ភរិយាលោក វន់ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អះអាងថា ស្វាមីរបស់គាត់នឹងត្រូវបាត់បង់ជីវិតក្នុងមណ្ឌលអប់រំកែប្រែម៣ នៅត្រពាំងថ្លុង ខេត្តកំពង់ចាម ប្រសិនបើមិនមានការព្យាបាលជម្ងឺទាន់ពេលវេលា។អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយា លោក វន់ ពៅ ឲ្យដឹងថា ប្តីរបស់គាត់មានជម្ងឺជាប់ប្រចាំកាយ ដុំសាច់មហារីកក្រលៀន និងជម្ងឺពងបែកក្នុងក្រពះពោះវៀនធ្ងន់ធ្ងរ។កន្លងទៅថ្មីៗនេះ អ្នកស្រី ប្រាក់ សុវណ្ណារី និងអ្នកមានជម្លោះដីធ្លីបឹងកក់ រួមនឹងសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដាក់ញត្តិនៅស្ថានទូតបរទេសប្រចាំនៅកម្ពុជាមួយចំនួន ដើម្បីសុំកិច្ចអន្តរាគមន៍ដោះលែង លោកវន់ពៅ និង មនុស្ស២២នាក់ទៀត ដែលសមត្ថកិច្ចចាប់ឃុំ ក្រោយយុទ្ធនាការបង្ក្រាបកាលពីថ្ងៃទី២ និង ទី៣ខែមករា។លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ក៏បានស្នើឲ្យតុលាការ នាំអ្នកទាំង២២នោះ រួមទាំងលោក វន់ ពៅ មកឃុំនៅរាជធានីភ្នំពេញវិញ ដើម្បីបង្កភាពងាយស្រួលដល់សាច់ញាតិសួរសុខទុក្ខ ថែទាំជំងឺ និងងាយស្រួលដល់ការពិគ្រោះយោបល់ជាមួយមេធាវីរបស់ពួកគេ៕