ថ្មីៗនេះពលរដ្ឋរស់នៅឃុំស្វាយប្រទាល និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងថា រហូតមកដល់ពេលនេះ ឧកញ៉ា ឈាង ប៉ាក់សួរ នៅតែប្រើអំណាចទន្ទ្រានកាន់កាប់ដី ព្រៃលិចទឹកនិងបឹងធម្មជាតិ នៅក្នុងតំបន់អតីតដែនឡូត៍នេសាទ លេខ៣ យកធ្វើជា កម្មសិទ្ធិដោយ គ្មានញញើតអ្វីទាំងអស់។ អភិបាលស្រុកស្អាង ក៏ដូចជាលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានរក្សា ភាពស្ងៀមស្ងាត់ក្នុង ខណៈ ដែលឧកញ៉ា ឈាង ប៉ាក់សួរ កំពុងធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនិងបឹងធម្មជាតិក្នុងឃុំត្រើយស្លា ក៏ដូចជាឃុំស្វាយប្រទាល ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ពាក់ព័ន្ធនឹងបញ្ហានេះប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនហ៊ានចេញមុខតវ៉ាជាជំហរនោះទេ ព្រោះធ្លាប់ត្រូវមេការក្រុមហ៊ុនរបស់ឧកញ៉ា ឈាង ប៉ាក់សួរ គំរាមប្ដឹងដាក់គុកយ៉ាងកំរោលទៀតផង ហើយនរណាក៏ដឹងដែរថាឧកញ៉ា ឈាង ប៉ាក់សួរ ជាមេឈ្មួញមានអំណាចខ្លាំងក្នុងស្រុកស្អាង ខេត្តកណ្ដាល។
ករណីមេឈ្មួញ ឈាង ប៉ាក់សួរ ធ្វើសកម្មភាពឈូសឆាយបំផ្លាញព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ដើម្បីទន្ទ្រានកាន់កាប់យកដីធ្វើជាកម្មសិទ្ធិត្រូវបានប្រជាពលរដ្ឋនៅឃុំស្វាយប្រទាល និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បើកកកាយជាបន្តបន្ទាប់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះទាំងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកណ្ដាល ក៏ដូចជាលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យមេឈ្មួញ ឈាង ប៉ាក់សួរ ធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងអតីតឡូត៍នេសាទលេខ៣ ស្រេចតែអំពើចិត្តរបស់ខ្លួន។ ប្រជាពលរដ្ឋក្នុងឃុំស្វាយប្រទាល និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានអំពាវនាវជាថ្មីទៀតឲ្យលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ចាត់វិធានការទប់ស្កាត់សកម្មភាពរបស់មេឈ្មួញ ឈាង ប៉ាក់សួរ ជាបន្ទាន់ដើម្បីកុំឲ្យឈ្មួញម្នាក់នេះធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។
សកម្មភាពរបស់មេឈ្មួញ ឈាង ប៉ាក់សួរ កំពុងធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយប្រទាល និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល សម្ដែងនូវសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីសេចក្ដីវិនាសព្រៃលិចទឹក ក៏ដូចជាបាត់បង់ផ្ទៃបឹងធម្មជាតិអតីតឡូត៍នេសាទលេខ៣ ដែលពួកគាត់ធ្លាប់ប្រកបរបរនេសាទជាលក្ខណៈគ្រួសារច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងមួយរយៈកន្លងទៅនេះឧកញ៉ា ឈាង ប៉ាក់សួរ បានប្រើប្រាស់គ្រឿងចក្រកាយលើកទំនប់យ៉ាងធំនិងខ្ពស់ដើម្បីកំណត់ព្រំប្រទល់ដីរបស់ខ្លួន ហើយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋឆ្លងកាត់តំបន់នោះដើម្បីទៅប្រកបរបរនេសាទក្នុងអតីតតំបន់ដែនឡូត៍នេសាទលេខ៣បានទេ។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ឧកញ៉ា ឈាង ប៉ាក់សួរ មុនពេលមេឈ្មួញម្នាក់នេះទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនិងដីបឹងធម្មជាតិក្នុងអតីតដែនឡូត៍នេសាទលេខ៣ទាំងស្រុង។
បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្តកណ្ដាល មួយចំនួនបានឲ្យដឹងថា មេរដ្ឋបាលជលផលខេត្តកណ្ដាល លោក វ៉ិត ធារិទ្ធ គឺជាអ្នកឃុបឃិតបើកដៃឲ្យឧកញ៉ា ឈាង ប៉ាក់សួរ ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនិងបឹងធម្មជាតិក្នុងអតីតដែនឡូត៍នេសាទលេខ៣ នៅឃុំត្រើយស្លា និងឃុំស្វាយប្រទាល ទើបមេឈ្មួញរូបនេះហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ជុំវិញបញ្ហាខាងលើនេះលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ក៏ទំនងជាទទួលបានផលប្រយោជន៍ពីឧកញ៉ា ឈាង ប៉ាក់សួរ ទើបបណ្ដោយឲ្យឈ្មួញរូបនេះធ្វើអ្វីៗស្រេចតែអំពើចិត្តបើទោះបីដឹងថា ការដែលឈ្មួញទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនិងដីបឹងធម្មជាតិ គឺជាអំពើខុសច្បាប់យ៉ាងណាក៏ដោយ។ ដូច្នេះលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ក្នុងខណៈដែលឧកញ៉ា ឈាង ប៉ាក់សួរ កំពុងទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនិងដីបឹងធម្មជាតិក្នុងស្រុកស្អាង យ៉ាងកំរោលហើយនាយសង្កាត់រដ្ឋបាលជលផលស្អាង លោក ឆន ចិន កំពុងជួយបិទបាំងសកម្មភាពរបស់ឧកញ៉ា ឈាង ប៉ាក់សួរ។បឋម