លោក​ វេង សាខុន​ រដ្ឋមន្ត្រីក្រសួង​កសិកម្មមិនគួរមើ​លរំលង​ភាពអស​កម្មនិងអំ​ពើពុក​រ​លួយរបស់​លោក ប៊ុន​ សុធីមេរដ្ឋបាល​​ព្រៃឈើខេត្ត​កំពង់ធំ​

ថ្មីៗ​នេះ​ឈ្មួញ​ជាច្រើន​នាក់​ សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ ពី​តំបន់​ព្រៃ​ឡង់ ស្រុក​សណ្ដាន់  យ៉ាង​គគ្រឹក គគ្រេ ង​ហើយ​មិនឃើញ​លោក ប៊ុន សុធី  នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ  ចាត់វិធានការ​បង្ក្រាប​ តាម​តួនាទី​របស់ខ្លួន​នោះទេ ​។ ទន្ទឹមនឹងនេះ​មាន​ក្រុម​ជនល្មើស​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​​អង់​តែ​ន ក្នុង​ស្រុក​សន្ទុក  ខេត្តកំពង់ធំ យ៉ាង​រាលដាល​ ហើយ​លោក ប៊ុន សុធី និង​មន្ត្រីរដ្ឋបាល​ព្រៃ ឈើ​ប្រចាំ​ស្រុក​សន្ទុក  នាំគ្នា​សម្ងំ ស្ងៀម​ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា ក្រោយពេល​លោក ប៊ុន សុធី ចូលកាន់​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅក្នុង​ស្រុក​សណ្ដាន់ ស្រុក​សន្ទុក ស្រុក​បារាយណ៍ និង​ស្រុក​ប្រាសាទ​សំបូរ ពុំមាន​ការថយចុះ​ឡើយ ផ្ទុយទៅវិញ​បទល្មើស​រាលដាល​កាន់តែខ្លាំង​លើស​មុន​ទៅទៀត​។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ជំនួស​លោក តឹ​ប ញាតា ដែល​ត្រូវ​ដកចេញ​នោះ​កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​ក្រអឺតក្រទម ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ទំនងជា​លោក ប៊ុន សុធី ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តកំពង់ធំ ក៏ដូចជា​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តឧត្ដរមានជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តកំពង់ធំ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ឆ្លងកាត់​ខេត្តកំពង់ធំ ដែល​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ប៊ុន សុធី ព្រមទាំង​បក្ខពួក​មួយចំនួន​។ ហេតុនេះហើយ​ទើប​លោក ប៊ុន សុធី នៅតែ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តកំពង់ធំ យ៉ាង​គឃ្លើន​ជាពិសេស​នៅពេល​យប់​ហើយ​ថ្មីៗ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ប៊ុន សុធី ក៏​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ផងដែរ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ នោះឡើយ​។ ដោយហេតុថា​ចាប់តាំងពី​លោក ប៊ុន សុធី ចូលកាន់​តំណែង​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ គឺ​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​នេះ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល។បឋម

32705426_456196991467933_3305473458829262848_n-1 IMG_20180206_194439_335-1