មន្ត្រីរាជការនិងប្រជាពលរដ្ឋ ក្នុងក្រុងបានលុង បានលើកឡើងថា មានឈ្មួញខ្មែរជាច្រើននាក់ បានសម្រុកដឹក ឈើពីតំបន់ ផ្សេងៗដូចជាស្រុកលំផាត់ ស្រុកវ៉ើនសៃ ស្រុកកូនមុំ ជាដើមមក លក់ឲ្យឈ្មួញយួនដែលឈ រចាំទិញ នៅក្នុងភូមិ ភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង យ៉ាងរលូនហើយមន្ត្រីរដ្ឋបាល ព្រៃឈើនិងសមត្ថកិច្ច ពាក់ព័ន្ធដទៃ ទៀតគិត តែពីរឿងប្រមូលលុយចែកគ្នាយ៉ាងសុខស្រួល។ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី គឺជាអ្នកទទួលបានផលប្រយោជន៍ច្រើនជាងគេក្នុងការឃុបឃិតបើកដៃឲ្យឈ្មួញយួនឈ្មោះ វុង ប្រមូលទិញឈើប្រណីតដឹកជញ្ជូនចេញពីសង្កាត់បឹងកន្សែង ក្រុងបានលុង ឆ្លងកាត់ផ្លូវជាតិលេខ៧៨ ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ ហេតុនេះហើយទើបឈ្មួញយួនឈ្មោះ វុង អាចចូលមកប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីក្រុងបានលុង ខេត្តរតនគិរី ដោយគ្មានញញើតអ្វីទាំងអស់ព្រោះមានមន្ត្រីពុករលួយជាច្រើនស្ថាប័នចាំទទួលផលប្រយោជន៍ពីឈ្មួញយួនម្នាក់នេះជាប្រចាំទៅហើយ។
ភពពីប្រជាពលរដ្ឋរស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញយួនម្នាក់ឈ្មោះ វុង នៅតែអាចចូលមកប្រមូលទិញឈើស្តុកទុកក្នុងឃ្លាំងមួយកន្លែងក្នុងមូលដ្ឋានពួកគាត់យ៉ាងរលូន។ ការដែលឈ្មួញយួនឈ្មោះ វុង អាចឈរជើងប្រមូលទិញឈើមុខឃ្លាំងក្នុងភូមិភ្នំស្វាយ តាមអំពើចិត្តគឺមានការជួយជ្រោមជ្រែង ពីសំណាក់ឈ្មួញខ្មែរមួយក្រុមដែលល្បីល្បាញខាងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ច្រើនឆ្នាំមកហើយ។ នៅពេលប្រមូលទិញឈើបានគ្រប់ចំនួនទើបឈ្មួញយួនឈ្មោះ វុង ប្រើរថយន្តសាំយ៉ុងជាច្រើនគ្រឿងដឹកជញ្ជូនឈើពីក្រុងបានលុង ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូនតែម្តង។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង បានឲ្យដឹងថា ការដែលឈ្មួញយួនឈ្មោះ វុង អាចឈរជើងចាំទិញឈើមុខឃ្លាំងក្នុងភូមិភ្នំស្វាយ ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊ានប៉ះពាល់គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើបានលុង ផងដែរ។ ប្រភពបានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗមានពលរដ្ឋដឹកឈើតាមម៉ូតូនិងតាមរថយន្តពីតំបន់ផ្សេងៗមកលក់ឲ្យឈ្មួញយួនឈ្មោះ វុង មុខឃ្លាំងក្នុងភូមិភ្នំស្វាយ យ៉ាងគគ្រឹកគគ្រេងជាពិសេសនៅពេលយប់។ សកម្មភាពរបស់ឈ្មួញយួនឈ្មោះ វុង ក្នុងការលើកដាក់ឈើទាំងយប់បានរំខានដល់ការដេកពួនរបស់ប្រជាពលរដ្ឋផងដែរ ប៉ុន្តែគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឃ្លាំងស្តុកឈើរបស់ឈ្មួញយួនឈ្មោះ វុង ក្នុងភូមិភ្នំស្វាយ ទាល់តែសោះ។បឋម