អ្នករាយការណ៍ពិសេស អ.ស.ប នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង

ភ្នំពេញ: ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី តំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា នឹង​អមដំណើរ​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ វេលា​ម៉ោង ១០ ព្រឹក តាម​ដីកាកោះ​របស់​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៤ បានធ្វើ​ឡើង បន្ទាប់ពី​មាន​សេចក្តីប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ូ​ប៊ែ​ឌី មកកាន់​កម្ពុជា ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៤​។

​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ត្រូវបាន​ព្រះរាជអាជ្ញារង តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ ចេញ​ដីកា​ដាច់ដោយឡែក​ពីគ្នា កោះហៅ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ ដើម្បី​ឲ្យ​ចូល​ឆ្លើយបំភ្លឺ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ ជុំវិញ​បទចោទប្រកាន់​ពីបទ ស្តីពី ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​

​ការចោទប្រកាន់ លើ​មេដឹកនាំ​គណបក្សប្រឆាំង​នោះ បានកើត​ឡើង ក្រោយពី​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា បាន​ដឹកនាំ​ធ្វើបាតុកម្ម​តវ៉ា ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត ហើយ​រាលដាល​ដល់​ការតវ៉ា​ទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ នាំ​ឲ្យ​មានការ​ប៉ះទង្គិច​ដោយ​ហិង្សា កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣​មករា ដែល​នាំ​ឲ្យ​កម្មករ​យ៉ាងហោចណាស់ ៤ ទៅ ៥ នាក់ បាន​ស្លាប់ របួស​ជាង ៤០ នាក់ និង​ចាប់ខ្លួន​បាតុករ សរុប ២៣ នាក់​៕

3244