ចាប់ពីថ្ងៃទី១០ ខែមករាគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើការប្រមូលផ្តុំនៅតាមបណ្តាខេត្តចំនួន៣ គឺខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីជួបជាមួយសមាជិកសមាជិកា និងអ្នកគាំទ្រក្នុងការ បង្ហាញពីគោលជំហរគណបក្ស។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជួបជាមួយអ្នកគាំទ្រ ដែលរំពឹងថានឹងមានអ្នកចូលរួមលើសពី៣ម៉ឺននាក់។លោកបន្ដថា លោក សម រង្ស៊ី និងលោក កឹមសុខា នឹងនិយាយរៀបរាប់ពីស្ថានភាពនយោបាយ គោលជំហរគណបក្ស និងការប្រើហិង្សាមកលើបាតុកររបស់កងកម្លាំងសមត្ថកិច្ចរដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា ការធ្វើមហាបាតុកម្មនៅតាមបណ្ដាខេត្ត គណបក្សមិនចាំបាច់ជូនដំណឹងដល់ក្រសួងមហាផ្ទៃទេ តែជូនដំណឹងដល់ថ្នាក់ដឹកនាំខេត្ត ឲ្យបានដឹងមុនរយៈពេល៧ថ្ងៃ មុននឹងធ្វើមហាបាតុកម្ម។ តាមកាលវិភាគនៃការជួបជុំ នៅថ្ងៃសុក្រទី១០ ខែមករា ម៉ោង៨និង៣០នាទី លោក សម រង្ស៊ី និងលោក កឹម សុខា ទៅភូមិកក្រាញ់ ក្រុងសៀមរាប ទល់មុខវត្តគង់មុច ខេត្តសៀមរាប នៅថ្ងៃសៅរ៍ ទី១១ ខែមករា ម៉ោង៨ព្រឹក ទៅភូមិអូអំពិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ និងនៅថ្ងៃទី១២ ខែមករា ម៉ោង៧និង៣០នាទីព្រឹក ទៅភូមិ អូរតាគាំ២ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការប្រកាសជួបជុំនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ច បានចុះទៅបង្ក្រាបបាតុករនៅទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ និងប្រកាសមិនឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មតទៅទៀត រហូតដល់ស្ថានការណ៍មានភាពធូរស្រាល៕