ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ មួយចំនួនបានឲ្យដឹងថា លោក ប្រាក់ អ៊ីឡេង ប្រធានក្រុមល្បាត ពិសេសនៃមន្ទីរបរិ ស្ថាន ខេត្តពោធិ៍សាត់ ឈរជើងនៅក្នុង ស្រុកភ្នំក្រវាញ ជាពិសេសនៅក្នុង តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រូវបានថ្នាក់ដឹក នាំក្រសួង បរិ ស្ថាន ដកបញ្ឈរជើងមួយរយៈដោយសារ ជាប់ពាក់ព័ន្ធបទល្មើសបំផ្លាញព្រៃឈើ។ ក៏ប៉ុន្តែដោយសារមានការជួយ សម្របសម្រួលពីសំ ណាក់ លោក ប៉ាន់ មរកត ដែលជាប្រធាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ទើបលោក ប្រាក់ អ៊ីឡេង បានវិល ត្រឡប់មកបំពេញការងារ នៅកន្លែងចាស់វិញ។ បន្ទាប់ពីបានវិលត្រឡប់មកកាន់កន្លែងចាស់វិញ គឺលោក ប្រាក់ អ៊ីឡេង កំពុងឃុបឃិតបើកដៃឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីឡើយ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់ បានអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់បទល្មើសកាប់ឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជាបន្ទាន់។ ដោយហេតុថាមួយរយៈពេលចុងក្រោយនេះលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងបក្ខពួកឈ្មោះ ប្រាក់ អ៊ីឡេង កំពុងឃុបឃិតបើកដៃឲ្យឈ្មួញនិងក្រុមជនល្មើសកាប់ឈើដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ តាមរយៈការឃុបឃិតឲ្យមានបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គឺលោក ប៉ាន់ មរកត និងលោក ប្រាក់ អ៊ីឡេង អាចប្រមូលលុយបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលគ្មានញញើតអ្វីឡើយ។
តាមប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កំពុងកក្រើកឡើងវិញយ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន ដែលពុករលួយឃុបឃិតឲ្យមានបទល្មើសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីលោក ប្រាក់ អ៊ីឡេង ប្រធានក្រុមល្បាតពិសេសនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ត្រឡប់មកឈរជើងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឡើងវិញគឺបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់កក្រើកឡើងវិញកាន់តែខ្លាំងជាងមុនទៅទៀត។ ទន្ទឹមនឹងនេះមន្ត្រីរាជការក្នុងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបង្ហើបឲ្យដឹងថា ការដែលលោក ប្រាក់ អ៊ីឡេង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ាន់ មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ហើយព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កំពុងប្រឈមនឹងសេចក្ដីវិនាស។
តាមការអះអាងរបស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងទៀតថា ឥឡូវនេះព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កំពុងរងការបំផ្លាញយ៉ាងមហន្តរាយដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ប្រាក់ អ៊ីឡេង ប្រធានក្រុមប្រតិបត្តិការពិសេសប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានគោយន្តជាច្រើនគ្រឿងដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃទឹកដីខេត្តពោធិ៍សាត់ ចូលទៅទឹកដីខេត្តកំពង់ស្ពឺ យ៉ាងគគ្រឹកគគ្រេង។ តាមរយៈការឃុបឃិតឲ្យមានបទល្មើសបំផ្លាញព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គឺលោក ប្រាក់ អ៊ីឡេង អាចប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់យកទៅចែកគ្នាធ្វើមានធ្វើបានជាមួយលោក ប៉ាន់ មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលជាមិត្តសម្លាញ់ជិតស្និទ្ធរបស់ខ្លួន។បឋម