ខេត្តកណ្តាល នៅច្រកក្អមសំណនេះ ឈ្មួញធំៗមួយចំនួនបានរកស៊ី នាំចូលគ្រឿងដែក ស៊ីម៉ងត៍ ក្បឿង ឥដ្ឋការ៉ូ មកពីស្រុកយួន ដោយបង់ពន្ធប្រមាណ ៣០ទៅ៥០ ភាគរយប៉ុណ្ណោះ ដោយមានលោក អ៊ឹម សុវណ្ណា ហៅរ៉ូ ជាអ្នកជួយសម្របសម្រួល ក្លែងបន្លំប្រភេទទំនិញ បញ្ចុះបរិមាណទំនិញ តាមរបៀបពុករលួយ។ ភាគច្រើន ឈ្មួញធំៗបានរត់ឯកសារ ឆ្លងកាត់ជំនាញគយ របស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ មុនពេលទូកដឹកទំនិញរបស់ពួកគេ ឆ្លងដែនចូលក្នុង ទឹកដីប្រទេសកម្ពុជា ទើបអ្វីៗដំណើរការ ដោយរលូនល្អ ហើយក្នុងអង្គភាពគយច្រកក្អមសំណរ លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ប្រើប្រាស់តែមន្ត្រី ២ទៅ៣ នាក់ ជាមនុស្សជំនិតរបស់គាត់ សម្រាប់ការងារប្រមូលលុយ កុំឲ្យបែករឿងវែងឆ្ងាយ ។
ការហូរចូលនូវទំនិញជា ប្រភេទគ្រឿងសំណង់ ជាពិសេសការនាំចូលដែក ភាគច្រើនមានការក្លែងទៅជាប្រភេទទំនិញវិនិយោគ ដែលបន្ទុកពន្ធអាករ ជារបស់រដ្ឋ ហើយលោក អ៊ឹម សុវណ្ណា ហៅរ៉ូ ក៏មានឱកាសកោសរូស បង្ខំឲ្យក្រុមឈ្មួញទាំងនោះ បង់លុយក្រោមតុ ក្នុងកម្រិតខ្ពស់ ដើម្បីចៀសផុតពីការបង្ក្រាប។ ឈ្មួញទាំងតូចទាំងធំ ដែលរកស៊ីនាំចូល ទំនិញគ្រប់ប្រភេទ មកពីសុទ្ធយួន សុទ្ធសឹងតែក្លាយជា សាច់ញាតិរបស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ដោយសារមានការទំនាក់ទំនង ឃុបឃិតគ្នាពុករលួយ លួចបន្លំចំណូលពន្ធរដ្ឋ តាមជំនាញបច្ចេកទេស ហើយមន្ត្រីគយតូចតាចជាច្រើន មួយថ្ងៃៗបន់ ១០ដង សឹងថាពេលត្រឡប់មកផ្ទះវិញ សែនជ្រូកខ្វៃ ដើម្បីឲ្យថ្នាក់លើ ដោះដូរតំណែងលោក អ៊ឹម សុវណ្ណា ហៅរ៉ូ ដែលគាបសង្កត់កេងប្រវ័ញ្ច លើកម្លាំងញើសឈាម របស់មន្ត្រីតូចតាច ច្រើនអាណត្តិមកហើយ។ ការឃុបឃិត ឲ្យក្រុមឈ្មួញនាំចូល ជ្រូកត្រចៀកខៀវ ផលិតផលពីបក្សី ជាពិសេសសកម្មភាពនាំចេញ ឈើគ្រញូងទៅលក់នៅស្រុកយួន ដែលមានរូបភាព កាន់តែអនាធិបតេយ្យ នៅច្រកក្អមសំណនេះ ក៏កើតឡើងដោយសារតែ ការឃុបឃិតបើកភ្លើងខៀវ ពីសំណាក់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ផងដែរ ព្រោះថា បើជំនាញគយ មិនផ្តល់ភ្លើងខៀវពីបញ្ហានេះ ច្បាស់ណាស់ដែលថា ក្រុមឈ្មួញមិនអាចធ្វើអ្វីៗ តាមតែអំពើចិត្តបានទេ។