ប្រជាពលរដ្ឋនិងមន្ត្រីរាជការ ក្នុងខេត្តកំពង់ធំ បានកត់សម្គាល់ថា បច្ចុប្បន្នទាំងលោក តុប កក្កដា ប្រធានមន្ទីរបរិ ស្ថាន ខេត្តកំពង់ធំ និងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទ ល្មើសបំផ្លាញ ព្រៃឈើយ៉ាងពេញបន្ទុកនោះទេ។ ជាក់ស្ដែងបច្ចុប្បន្នឈ្មួញនិងក្រុមជនល្មើស នៅតែអាចកាប់ឈើដឹកជ ញ្ជូន ឈើចេញពីតំបន់ព្រៃឡង់ និងតំបន់ព្រៃអង់តែន យ៉ាងគគ្រឹកគគ្រេងហើយលោក តុប កក្កដា និងលោក ប៊ុន សុធី គិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន។
ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញដឹកជញ្ជូនឈើគ្រញូងនិងឈើប្រណីតពីខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ តែម្តង។ ដូច្នេះហើយទើបលោក ប៊ុន សុធី មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើតាមតួនាទីរបស់ខ្លួន ទន្ទឹមនឹងនេះរឿងអាស្រូវពុករលួយរបស់លោក ប៊ុន សុធី ក៏ត្រូវបានបើកកកាយជាបន្តបន្ទាប់ផងដែរ។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឲ្យដឹងថា លោក តុប កក្កដា ដែលជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅហើយបណ្ដោយឲ្យបទល្មើសកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអង់តែននិងតំបន់ព្រៃឡង់កើតឡើងពេញបន្ទុក ។ ប្រភពបានឲ្យដឹងទៀតថា បើទោះបីរឿងអាស្រូវពុករលួយរបស់លោក តុប កក្កដា និងបក្ខពួកត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រក្សភាពស្ងៀមស្ងាត់មិនចាត់វិធានការទៅលើមន្ត្រីពុករលួយឡើយ។ ហេតុនេះហើយទើបឈ្មួញនិងក្រុមជនល្មើសនៅតែអាចកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអង់តែន និងតំបន់ព្រៃឡង់យ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់ ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីពុករលួយជាប្រព័ន្ធ។
ចំណែកប្រភពពីមន្ត្រីមន្ទីរកសិកម្ម ខេត្តកំពង់ធំ ក៏បានឲ្យដឹងដែរថាបច្ចុប្បន្នឈ្មួញនៅតែអាចកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ចេញពីព្រៃអង់តែននិងព្រៃឡង់យ៉ាងអនាធិបតេយ្យ ហើយលោក ប៊ុន សុធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសតាមតួនាទីរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញលោក ប៊ុន សុធី កំពុងប្រើប្រាស់តួនាទីនិងអំណាចដើម្បីប្រមូលលុយពីបទល្មើសព្រៃឈើ ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ លើសនេះទៅទៀតការដែលលោក ប៊ុន សុធី អាចធ្វើអ្វីៗតាមអំពើចិត្តទាក់ទងទៅនឹងសកម្មភាពប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ដែលល្បីល្បាញខាងពុករលួយជាយូរឆ្នាំមកហើយផងដែរ?។(មានត)