នាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារទី១៤ ខែមករា បាននិយាយម្តងទៀតថា លោកស្រីនិងមិនចាកចេញពីមុខដំណែងឡើយ ខណៈដែលពួកបាតុករស្វែងរកបណ្ដេញលោកស្រី ដោយបានរាំងខ្ទប់ផ្លូវថ្នល់សំខាន់ៗ នៅកណ្តាលរាជធានីបាងកកនៅថ្ងៃទី២ បណ្តាលឲ្យវិបត្តិនយោបាយរបស់ប្រទេសស្ថិតនៅក្នុងសភាពទាល់ច្រកយ៉ាងខ្លាំង។
បាតុករបានសន្យា បិទទីក្រុង ដែលមានប្រជាជន១២លាននាក់នេះ ប៉ុន្តែជីវិតនៅក្នុងភាគច្រើននៃទីក្រុងធំនេះ មិនមានការប៉ះពាល់ទេ ដោយសាលារៀនជាច្រើនបានចាប់ផ្តើមចូលរៀនវិញ អ្នកធ្វើការទៅធ្វើការធម្មតា និងពាណិជ្ជកម្មភាគច្រើនបានបើកដំណើរការ។
ទោះជាយ៉ាងណាក៏ដោយក៏មានការកើនឡើងនូវការសង្ស័យផងដែរថា ការបោះឆ្នោតនិងប្រព្រឹត្តទៅ និងទាំងបាតុករ និងគណបក្សប្រជាធិបតេយ្យ ដែលប្រឆាំងកំពុងអំពាវនាវដើម្បីធ្វើពហិការការបោះឆ្នោតនេះ។ ពួកប្រឆាំងលោកស្រីយីងឡាក់ស៊ីណាវ៉ាត្រាកំពុងតែទាមទារឲ្យលោកស្រីនាយករដ្ឋមន្ត្រីលាលែងពីមុខដំណែង ដើម្បីឲ្យរដ្ឋាភិបាលបណ្ដោះអាសន្នមួយដែលមិនមានការបោះឆ្នោតអាចធ្វើការជំនួសនិងធ្វើការកែទម្រង់នៅមុនពេលការបោះឆ្នោតថ្មីណាមួយប្រព្រឹត្តធ្វើឡើង។
លោកស្រីយីងឡាក់បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា «ខ្ញុំបានសង្កត់ជាច្រើនដងហើយថា ខ្ញុំមានភារកិច្ចមួយដើម្បីធ្វើសកម្មភាព ស្របទៅតាមការទទួលខុសត្រូវរបស់ខ្ញុំបន្ទាប់ពីការរំលាយសភានោះមក។ ខ្ញុំសូមនិយាយនៅពេលឥឡូវនេះថា ខ្ញុំមិនមែនរក្សាមុខដំណែងរបស់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំត្រូវរក្សាស្ថិរភាពនយោបាយ ខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំដើម្បីការពារប្រជាធិបតេយ្យ»។
លោកស្រីយីងឡាក់បានស្នើឲ្យមានការជួបជុំគ្នា នៅក្នុងថ្ងៃពុធជាមួយក្រុមផ្សេងៗ ដោយរួមទាំងពួកប្រឆាំងលោកស្រីនោះផង ដើម្បីពិភាក្សាអំពីសំណើរបស់គណៈកម្មការបោះឆ្នោតដើម្បីឲ្យលើកពេលការបោះឆ្នោតដែលគ្រោងធ្វើនៅខែកុម្ភៈ។ ប៉ុន្តែមេដឹកនាំបាតុកម្មលោកស៊ូថេប ថកស៊ូបាន អ្នកប្រជាធិបតេយ្យ និងថែមទាំងគណៈកម្មការបោះឆ្នោតនោះផង បានបដិសេធមិនចូលរួមទេ។
លោកស្រីយីងឡាក់បានបន្តថា ភាគីទាំងអស់ត្រូវការពិភាក្សាអំពីការកែទម្រង់ ពីព្រោះប្រទេសកំពុងទេឈឺចាប់ ហើយប្រជាជនក៏កំពុងតែឈឺចាប់ដែរ។ បាតុករបានចោទប្រកាន់រដ្ឋាភិបាលថាពុករលួយនិងគ្រប់គ្រងខុសឆ្គង និងជាអាយ៉ងរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត្រា ជាអតីតនាយករដ្ឋមន្ត្រីនិងជាបងប្រុសរបស់លោកស្រីយីងឡាក់។
មេដឹកនាំប្រឆាំង លោកស៊ូថេប ថកស៊ូបាន កាលពីថ្ងៃអង្គារនោះផងដែរ បានសន្យានិងចាប់ខ្លួនលោកស្រីយីងឡាក់នាយករដ្ឋមន្ត្រីនិងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកស្រី ម្នាក់ម្តង ម្នាក់ម្តង ប្រសិនបើពួកគេមិនព្រមចាកចេញ នៅក្នុងប៉ុន្មានថ្ងៃទៀតទេនោះ។ ពួកគេថែមទាំងគំរាមឡោមព័ទ្ធផ្សារភាគហ៊ុននិងថែមទាំងបិទកន្លែងត្រួតពិនិត្យការធ្វើចរាចរផ្លូវអាកាសនោះ ទៀតផង។
លោកស៊ូថេបខ្លួនឯង ប្រឈមនិងដីកាចាប់ខ្លួនពីបទធ្វើការបះបោរ រឹបអូសក្រសួងរបស់រដ្ឋាភិបាលនៅក្នុងខែវិច្ឆិកា និងពីបទសម្លាប់មនុស្សទាក់ទងនិងការបង្ក្រាបរបស់យោធានៅក្នុងឆ្នាំ២០១០៕