មន្ត្រីយោធាមួយចំនួននៅក្នុង អង្គភាពតំបន់អភិវឌ្ឍន៍យោធាយោធា ភូមិភាគ៥ បានឲ្យដឹងថា លោក ង៉ែត ព្រឿង កំ ពុង ធ្វើអ្វីៗស្រេចតែអំពើចិត្ត ដូចជា ការបើកច្រករបៀងដើមចែង ឲ្យដំណើរការយ៉ាងរលូនហើយអាច ប្រមូលលុយបាន យ៉ាងច្រើនតាមរយៈ ការឃុបឃិតឲ្យមេខ្យល់ដឹកជញ្ជូន ពលករខ្មែរឆ្លងដែនចូលទឹកដីសៀម តាមច្រកនេះ។ លើស នេះទៅទៀតឈ្មួញមួយ ចំនួនកំពុងធ្វើសកម្មភាពដឹកជញ្ជូន ទំនិញគេចពន្ធ និងទំនិញខុស ច្បាប់ពីទឹកដី សៀម ចូលតាមច្រករបៀងដើម ចែងឬច្រករបៀងក្រោមភ្នំ យ៉ាង ពេញបន្ទុកព្រោះគ្មានមន្ត្រី ជំនាញឬសមត្ថ កិច្ចពាក់ព័ន្ធ ណាចាត់វិធានការបង្ក្រាបឡើយ។ ប្រភពបានឲ្យដឹងទៀតថា ប៉ុន្មាន ថ្ងៃកន្លងទៅនេះមានរថយន្ត របស់មេ ខ្យល់ ជាច្រើនគ្រឿងដឹកជញ្ជូនពលករខ្មែរចូលទឹកដីសៀមតាមច្រករបៀងដើមចែង ហើយមន្ត្រីក្រោមឱវាទរបស់លោក ង៉ែត ព្រឿង អាចប្រមូលលុយបានយ៉ាងច្រើនយកមកបែងចែកជាមួយលោក ង៉ែត ព្រឿង និងមន្ត្រីយោធាជាន់ខ្ពស់ក្នុងយោធភូមិភាគ៥ មួយចំនួនទៀត។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់បញ្ហាខាងលើនេះជាបន្ទាន់ ព្រោះលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាំគ្នាដេកលក់អស់ទៅហើយ។
ប្រជាពលរដ្ឋនៅក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានលើកឡើងថាលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មិនចាត់វិធានការបិទច្រករបៀងតាមព្រំដែនខ្មែរ-សៀម ទាំងអស់ដើម្បីឲ្យស្របតាមបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នោះទេ។ ជាក់ស្ដែងបច្ចុប្បន្ននេះច្រករបៀងដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ង៉ែត ព្រឿង មេបញ្ជាការតំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រ ដែលស្ថិតនៅក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត នៅតែបើកផ្លូវឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីសៀមនិងឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាងពេញបន្ទុក។ បើតាមប្រភពពីមន្ត្រីយោធាដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកស័ក្ដិ៥ ង៉ែត ព្រឿង បានឲ្យដឹងថាការដែលលោក ង៉ែត ព្រឿង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធាយោធភូមិភាគ៥ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំគោករមៀត ស្រុកថ្មពួក បានឲ្យដឹងថា បច្ចុប្បន្នច្រករបៀងក្ដិបថ្មឬហៅថាច្រកលើភ្នំ ត្រូវបានមន្ត្រីយោធាឈរជើងក្នុងទីតាំងនេះផ្អាកមិនឲ្យមានសកម្មភាពបទល្មើសឆ្លងដែនតទៅទៀតទេ គឺពួកគេបានបង្វែរឲ្យមេខ្យល់ដឹកពលករខ្មែរចូលទៅទឹកដីសៀមតាមច្រករបៀងដើមចែងឬហៅថាច្រកក្រោមភ្នំ។ ច្រកក្រោមភ្នំដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក វី ដែលជាមនុស្សជំនិតរបស់លោក ង៉ែត ព្រឿង ត្រូវបានគេដឹងថាជាប្រភពចំណូលដ៏ធំរបស់លោក ង៉ែត ព្រឿង។ ប្រភពបានឲ្យដឹងទៀតថា ច្រករបៀងដើមចែងឬច្រកក្រោមភ្នំ គឺស្ថិតនៅខាងស្ដាំដៃនៃទីបញ្ជាការតំបន់អភិវឌ្ឍន៍យោធភូមិភាគ៥ ចម្ងាយប្រមាណ៥០០ម៉ែត្រហើយបើធ្វើដំណើរពីផ្លូវជាតិលេខ៥៨ ឆ្ពោះទៅកាន់ទីតាំងច្រករបៀងដើមចែងនោះ គឺមានចម្ងាយប្រមាណ១០០០ម៉ែត្រ។បឋម