ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅ ក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុមឈ្មួញនិងអាជីវករ ព្រមទាំងម្ចាស់ ក្រុមហ៊ុនរថយន្ត ក្រុងដឹកជញ្ជូនអ្នកដំណើរ ឆ្លងកាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មន្ត្រីគយដែលពូកែគាប យកលុយតាមរបៀបពុករលួយ គឺឈ្មោះ អឿន និងឈ្មោះ រី ហើយពួកគេធ្វើអ្វីៗតាមបញ្ជារបស់លោក ឈួន សុភាព។ សកម្មភាពនៃអំពើពុករលួយរបស់មន្ត្រីគយចល័តនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលកំពុងឈរជើងនៅចំណុចប៉ុស្ដិ៍ក្បែរគល់ស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ កំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងព្រោះពួកគេកំពុងប្រើអំណាចគាបសង្កត់ជំរិតយកលុយពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញស្រេចតែអំពើចិត្ត។ សូម្បីតែក្រុមឈ្មួញរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរហើយផ្ទុកទំនិញបន្តិចបន្តួចក៏ត្រូវគយចល័តមួយក្រុមនោះជំរិតយកលុយយ៉ាងកំរោលដែរ។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវនោះ គួរចាត់វិធានការលុបបំបាត់អំពើពុករលួយរបស់គយចល័តប្រចាំប៉ុស្ដិ៍ក្បែរគល់ស្ពានទឹកថ្លា ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ ជាបន្ទាន់ព្រោះលោក ឈួន សុភាព និងបក្ខពួកកំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទមបំផុត។ ប្រភពខ្លះបានឲ្យដឹងថា ការដែលលោក ឈួន សុភាព ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅខាងលើ ដូច្នេះលោក គុណ ញឹម ដែលជាមេគយធំគួរពិនិត្យឡើងវិញខ្លះផង។
មានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវនោះចាត់វិធានការលុបបំបាត់អំពើពុករលួយរបស់លោក ឈួន សុភាព មេគយផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យ ជាបន្ទាន់។ ដោយហេតុថា លោក ឈួន សុភាព មេគយចល័តប្រចាំប៉ុស្ដិ៍ផ្លូវជាតិលេខ៥ ក្បែរគល់ស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ កំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយគាបយកលុយពីក្រុមឈ្មួញ ក្រុមអាជីវករ និងប្រជាពលរដ្ឋដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ យ៉ាងគឃ្លើន។ ដូច្នេះលោក ឱម យ៉ិនទៀង មិនគួរបណ្ដោយឲ្យមន្ត្រីគយពុករលួយដូចជាលោក ឈួន សុភាព ធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀតទេព្រោះទង្វើរបស់លោក ឈួន សុភាព គឺជាអំពើពុករលួយនៅលើដងផ្លូវយ៉ាងច្បាស់ក្រឡែត។
បើតាមប្រភពពីក្រុមឈ្មួញនិងអាជីវករតូចតាចដែលរកស៊ីដឹកជញ្ជូនទំនិញពីច្រកប៉ោយប៉ែត ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ចូលមករាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ បានលាតត្រដាងជាសាធារណៈនូវអំពើពុករលួយរបស់ក្រុមគយចល័តនៅប៉ុស្ដិ៍ក្បែរគល់ស្ពានទឹកថ្លា ក្រោមការគ្រប់គ្រងរបស់លោក ឈួន សុភាព។ ប្រភពបានឲ្យដឹងទៀតថាលោក ឈួន សុភាព មេគយចល័តប្រចាំប៉ុស្ដិ៍លើផ្លូវជាតិលេខ៥ ក្បែរគល់ស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ និងបក្ខពួកកំពុងប្រើតួនាទីប្រើអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ប្រការនេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មិនគួរបណ្ដែតបណ្ដោយឲ្យលោក ឈួន សុភាព និងបក្ខពួកប្រព្រឹត្តអំពើពុករលួយស្រេចតែអំពើចិត្តតទៅទៀតទេ។
ជុំវិញអំពើពុករលួយរបស់លោក ឈួន សុភាព និងបក្ខពួកត្រូវបានក្រុមឈ្មួញនិងអាជីវករមួយចំនួនបានឲ្យដឹងថា គយចល័តមួយក្រុមនេះកំពុងប្រមូលលុយតាមរបៀបពុករលួយយ៉ាងគឃ្លើន ជាក់ស្ដែងគ្រាន់តែលុយថ្លៃបាយ ថ្លៃទឹក ប្រចាំខែគឺក្នុងមួយខែៗរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរហើយមានផ្ទុកទំនិញបន្តិចបន្តួចដើម្បីរួចថ្លៃសាំងត្រូវបង់ឲ្យពួកគេក្នុងមួយរថយន្តពី៦លានរៀលទៅ៧លានរៀល។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើក្រុមហ៊ុនណាមានរថយន្ត៥គ្រឿងបើកបរឆ្លងកាត់ប៉ុស្ដិ៍ឈរជើងរបស់គយចល័តនៅចំណុចគល់ស្ពានទឹកថ្លានោះ គឺត្រូវគេរាប់ចំនួនក្បាលរថយន្តយកលុយតែម្តងហើយមិនដឹងថាយកលុយទាំងនោះទៅធ្វើអ្វីខ្លះឡើយ។បឋម