ភ្នំពេញៈ ពាក្យដែលហៅថា “ឧកញ៉ា” នៅក្នុងស្រុកខ្មែរសព្វថ្ងៃ គេតែងឲ្យនិយមយជាសាមញ្ញថា ជាអ្នកមាន ។ តែអ្នកមាននេះ គ្រាន់តែសំដៅទៅលើ អ្នកមានលុយកកាក់ ទ្រព្យសម្បត្តិស្ដុកស្ដម្ភ មហាសាលតែប៉ុណ្ណោះ ពោលគឺជាទូទៅគេមិនមែនសម្គាល់ថា ជាអ្នកមានចំណេះដឹង, អ្នកមានឧត្តមគតិខ្ពស់, អ្នកមានឆន្ទៈខ្ពស់, អ្នកមានចិត្តអាណិតស្រឡាញ់ជាតិ ឬអ្នកមានបេះដូង ចេះគិត ចេះព្រួយបារម្ភ អំពីផលប្រយោជន៍ជាតិ… ជាដើមនោះទេ ។ ព្រោះថា សម័យបច្ចុប្បន្ន ឲ្យតែមានលុយ អ្នកណាៗក៍អាចធ្វើ ឬទទួលបានគោរមងារជា “ឧកញ៉ា” បានយ៉ាងស្រួលដែរ ទោះបីជននោះមិនចេះអក្សរ ឬចូលចិត្តប្រកបមុខរបរ ដែលប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិក៍ដោយ ។ជាក់ស្ដែង ឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ ត្រូវបានមហាជននាំគ្នារិះគន់យ៉ាងខ្លាំង ជាច្រើនឆ្នាំមកហើយ ពាក់ព័ន្ធនឹងការប្រកបមុខរបររបស់គាត់ដូចជា ការរកស៊ីជំនួញឈើប្រណីតយ៉ាងល្បីឈ្មោះ នៅក្នុងខេត្តពោធិ៍សាត់ និងកោះកុងកន្លងមក ។ លើសពីនេះ គាត់ (ឧកញ៉ា ទ្រី ភាព) ថែមទាំងបានប្រមូលទិញឈើផ្តាច់មុខ ពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច នៅក្នុងខេត្តរតនគិរី និងនៅស្រុករវៀង, ស្រុកជ័យសែន ក្នុងខេត្តព្រះវិហារ, ការកាប់បំផ្លាញព្រៃឈើ នៅក្នុងដីសម្បទានសេដ្ឋកិច្ច ជម្រកសត្វព្រៃបឹងពែរ ក្នុងខេត្តព្រះវិហារ និង នៅដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ដើម្បីដឹកជញ្ជូនឈើ ស្ទើររលាយហិនហោចអស់ពីកម្ពុជា យកទៅលក់នៅស្រុកយួន បម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទៀតផង ។
មិនត្រឹមតែប៉ុណ្ណឹង ឥឡូវនេះតាមព័ត៍មានថ្មីៗបានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៍បានអនុញ្ញាតឲ្យក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ របស់ឧកញ៉ាទ្រី ភាព ទទួលបានសិទ្ធិពិសេសបំផុតមួយទៀតហើយ ក្នុងការប្រមូល និងកែច្នៃវល្លិរមៀតនៅក្នុងអាងស្តុកទឹក វារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅក្នុងជួរភ្នំក្រវាញ ភាគកណ្តាលស្រុកវាលវែងខេត្តពោធិ៍សាត់ ។ ដែលវល្លិរមៀតនេះ ក្រសួងមហាផ្ទៃបានធ្វើការហាមឃាត់ តាំងពីឆ្នាំ២០០៥ មកម្លេះ ដោយចាត់ទុកថា វាជាសារធាតុផ្សំអាចផលិតជាគ្រឿងញៀនបាន… ដែលមិនអនុញ្ញាតឲ្យមានការផលិតកែឆ្នៃ ឬធ្វើចរាចរនោះទេ ។ ប៉ុន្តែការហាមប្រាម របស់ក្រសួងមហាផ្ទៃកម្ពុជា មិនមានប្រសិទ្ធភាពឡើយ ចំពោះមហិច្ឆតាឥតព្រំដែនរបស់ឧកញ៉ាទ្រី ភាព ដែលចូលចិត្តប្រព្រិត្តមុខរបរ ដែលរដ្ឋហាមឃាត់បែបនេះ ។
ពាក់ព័ន្ធនឹងការអនុញ្ញាត ឲ្យក្រុមហ៊ុនរបស់ឧកញ៉ាទ្រី ភាព ប្រមូល និងកែច្នៃវល្លិរមៀតនេះដែរគេឃើញមានលិខិតស៊ីញ៉េនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ ដោយលោក ឡោ រស្មី អគ្គលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ជូនទៅលោក ឆេង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើ ដោយយោងតាមចំណារចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ លិខិតនោះបានសរសេរ ជម្រាបជូនប្រធានរដ្ឋបាលព្រៃឈើ អំពីសំណើសុំគោលការណ៍អនុញ្ញាតប្រមូល និងកែចៃ្នវល្លិរមៀតនៅក្នុងអាងស្តុកទឹកវារីអគ្គិសនីស្ទឹងអាតៃ របស់ក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចឯកភាព និងសុំមតិបន្ថែមពីរដ្ឋបាលព្រៃឈើ ។
មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក ឈឹម សាវុធ ដែលបានធ្វើការស្រាវជ្រាវបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញបាននិយាយថា លិខិតអនុញ្ញាតដែលចេញឲ្យឧកញ៉ា ទ្រី ភាព ប្រមូលទិញ និងកែច្នៃរល្លិ៍រមៀត ព្រមទាំងបង្កើតរោងកែច្នៃវល្លិរមៀតនោះ គឺល្មើសទៅនឹងច្បាប់ទាំងស្រុង ព្រោះបើតាមច្បាប់ព្រៃឈើឆ្នាំ២០០២ គឺហាមឃាត់ដាច់ខាតមិនឲ្យមានការបង្កើតរោងចក្រផលិតម្សៅវល្លិរមៀតនោះទេ។
នៅក្នុងជំពូកទី១៥ មាត្រាទី៩៧ នៃច្បាប់ព្រៃឈើ ស្ដីពីបទល្មើសព្រៃឈើ និងទោសប្បញ្ញត្តិ បានចែងថា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពីប្រាំឆ្នាំទៅដប់ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ ដកហូតកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងកម្ទេចចោល វត្ថុតាងក្លែងចំពោះជនណា ដែលបានប្រព្រឹត្តបទល្មើស ណាមួយដូចជាបង្កើត មូលដ្ឋានកែច្នៃវល្លិរមៀត ឬមូលដ្ឋានសិប្បកម្ម អនុផលព្រៃឈើផ្សេងទៀតដែលនាំមកនូវការបំផ្លាញព្រៃឈើ និងមជ្ឈដ្ឋានព្រៃឈើ ។ ជនណាប្រព្រឹត្តបទល្មើសថ្នាក់ទី១ មិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដង នៃបទល្មើសថ្នាក់ទី១ នៃច្បាប់នេះ ។
ដោយឡែក កាលពីថ្ងៃទី៦ ខែតុលាឆ្នាំ ២០០៥ ក្រសួងមហាផ្ទៃបានធ្វើលិខិត ស្នើសុំឲ្យអគ្គលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់ដំបូន្មានទៅប្រធានរដ្ឋបាលព្រៃឈើ បញ្ឈប់ជាបន្ទាន់ នូវការផលិតប្រេងម្រះព្រៅ និងវល្លិរមៀត ដោយសារតែវាជាធាតុផ្សំ អាចផលិតគ្រឿងញៀន ពេលដែលលាយជាមួយអាស៊ីត ៕ ដោយ៖ ករុណា

|