ប្រភពពីប្រជាពលរដ្ឋនិង មន្ត្រីអាជ្ញាធរក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ឈ្មួញឈ្មោះ តាំង អៀង និងឈ្មួញ ជាច្រើននាក់ទៀតនៅតែអាចដឹក ជញ្ជូនឈើប្រណីតចេញពីតំបន់ ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អ ភិរ ក្ស ជួរភ្នំក្រវាញភាគកណ្ដាល យ៉ាងអនាធិបតេយ្យ។ ការដែលឈ្មួញទាំងនោះ អាចកាប់ឈើនិងដឹកជញ្ជូន ឈើប្រ ភេទ រាជកុល និងប្រភេទធ្នង់ ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស យ៉ាងគគ្រឹកគគ្រេងគឺមាន ការឃុបឃិតបើក ដៃពី សំណាក់មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំតំប ន់នោះដែលគិតតែពីប្រមូលលុយ តាមរបៀបពុករ លួ យ។ ជាងនេះទៅទៀតការដែលមន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល ឃុបឃិតឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើយ៉ាងរាលដាលគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ផងដែរ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំអន្លង់រាប និងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល នៅតែកើតឡើងយ៉ាងពេញបន្ទុកព្រោះការបង្ក្រាបរបស់សមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតគ្រាន់តែជារឿងលេងសើចប៉ុណ្ណោះ។ សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា យូរៗម្តងទើបសមត្ថកិច្ចអាវុធហត្ថបង្ក្រាបរថយន្តដឹកឈើដែលមិនបង់លុយតាមការកំណត់ ចំណែកឈ្មួញដែលចេះបែងចែកផលប្រយោជន៍ជាប្រចាំដល់សមត្ថកិច្ចពាក់ព័ន្ធគឺពួកគេអាចដឹកជញ្ជូនឈើពីស្រុកវាលវែង ខេត្តពោធិ៍សាត់ ចេញទៅស្រុកយួនយ៉ាងរលូន។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយឲ្យបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់បន្តកើតឡើងយ៉ាងរាលដាលនៅក្នុងខេត្តពោធិ៍សាត់ នោះទេ។
តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសនិងសមត្ថកិច្ចអាវុធហត្ថខេត្តពោធិ៍សាត់ បង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ផ្លូវជាតិលេខ៥៥ ជាច្រើនករណីហើយឃាត់រថយន្តដឹកជញ្ជូនឈើធំៗរាប់សិបគ្រឿង។ ក៏ប៉ុន្តែចំណាត់ការរបស់សមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសនិងសមត្ថកិច្ចអាវុធហត្ថខេត្តពោធិ៍សាត់ គឺជារឿងឥតន័យព្រោះឈ្មួញម្ចាស់រថយន្តដឹកជញ្ជូនឈើទាំងនោះនៅតែអាចគេចផុតពីសំណាញ់ច្បាប់ហើយករណីខ្លះសមត្ថកិច្ចអាវុធហត្ថជាអ្នកបង្ក្រាបហើយមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថាន ជាអ្នកដោះលែងរថយន្តដឹកឈើទាំងនោះដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងសុខស្រួល។ មិនតែប៉ុណ្ណោះលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ បានរក្សាភាពស្ងៀមស្ងាត់។បឋម