ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបាន ឲ្យដឹងថា រយៈពេលប្រមាណ៣ សប្ដាហ៍ចុងក្រោយនេះ ឈ្មួញច្រើននាក់កំពុង សម្រុ ក ដឹកជញ្ជូនឈើចេញ ទៅស្រុកយួនតាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ ដោយប្រើប្រាស់រ ថយន្តធំៗចំណុះ ពី៨០តោនទៅជិត ១០០តោនដោយពួកគេ គ្រាន់តែបង់លុយតាមការកំណត់របស់ មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ។ ឈើដែល ឈ្មួញសម្រុកដឹកជញ្ជូន ចេញទៅស្រុកយួនយ៉ាងពេញបន្ទុកនោះ មួយផ្នែកធំជាឈើកាប់ចេញ ពីតំបន់ដែន ជម្រក សត្វព្រៃលំផាត់ ហើយមួយផ្នែកទៀតគឺជាឈើកាប់ចេញពីតំបន់ព្រៃការពារព្រៃអភិរក្សក្នុងស្រុកវ៉ើនសៃ និងស្រុកកូនមុំ។ ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ដូចជាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនគួរមើលរំលងបញ្ហាខាងលើនេះទេ ក្នុងខណៈដែលព្រៃឈើដែលនៅសេសសល់ក្នុងខេត្តរតនគិរី កំពុងប្រឈមនឹងសេចក្ដីវិនាស។ មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានលើកឡើងថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួន គឺជាប្រភពចំណូលរបស់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀត ហេតុនេះហើយទើបពួកគេបណ្ដោយឲ្យបទល្មើសរាលដាលយ៉ាងពេញបន្ទុក។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើនៅក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញធំៗច្រើននាក់នៅតែសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុកដដែល។ ប្រភពបានឲ្យដឹងទៀតថា ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី និងនាយកតំបន់ដែនជម្រកសត្វព្រៃលំផាត់ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតគឺជាអ្នកឃុបឃិតគ្នាឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ យ៉ាងមហន្តរាយ។ តាមបង្ហើបពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចក្នុងមូលដ្ឋានបានឲ្យដឹងថា ឈ្មួញដែលកំពុងសម្រុកកាប់ឈើដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ មានដូចជាមេឈ្មួញ សាន ចយ មេឈ្មួញ ប៉ុល វិសាល មេឈ្មួញ ស្រេង ម៉េង ហៅម៉េង៣ពូថៅ និងឈ្មួញក្នុងខេត្តរតនគិរី មួយចំនួនទៀត។
តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តរតនគិរី បានឲ្យដឹងថា ថ្មីៗនេះឈើប្រភេទលេខ១ជាច្រើនរយកំណាត់ត្រូវបានកម្លាំងអាវុធហត្ថចាត់វិធានការបង្ក្រាបនៅក្នុងទឹកដីភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ក៏ប៉ុន្តែការបង្ក្រាបនោះគឺជារឿងឥតន័យព្រោះសមត្ថកិច្ចអាវុធហត្ថមិនបានបញ្ចេញអត្តសញ្ញាណក្រុមឈ្មួញធំៗដែលកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ នោះទេហើយក៏គ្មានឈ្មួញណាត្រូវបានសមត្ថកិច្ចវែកមុខយកទៅចាត់ការតាមច្បាប់នៅឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី គ្មានជំនឿលើសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលនៅតែកើតឡើងយ៉ាងរាលដាលក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។បឋម