មន្ត្រីរាជការនិង ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានលើកឡើងថា ផ្លូវលេខ៧៨អា និងផ្លូវលេខ(3RK1 )៧៦ និង ប្រពន្ធលូតាមបណ្ដោយ ផ្លូវជាតិលេខ៧៨ ជាច្រើនក ន្លែងរងការខូចខាតយ៉ាងដំណំ ហើយមិនឃើញលោក ស៊ុន បូលីន ប្រធានមន្ទីរសាធារណការខេត្តរតនគិរី ចាត់វិធានការជួសជុលឡើងវិញឡើយ។ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវលេខ៧៨អា ពីស្រុកអូរជុំ ទៅស្រុកវ៉ើនសៃ និងប្រជាពលរដ្ឋរស់នៅតាមបណ្ដាយផ្លូវលេខ៧៦ ពីស្រុកអូរជុំ ទៅស្រុកតាវែង បានឲ្យដឹងថា ឲ្យតែពេលមានភ្លៀងធ្លាក់ពួកគាត់ពិបាកធ្វើដំណើរឆ្លងកាត់ផ្លូវ២ខ្សែនេះខ្លាំងណាស់។ ដោយសារថាផ្លូវរងការខូចខាតមាជង្ហុកធំៗបែកភក់រអិលពិបាកក្នុងការដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារ ហើយលោក ស៊ុន បូលីន ធ្វើជាមិនដឹងមិនឮអ្វីទាំងអស់។
កន្លងមករឿងអាស្រូវពុករលួយបក្ខពួកនិយមរបស់លោក ស៊ុន បូលីន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាបន្តបន្ទាប់ដូចជា ទាក់ទងទៅនឹងគម្រោងស្ថាបនាផ្លូវ ជួសជុលផ្លូវមានភាពមិនបក្រតីនិងបើកដៃឲ្យក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តធ្វើអ្វីៗតាមអំពើចិត្ត។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅតែធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះអំពើពុករលួយនិងភាពអសកម្មរបស់លោក ស៊ុន បូលីន ហេតុនេះហើយទើបលោក ស៊ុន បូលីន នៅតែធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ សូម្បីតែប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តរតនគិរី ក៏រិះគន់ពីភាពសកម្មរបស់លោក ស៊ុន បូលីន ប្រធានមន្ទីរសាធារណការខេត្តរតនគិរី ផងដែរព្រោះផ្លូវជាតិនិងផ្លូវគ្រួសក្រហមជាច្រើនខ្សែក្នុងខេត្តរតនគិរី កំពុងរងការខូចខាតហើយលោក ស៊ុន បូលីន មិនចាត់វិធានការជួសជុលឬស្ដារឡើងវិញនោះឡើយ។
ប្រជាពលរដ្ឋរស់នៅតាមបណ្ដាយផ្លូវជាតិលេខ៧៨ ចំណុចរង្វង់មូលក្នុងក្រុងបានលុង បានឲ្យដឹងថា នៅត្រង់ចំណុចរង្វង់មូលមានការកក់ស្ទះលូ ហើយពេលភ្លៀងម្ដងៗត្រូវទឹកជន់លិចមិនខុសពីទន្លេនោះទេ ដោយសារប្រធានមន្ទីរសាធារណការខេត្តរតនគិរី មិនយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ បើតាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការខេត្តរតនគិរី បានឲ្យដឹងថា មានគម្រោងថវិកាសម្រាប់ជួសជុលផ្លូវលេខ៧៨អា ផ្លូវលេខ៧៦ និងផ្លូវលេខ៧៨ ជារៀងរាល់ឆ្នាំប៉ុន្តែមិនដឹងថាលោក ស៊ុន បូលីន យកថវិកាទាំងនោះទៅណាអស់ទេទើបមិនជួសជុលផ្លូវ មិនស្ដារលូ ពេលដែលផ្លូវនិងលូរងការខូចខាតជាច្រើនកន្លែង។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តរតនគិរី បានបង្ហើបឲ្យដឹងថាលោក ស៊ុន បូលីន ប្រធានមន្ទីរសាធារណការខេត្តរតនគិរី និងបក្ខពួកមួយក្ដាប់តូចកំពុងឃុបឃិតគ្នាកេងប្រវ័ញ្ចថវិកាគម្រោងស្ថាបនាផ្លូវ ជួសជុលផ្លូវ និងគម្រោងផ្សេងៗទៀតដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទើបពួកគេមិនយកចិត្តទុកដាក់ក្នុងការជួសជុលផ្លូវដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋរងការលំបាកយ៉ាងខ្លាំង។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរមើលរំលងភាពអសកម្មនិងអំពើពុករលួយរបស់លោក ស៊ុន បូលីន តទៅទៀតទេព្រោះរឿងអាស្រូវពុករលួយរបស់លោក ស៊ុន បូលីន ត្រូវបានមន្ត្រីក្រោមឱវាទបើកកកាយជាបន្តបន្ទាប់៕