ប្រជានេសាទនៅស្រុកមោងប្ញស្សី បានដឹងថាបើពួកគាត់ជាពលរដ្ឋនេសាទស្របច្បាប់ និងនេសាទជាលក្ខណៈគ្រួសារដើម្បីបានផលត្រីទទួលទាន និងយកទៅលក់ខ្លះបានប្រាក់ផ្គត់ផ្គង់ជីវភាពនោះ គឺមន្ត្រីជំនាញក្រោមឱវាទរបស់លោក នឹម សោម តែងតែចាត់វិធានការទប់ស្កាត់ដោយយកច្បាប់អះអាងភ្លាមៗ។ តែបើក្រុមឈ្មួញខិលខូចដែលបង់លុយរាប់លានរៀលឲ្យលោក នឹម សោម និងបក្ខពួកគឺមន្ត្រីជំនាញទាំងនោះមិនបានទប់ស្កាត់ ឬចាត់វិធានការច្បាប់ដើម្បីបង្ក្រាបដូចការបង្ក្រាបលើពលរដ្ឋឡើយព្រោះជាឆ្នាំងបាយ។
ប្រជានេសាទក្នុងស្រុកមោងប្ញស្សី ខេត្តបាត់ដំបង បានបញ្ជាក់នៅថ្ងៃនេះថា ក្នុងមូលដ្ឋានរបស់ពួកគាត់កំពុងមានបទល្មើសនេសាទកើនឡើងយ៉ាងខ្លាំងនៅរដូវទឹកសម្រកនេះ ហើយបទល្មើសទាំងនោះក៏មានជាក់ពាក់ព័ន្ធជាមួយមន្ត្រីពុករលួយជាច្រើននាក់ ។ ប្រភពដដែលបានបញ្ជាក់ថា អាជ្ញាធរស្រុកនិងអាជ្ញាធរខេត្ត មិនទាន់ចាត់វិធានការមានប្រសិទ្ធភាពប្រឆាំងនឹងមន្ត្រីពុករលួយ ព្រមទាំងឈ្មួញខិលខូចនៅឡើយទេទុកឲឈ្មួញទាំងនោះធ្វើអ្វីៗស្រេចតែអំពើចិត្ត។
នាយសង្កាត់រដ្ឋបាលជលផលស្រុកមោងឫស្សីលោក នឹម សោម បានបើកដៃឲ្យក្រុមឈ្មួញប្រព្រឹត្តបទល្មើសនេសាទ នេះគឺជាការបញ្ជាក់របស់ប្រជានេសាទនៅស្រុកមោងប្ញស្សី។ ប្រភពដដែលបានបន្តថា ជនល្មើសដែលប្រព្រឹត្តបទល្មើសនេសាទនៅតំបន់សម្បូរត្រីនានានោះ គឺបានសូកប៉ាន់ និងផ្តល់ផលប្រយោជន៍ដល់មន្ត្រីពុករលួយដែលក្នុងនោះមានការផ្តល់ជាត្រីល្អៗ និងធំៗផងដែរ ហើយអ្នកទទួលបានផលប្រយោជន៍ច្រើនជាងគេគឺលោក នឹម សោម នាយសង្កាត់ជលផលស្រុកមោងប្ញស្សី ដែលកំពុងសើមមាត់សើមកជារាល់ថ្ងៃរាល់ឆ្នាំ។
ប្រជានេសាទនៅស្រុកមោងប្ញស្សី បានស្នើសុំឲ្យមន្ត្រីជំនាញថ្នាក់ខេត្ត និងកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបទល្មើសនេសាទក្នុងស្រុកមោងឫស្សី ដែលមានលោកនាយសង្កាត់ជលផលស្រុកមោងឫស្សី ឈ្មោះ នឹម សោម ជាអ្នកឃុបឃិតជាមួយជនល្មើសជាបន្ទាន់ព្រោះលោក នឹម សោម និងបក្ខពួកបានបើកដៃឲ្យក្រុមឈ្មួញនិងជមល្មើសប្រមាណជាង១០០នាក់ ដាក់ណររ៉ាវ ច្ប ក្នុងទ្រង់ទ្រាយធំ នៅក្នុងតំបន់៣និងតំបន់ផ្សេងទៀត ដែលជាតំបន់ការពារធនធានមច្ឆជាតិ ហើយបញ្ហានេះទំនងជាមានមន្ត្រីជំនាញ ឬសមត្ថកិច្ចមួយចំនួនទៀតជាអ្នកឃុបឃិតផងដែរ ព្រោះបើមានតែលោក នឹម សោម ម្នាក់ឯងក៏មិនអាចទៅរួចដែរពោលគឺ ជាលក្ខណៈប្រព័ន្ធតែម្តង៕