ប្រភពពីមន្ត្រីរាជការនៅ ក្នុងមន្ទីរកសិកម្មខេត្តបន្ទាយមាន ជ័យ បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនអង្គរសុខ សារិទ្ធ និងក្រុម ហ៊ុនដទៃទៀតនាំចូល ជ្រូកតាមច្រកបឹងត្រកួន និងច្រកផ្សេងៗលើសពីអា ជ្ញាប័ណ្ណកំណត់ព្រោះ មានការឃុបឃិត បើកដៃពីសំណាក់លោក ហ៊ុយ ទូច និងមន្ត្រីពេទ្យសត្វប្រចាំនៅច្រកព្រំដែន។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើនៅក្នុងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យឈ្មួញនាំចូលជ្រូករស់ក្នុងមួយថ្ងៃ២៥០ក្បាលគឺឈ្មួញនាំចូលយ៉ាងតិចចាប់ពី៣០០ក្បាលឡើងទៅ ព្រោះមានការឃុបឃិតជាប្រព័ន្ធរួចទៅហើយ។ តាមការអះអាងរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនខ្មែរ-សៀម ក្នុងស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកស្វាយចេក បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញម្ចាស់ក្រុមហ៊ុនមួយចំនួនបាននាំចូលជ្រូករស់ គោក្របី និងមាន់ទាពីទឹកដីសៀមចូលទឹកដីខ្មែរកាន់តែច្រើនឡើងៗ ហើយមន្ត្រីពេទ្យសត្វក្រោមការគ្រប់គ្រងរបស់លោក ហ៊ុយ ទូច មិនចាត់វិធានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។ ជាការពិតកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចនៅច្រកបឹងត្រកួនបានឲ្យដឹងថា ឈ្មួញនាំចូលជ្រូកចំនួន៣០០ក្បាលប៉ុន្តែមន្ត្រីពាក់ព័ន្ធនៅច្រកនេះបានឲ្យដឹងថា ឈ្មួញនាំច្រូកជ្រូកដល់ទៅជាង៧០០ក្បាលដោយសារមានការឃុបឃិតជួយបិទបាំងពីសំណាក់ក្រុមមន្ត្រីពុករលួយ។
ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនច្រកបឹងត្រកួន បានឲ្យដឹងថា រហូតមកដល់ពេលនេះមានក្រុមហ៊ុនមួយចំនួននាំចូលជ្រូកពីប្រទេសសៀមតាមច្រកបឹងត្រកួនយ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយដែលគិតគូរតែរឿងប្រមូលលុយដាក់ហោប៉ៅ។ មានការរិះគន់ចំៗថាលោក ហ៊ុយ ទូច មេពេទ្យសត្វខេត្តបន្ទាយមានជ័យ មិនដែលចាត់វិធានការត្រួតពិនិត្យចំនួនជ្រូកដែលក្រុមហ៊ុននិងក្រុមឈ្មួញនាំចូលតាមច្រកបឹងត្រកួននិងច្រកផ្សេងៗទៀតនោះទេ ហេតុនេះហើយទើបក្រុមឈ្មួញតែងនាំចូលជ្រូកលើសពីការកំណត់នៅក្នុងអាជ្ញាប័ណ្ណ។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យឡើងវិញអំពីបញ្ហានេះ ហើយចាត់វិធានការទប់ស្កាត់ជាបន្ទាន់ព្រោះករណីលោក ហ៊ុយ ទូច មេពេទ្យសត្វខេត្តបន្ទាយមានជ័យ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ផងដែរ។
ថ្មីៗនេះមានរថយន្តធុនធំ១គ្រឿងដឹកជញ្ជូនជ្រូករស់ពីទឹកដីសៀមចូលទឹកដីខ្មែរ ហើយយកទៅសាងដាក់រថយន្តនៅទីតាំងមួយកន្លែងក្បែររង្វង់មូលផ្លូវជាតិលេខ៥៨ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយម្ចាស់ទីតាំងនោះត្រូវបានគេស្គាល់ថាជាស្ត្រីម្នាក់ឈ្មោះ សុខ លាង អាយុប្រមាណជាង៣០ឆ្នាំ។ ស្ត្រីឈ្មោះ សុខ លាង បានអះអាងថាខ្លួនជាតំណាងក្រុមហ៊ុនអង្គរសុខសារិទ្ធ ដែលមានសិទ្ធិនាំចូលជ្រូកពីប្រទេសជិតខាង ហើយក្រុមហ៊ុននេះនាំចូលជ្រូក២៥០ក្បាលកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីយកទៅចែកចាយនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។ អ្វីដែលធ្វើឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាប់អារម្មណ៍នោះ គឺតំណាងក្រុមហ៊ុនអង្គរសុខសារិទ្ធ អះអាងថាជ្រូកមាន២៥០ក្បាល ប៉ុន្តែជាក់ស្ដែងជ្រូកទាំងអស់មានដល់ទៅជាង៧០០ក្បាល។បឋម