នាយករដ្ឋមន្ត្រីថៃបដិសេធម្តងទៀតមិនលាលែងពីមុខដំណែង ពួកប្រឆាំងគម្រាមចាប់ខ្លួនលោកស្រី

នាយករដ្ឋមន្ត្រី​ថៃ​កាលពី​ថ្ងៃ​អង្គារ​ទី​១៤ ខែមករា បាន​និយាយ​ម្តង​ទៀត​ថា លោកស្រី​និង​មិន​ចាកចេញ​ពីមុខ​ដំណែង​ឡើយ ខណៈ​ដែល​ពួក​បាតុករ​ស្វែងរក​បណ្ដេញ​លោកស្រី ដោយ​បាន​រាំង​ខ្ទប់​ផ្លូវថ្នល់​សំខាន់ៗ នៅ​កណ្តាល​រាជធានី​បាងកក​នៅ​ថ្ងៃទី​២ បណ្តាល​ឲ្យ​វិបត្តិ​នយោបាយ​របស់​ប្រទេស​ស្ថិតនៅក្នុង​សភាព​ទាល់ច្រក​យ៉ាងខ្លាំង។

បាតុករ​បាន​សន្យា បិទ​ទីក្រុង ដែល​មាន​ប្រជាជន​១២​លាន​នាក់​នេះ ប៉ុន្តែ​ជីវិត​នៅក្នុង​ភាគច្រើន​នៃ​ទីក្រុង​ធំ​នេះ មិន​មាន​ការ​ប៉ះពាល់​ទេ ដោយ​សាលារៀន​ជាច្រើន​បាន​ចាប់ផ្តើម​ចូលរៀន​វិញ អ្នកធ្វើការ​ទៅ​ធ្វើ​ការ​ធម្មតា និង​ពាណិជ្ជកម្ម​ភាគច្រើន​បាន​បើក​ដំណើរការ។

ទោះជា​យ៉ាងណាក៏ដោយ​ក៏​មាន​ការ​កើនឡើង​នូវ​ការសង្ស័យ​ផង​ដែរ​ថា ការបោះឆ្នោត​និង​ប្រព្រឹត្តទៅ និង​ទាំង​បាតុករ និង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ប្រឆាំង​កំពុង​អំពាវនាវ​ដើម្បី​ធ្វើ​ពហិការ​ការបោះឆ្នោត​នេះ។ ពួក​ប្រឆាំង​លោកស្រី​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​កំពុងតែ​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្ត្រី​លាលែង​ពីមុខ​ដំណែង ដើម្បី​ឲ្យ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ​ដែល​មិន​មាន​ការបោះឆ្នោត​អាច​ធ្វើ​ការ​ជំនួស​និង​ធ្វើការ​កែទម្រង់​នៅមុន​ពេល​ការបោះឆ្នោត​ថ្មី​ណាមួយ​ប្រព្រឹត្ត​ធ្វើឡើង។

លោកស្រី​យី​ង​ឡាក់​បាន​ថ្លែងប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា «​ខ្ញុំ​បាន​សង្កត់​ជាច្រើន​ដង​ហើយ​ថា ខ្ញុំ​មាន​ភារកិច្ច​មួយ​ដើម្បី​ធ្វើ​សកម្មភាព ស្រប​ទៅ​តាម​ការ​ទទួល​ខុសត្រូវ​របស់ខ្ញុំ​បន្ទាប់ពី​ការ​រំលាយ​សភា​នោះ​មក។ ខ្ញុំ​សូម​និយាយ​នៅពេល​ឥឡូវនេះ​ថា ខ្ញុំ​មិនមែន​រក្សា​មុខ​ដំណែង​របស់ខ្ញុំ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​រក្សា​ស្ថិរភាព​នយោបាយ ខ្ញុំ​កំពុង​បំពេញភារកិច្ច​របស់ខ្ញុំ​ដើម្បី​ការពារ​ប្រជាធិបតេយ្យ​»។

លោកស្រី​យី​ង​ឡាក់​បាន​ស្នើ​ឲ្យ​មានការ​ជួបជុំគ្នា នៅក្នុង​ថ្ងៃ​ពុធ​ជាមួយ​ក្រុម​ផ្សេងៗ ដោយ​រួម​ទាំង​ពួក​ប្រឆាំង​លោកស្រី​នោះ​ផង ដើម្បី​ពិភាក្សា​អំពី​សំណើ​របស់​គណៈកម្មការ​បោះឆ្នោត​ដើម្បី​ឲ្យ​លើក​ពេល​ការបោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ខែកុម្ភៈ។ ប៉ុន្តែ​មេដឹកនាំ​បាតុកម្ម​លោក​ស៊ូ​ថេប ថក​ស៊ូ​បាន អ្នក​ប្រជាធិបតេយ្យ និង​ថែមទាំង​គណៈកម្មការ​បោះ​ឆ្នោត​នោះ​ផង បាន​បដិសេធ​មិន​ចូលរួម​ទេ។

លោកស្រី​យី​ង​ឡាក់​បាន​បន្ត​ថា ភាគី​ទាំងអស់​ត្រូវការ​ពិភាក្សា​អំពី​ការកែទម្រង់ ពីព្រោះ​ប្រទេស​កំពុង​ទេ​ឈឺចាប់ ហើយ​ប្រជាជន​ក៏​កំពុងតែ​ឈឺចាប់​ដែរ។ បាតុករ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ថា​ពុករលួយ​និង​គ្រប់គ្រង​ខុសឆ្គង និង​ជា​អាយ៉ង​របស់​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា ជា​អតីត​នាយករដ្ឋមន្ត្រី​និង​ជា​បងប្រុស​របស់​លោក​ស្រី​យី​ង​ឡាក់។

មេដឹកនាំ​ប្រឆាំង លោក​ស៊ូ​ថេប ថក​ស៊ូ​បាន កាលពី​ថ្ងៃ​អង្គារ​នោះ​ផង​ដែរ បាន​សន្យា​និង​ចាប់ខ្លួន​លោកស្រី​យី​ង​ឡាក់​នាយករដ្ឋមន្ត្រី​និង​សមាជិក​គណៈ​រដ្ឋមន្ត្រី​របស់​លោកស្រី ម្នាក់​ម្តង ម្នាក់​ម្តង ប្រសិនបើ​ពួកគេ​មិន​ព្រម​ចាកចេញ នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​នោះ។ ពួកគេ​ថែមទាំង​គំរាម​ឡោមព័ទ្ធ​ផ្សារភាគហ៊ុន​និង​ថែមទាំង​បិទ​កន្លែង​ត្រួតពិនិត្យ​ការ​ធ្វើ​ចរាចរ​ផ្លូវអាកាស​នោះ ទៀត​ផង។

លោក​ស៊ូ​ថេប​ខ្លួនឯង ប្រឈម​និង​ដីកា​ចាប់ខ្លួន​ពី​បទ​ធ្វើការ​បះបោរ រឹបអូស​ក្រសួង​របស់​រដ្ឋាភិបាល​នៅក្នុង​ខែវិច្ឆិកា និង​ពី​បទ​សម្លាប់​មនុស្ស​ទាក់​ទង​និង​ការ​បង្ក្រាប​របស់​យោធា​នៅក្នុង​ឆ្នាំ​២០១០៕

YY15