ក្រោមអំណាចរបស់លោក ប៉ា សុជាតិវង្ស បានប្រើប្រាស់កម្លាំងសន្តិសុខឯកជនតាមបណ្តាខណ្ឌនីមួយៗធ្វើជាកម្លាំងស្នូល ដើម្បីបង្ក្រាបបាតុកម្មការតវ៉ាផ្សេងៗរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋតំបន់បឹងកក់ដែលធ្លាប់រងគ្រោះដោយសារអំពើព្រៃផ្សៃរបស់សមត្ថកិច្ចសាលារាជធានីភ្នំពេញ និងសាលាខណ្ឌដូនពេញ បានរិះគន់ថាកម្លាំងសន្តិសុខទាំងនោះ គឺជាកម្លាំងសម្រាប់វាយបង្ក្រាបនិងសម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ ជាក់ស្តែងពួកគាត់ត្រូវបានកម្លាំងទាំងនោះវាយទក់សាច់អស់ទៅហើយនៅពេលដែលពួកគាត់ធ្វើការតវ៉ាទាមទារឱ្យមានដំណោះស្រាយសមស្របចំពោះការបណ្តេញចេញពីទីជម្រក។ គេមិនដឹងថាសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថអសមត្ថភាព ឬក៏យ៉ាងណានោះទេ ទើបសាលារាជធានីភ្នំពេញ និងសាលាខណ្ឌនានាបង្កើតក្រុមសន្តិសុខឯកជនដើម្បីរៀបចំសណ្តាប់ធ្នាប់និងធ្វើការវាយបង្ក្រាបប្រជាពលរដ្ឋតាមអំពើចិត្ត។ ភាពសាហាវព្រៃផ្សៃរបស់កម្លាំងសន្តិសុខក្រុម២២ គឺជាអំពើគួរឱ្យស្អប់ខ្ពើមបំផុត ហើយពួកនោះអាចត្រូវប្រឈមនឹងការផ្តន្ទាទោសពីបទឧក្រិដ្ឋដែលពួកគេប្រព្រឹត្ត។ អ្នកស្រី ទេព វន្នី និងអ្នកស្រី យ៉ោម បុប្ផា លោកយាយ ង៉ែត ឃុន និងប្រជាពលរដ្ឋតំបន់បឹងកក់រាប់សិបនាក់ទៀត សុទ្ធតែធ្លាប់រងគ្រោះដោយសារស្នាដៃរបស់ក្រុមសន្តិសុខបិទមុខដ៏ឃោរឃៅទាំងនោះ។ ក្រុមសន្តិសុខបិទមុខដែលបច្ចុប្បន្នគេឱ្យឈ្មោះថាបាតដៃទី៣ កំពុងក្លាយជាក្រុមឃាតកដ៏សាហាវយង់ឃ្នងក្នុងការវាយបង្ក្រាបនិងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងកំរោល។ជាក់ស្តែងនៅពេលចុះទៅបណ្តេញក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ ក្រុមសន្តិសុខសាលារាជធានីភ្នំពេញរាប់រយនាក់ប្រដាប់ដោយដំបងដែក បំពង់ទីបប៉ុនៗកដៃ ដែលមានចងកំណាត់ពណ៌ក្រហមនៅដៃឆ្វេងរបស់ខ្លួន ហើយខ្លះមានពាក់វ៉ែនតាខ្មៅ និងពាក់មួកសុវត្ថិភាពដើម្បីបិទបាំងអត្តសញ្ញាណរបស់ពួកគេ។ មុនពេលបង្ក្រាបទៅលើក្រុមបាតុករអហិង្សានៅលើទីលានប្រជាធិបតេយ្យក្រុមសន្តិសុខអនាធិបតេយ្យទាំងនោះបានជួបប្រជុំគ្នាជាមុន ហើយបានរត់សំដៅចូលមកទីលានប្រជាធិបតេយ្យស្រែកសន្ធាប់ទៅលើក្រុមបាតុករ រួចប្រើដំបងដែកនិងបំពង់ទីប វាយទៅលើក្រុមបាតុករនិងកម្ទេចសម្ភារៈផ្សេងៗយ៉ាងកំរោល។ ទង្វើរបស់ក្រុមសន្តិសុខអនាធិបតេយ្យ ឬក្រុមស៊ីឈ្នួលទាំងនោះមានសភាពមិនខុសពីក្រុមចោរប្លន់ឡើយ ព្រោះសូម្បីតែគ្រឿងឧបភោគបរិភោគរបស់ក្រុមបាតុករនិងសម្ភារៈរបស់បាតុករក៏ត្រូវពួកគេដណ្តើមយកយ៉ាងគឃ្លើនដែរ។សកម្មភាពរបស់ក្រុមសន្តិសុខសាលារាជធានីភ្នំពេញក្នុងការបង្ក្រាបបាតុករនៅទីលានប្រជាធិបតេយ្យមិនខុសពីក្រុមឃាតកស៊ីឈ្នួលសម្លាប់មនុស្សឡើយ គឺពួកគេបានយកដំបងដែកនិងបំពង់ទីប គំរាមឱ្យពលរដ្ឋចាកចេញពីទីលានប្រជាធិបតេយ្យ។ សូម្បីតែអ្នកយកព័ត៌មានក្នុងស្រុកនិងអ្នកយកព័ត៌មានបរទេស ក៏ត្រូវរងគ្រោះដោយសារស្នាដៃរបស់ក្រុមសន្តិសុខសាលារាជធានីភ្នំពេញដ៏ឃោរឃៅព្រៃផ្សៃនោះដែរ។ ប្រការនេះត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិថ្កោលទោសយ៉ាងខ្លាំងក្លា ព្រោះគេមិននឹកស្មានថាលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងសាលាខណ្ឌនានាចំណាយលុយបង្កើតកម្លាំងស៊ីឈ្នួលដើម្បីធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់បែបនេះទាល់តែសោះ។ ដោយហេតុថាអំពើដែលកម្លាំងសន្តិសុខអនាធិបតេយ្យទាំងនោះបានប្រព្រឹត្តជាពិសេសកម្លាំងក្រុម២២ គឺជាក្រុមដែលប្រព្រឹត្តអំពើអាក្រក់យ៉ាងគួរឱ្យស្អប់ខ្ពើម។