សកម្មជនព្រៃឈើនិង មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានជំរុញ ឲ្យលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម ក៏ដូចជាលោក អ៊ុង សំអាត ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មចាត់វិធានការទប់ស្កាត់ អំពើពុករលួយនិង ទង្វើមិនប្រក្រតី របស់មន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តមណ្ឌលគិរី ជាបន្ទាន់។ ដោយហេតុថាបច្ចុប្បន្នឈ្មួញមួយចំនួនដឹកជញ្ជូនឈើឆ្លងកាត់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចូលទៅស្រុកស្នួល ខេត្តក្រចេះ ហើយដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកព្រំដែននិងច្រករបៀងជាច្រើនកន្លែងនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ព្រោះអីលោក ជុយ សុឃាង គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ ដោយគ្មានញញើតអ្វីទាំងអស់។ នៅច្រកដាក់ដាំ ស្រុកអូររាំង និងច្រកណាំលៀ ស្រុកពេជ្រាដា ក៏ឈ្មួញជាច្រើននាក់នៅតែអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដែរព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ប្រការនេះកំពុងតែធ្វើឲ្យឈើដែលនៅសេសសល់ក្នុងស្រុកកោះញែក ស្រុកកែវសីមា ស្រុកពេជ្រាដា និងស្រុកអូររាំង ត្រូវប្រឈមនឹង សេចក្ដីវិនាសព្រោះមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងកើតឡើងពេញបន្ទុក។
ប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា សកម្មភាពឈ្មួញដឹកជញ្ជូនឈើពីខេត្តរតនគិរី ចេញទៅស្រុកយួនតាមច្រកដាក់ដាំ ច្រកណាំលៀ និងច្រកឡាប៉ាខេ នៅតែបន្តកើតឡើងយ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតដែលគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានដោយគ្មានញញើតអ្វីទាំងអស់។ ទន្ទឹមនឹងនេះឈ្មួញមួយចំនួនបានដឹកឈើពីស្រុកកែវសីមា ចូលមករាជធានីភ្នំពេញយ៉ាងអនាធិបតេយ្យដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា ដែលតែងចាត់ទុកបទល្មើសព្រៃឈើគឺជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន ហើយបណ្ដោយឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក។ទោះជាយ៉ាងណរឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា គឺជារឿងដែលមិនអាចបិទបាំងបានទេព្រោះកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើឆ្លងកាត់ស្រុកកែវសីមា បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះចុងផ្លាស់ ហើយលាតត្រដាងទង្វើមិនប្រក្រតីរបស់ លោក ជុយ សុឃាង យ៉ាងច្បាស់ក្រឡែតតែម្ដងដើម្បីឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះ។
ជុំវិញបញ្ហាខាងលើនេះកាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ក្រុមអ្នកបើកបររថយន្តសាំយ៉ុង ដឹកឈើប្រមាណ២០គ្រឿងបានមកប្រមូលផ្ដុំគ្នាតវ៉ានៅមុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះចុងផ្លាស់ សួនអាពាហ៍ពិពាហ៍ផ្នែករដ្ឋបាលព្រៃឈើកែវសីមាដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយរឿងលោក ជុយ សុឃាង គាបយកលុយពីពួកគេស្រេចតែអំពើចិត្ត។ ក្រុមអ្នកតវ៉ាបានឲ្យដឹងថាកន្លងមកលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា បានតម្រូវឲ្យពួកគេបង់លុយក្នុងរថយន្តដឹកឈើមួយគ្រឿង៨ម៉ឺនរៀលឬ២០ដុល្លារ ដើម្បីជាថ្នូរនឹងការអនុញ្ញាតឲ្យដឹកឈើទៅភ្នំពេញតាមធម្មតាដោយគ្មានការផាកពិន័យ។ ក្រុមអ្នកតវ៉ាបានទាមទារឲ្យលោក ជុយ សុឃាង បញ្ចុះតម្លៃ២ម៉ឺនរៀលព្រោះអីមុខរបររកស៊ីដឹកជញ្ជូនឈើរបស់ពួកគេមិនសូវបានផលចំណេញនោះទេ ព្រោះត្រូវបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនកន្លែងទម្រាំដល់គោលដៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធគួរពិនិត្យមើលបញ្ហាខាងលើនេះផងព្រោះបទល្មើសដឹកជញ្ជូនឈើឆ្លងកាត់ស្រុកកែវសីមា នៅតែកើតឡើងយ៉ាងរាលដាលហើយលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា គិតតែពីរឿងប្រមូលប៉ុណ្ណោះ។
បើតាមការអះអាងរបស់ក្រុមអ្នកស៊ីឈ្នួលបើកបររថយន្តសាំយ៉ុងដឹកឈើដែលប្រមូលផ្ដុំគ្នាតវ៉ានៅមុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះចុងផ្លាស់ កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៨ បានឲ្យដឹងថាពួកគេស៊ីឈ្នួលដឹកឈើគ្រោងទ្វារបង្អួចពីខេត្តមណ្ឌលគិរី ចូលមករាជធានីភ្នំពេញគឺទទួលបានប្រាក់កម្រៃតិចតួចប៉ុណ្ណោះ។ ហេតុនេះនៅពេលលោក ជុយ សុឃាង តម្រូវឲ្យពួកគេបង់លុយក្នុងមួយជើង៨ម៉ឺនរៀលគឺធ្វើឲ្យពួកគេគ្មាននៅសល់ប្រាក់កម្រៃដើម្បីដោះស្រាយជីវភាពគ្រួសារឡើយ ចំណែកលោក ជុយ សុឃាង អាចប្រមូលលុយបានយ៉ាងច្រើនក្នុងមួយថ្ងៃៗ។ ដូច្នេះហើយទើបពួកគេប្រមូលផ្ដុំគ្នាតវ៉ាដើម្បីឲ្យមន្ត្រីអាជ្ញាធរខេត្តមណ្ឌលគិរី ជួយដោះស្រាយប្រកបដោយតម្លាភាពដើម្បីកុំឲ្យលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា គាបយកលុយពីពួកគេតាមអំពើចិត្តទៀត។ ក្រុមអ្នកតវ៉ាបានបញ្ជាក់ថា លោក ជុយ សុឃាង គាបយកលុយពីពួកគេដោយគ្មានការយោគយល់ទាល់តែសោះហេតុនេះហើយទើបពួកគេតវ៉ាឲ្យអាជ្ញាធរជួយដោះស្រាយនិងបើកកកាយអំពើពុករលួយរបស់ លោក ជុយ សុឃាង ជាសាធារណៈតែម្ដង។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងតំណែងជានាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា គឺលោក ជុយ សុឃាង មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើតាមតួនាទីរបស់ខ្លួនឡើយ ហើយបណ្ដោយឲ្យឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់មុខស្នាក់ការរបស់ខ្លួនយ៉ាងពេញបន្ទុកទាំងថ្ងៃទាំងយប់។(មានត)