ប្រភពពីមន្ត្រីគណនេយ្យតាមបណ្ដា មន្ទីរមួយចំនួនក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅពេលពួកគេរត់ការ ឯកសារបើក សាច់ប្រាក់ពីមន្ទីរហិរញ្ញវត្ថុខេត្ត ដើម្បីយកទៅអនុវត្តន៍គម្រោង ផ្សេងៗគឺត្រូវលោក រឿន ផៃរិទ្ធ ទារប្រាក់ទឹកតែពី ៥ភាគរយដល់១៥ភាគរយ ដោយគេអះអាងថាជាថ្លៃទឹកប៊ិច។ ក្នុងមួយខែៗមានឯកសារឆ្លងកាត់ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុខេត្តមណ្ឌលគិរី ជាច្រើនច្បាប់ ដូច្នេះលោក រឿន ផៃរិទ្ធ ប្រមូលលុយតាម របៀបពុករលួយ ហើយសូម្បីតែគម្រោង ចំណាយសម្រាប់សាលាខេត្ត មណ្ឌលគិរី ក៏មានចំណែកភាគ រយរបស់លោក រឿន ផៃរិទ្ធ និងបក្ខពួកដែរ។ ដូច្នេះហើយទើបមានការអំពាវនាវដល់លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក រឿន ផៃរិទ្ធ និងបក្ខពួកជាបន្ទាន់ដើម្បីកុំឲ្យពួកគេឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកតទៅទៀត។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើអំពើពុករលួយរបស់លោក រឿន ផៃរិទ្ធ និងបក្ខពួកប្រកបដោយតម្លាភាពហើយចាត់វិធានការលើមន្ត្រីពុករលួយតាមច្បាប់ជាធរមានដោយមិនត្រូវមានការយោគយល់នោះទេ។
រឿងអាស្រូវពុករលួយរបស់លោក រឿន ផៃរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី ត្រូវបានមន្ត្រីពាក់ព័ន្ធតាមបណ្ដាមន្ទីរអង្គភាពនានាជុំវិញសាលាខេត្តមណ្ឌលគិរី បើកកកាយជាសាធារណៈដើម្បីឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក រឿន ផៃរិទ្ធ នៅឡើយទេដែលជាហេតុធ្វើឲ្យលោក រឿន ផៃរិទ្ធ កាន់តែបានដៃក្នុងការប្រើអំណាចប្រព្រឹត្តអំពើពុករលួយ។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏រក្សាភាពស្ងៀមស្ងាត់ដែរបើទោះបីរឿងអាស្រូវពុករលួយរបស់លោក រឿន ផៃរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី ត្រូវបានបើកកកាយជាសាធារណៈរួចទៅហើយក៏ដោយ។
តាមបណ្ដាញព័ត៌មាននានាបានឲ្យដឹងថាលោក រឿន ផៃរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី កំពុងបង្កការលំបាកយ៉ាងខ្លាំងដល់មន្ត្រីគណនេយ្យតាមបណ្ដាមន្ទីរអង្គភាពផ្សេងៗទៀតនៅពេលរត់ការឯកសារបើកលុយពីមន្ទីរហិរញ្ញវត្ថុខេត្ត។ ប្រភពពីមន្ត្រីមន្ទីរពាក់ព័ន្ធបានឲ្យដឹងថាលោក រឿន ផៃរិទ្ធ និងបក្ខពួកបរិវារតែងតែទាមទារប្រាក់ទឹកតែក្នុងកម្រិតខ្ពស់ ហើយបើអ្នករត់ការឯកសារមិនកាត់ភាគរយឲ្យតាមការទាមទាររបស់លោក រឿន ផៃរិទ្ធ និងបក្ខពួកទេនោះ គឺមិនងាយដកសាច់ប្រាក់ចេញពីមន្ទីរហិរញ្ញវត្ថុបានឡើយ។ តាមរយៈការប្រព្រឹត្តអំពើពុករលួយទាមទារប្រាក់ទឹកតែពីបណ្ដាមន្ទីរអង្គភាពនានា គឺលោក រឿន ផៃរិទ្ធ និងបក្ខពួកអាចប្រមូលលុយបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលតែម្តង?។(មានត)