កើនផល ក៏ប៉ុន្តែកត្តាម្យ៉ាងដែលនឹងធ្វើឲ្យ ពលរដ្ឋក្នុងខេត្តព្រះវិហារ មានការខកចិត្តនោះគឺទាក់ទងនឹងតម្លៃទីផ្សារកសិផល និងការដឹកជញ្ជូន។បឋម