ប្រភពពីក្រុមឈ្មួញមួយចំនួន បានឲ្យដឹងថា ទោះបីពួកគេនាំចូល ទំនិញបង់ពន្ធត្រឹមត្រូវនៅ ច្រកព្រំដែនរួច រាល់យ៉ាង ណាក៏ដោយ ក៏ចៀសមិនផុត ពីបង់លុយលើតុ ក្រោមតុ ឲ្យលោក ហុង សាវុធ និងបក្ខពួកដែលមានជំនាញខាងប្រព្រឹត្តអំពើពុករលួយនោះទេ។ ប្រសិនបើអ្នកណាហ៊ានគេចវេះមិនបង់លុយលើតុ ក្រោមតុ ឲ្យលោក ហុង សាវុធ តាមការកំណត់ទេនោះ អាចត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃឬទទួលរងនូវការគំរាមកំហែងសព្វបែបយ៉ាងជាមិនខាន។ ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែសីហា កន្លងទៅថ្មីៗ ៗនេះលោក ហុង សាវុធ មន្ត្រីគយចល័តខេត្តបាត់ដំបង និងបក្ខពួកឈ្មោះ ស្រស់ បានចាប់រថយន្តដឹកទំនិញគេចពន្ធមួយគ្រឿងនៅចំណុចផ្លូវកោងក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយដោះលែងវិញដើម្បីជាថ្នូរនឹងប្រាក់៥០០ដុល្លារ។
រឿងអាស្រូវពុករលួយរបស់លោក ហុង សាវុធ មន្ត្រីគយចល័តខេត្តបាត់ដំបង ក្នុងការគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តបាត់ដំបង តាមអំពើចិត្តកំពុងធ្វើឲ្យមានការរិះគន់កាន់តែខ្លាំងឡើងៗថែមទៀត។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ហុង សាវុធ និងបក្ខពួកជាបន្ទាន់។ បើមិនដូច្នេះទេលោក ហុង សាវុធ ដែលមានការឃុបឃិតបើកដៃបីសំណាក់មេគយធំៗក្នុងខេត្តបាត់ដំបង បន្តប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត ព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា។
តាមប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថាលោក ហុង សាវុធ មន្រ្តីគយចល័តប្រចាំខេត្តបាត់ដំបង ព្រមទាំងបក្ខពួកបរិវារមួយចំនួនកំពុងឃុបឃិតគ្នាប្រើអំណាចតួនាទីប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងថាលោក ហុង សាវុធ និងបក្ខពួកបានឃុបឃិតឲ្យឈ្មួញធំៗមួយចំនួននាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ។ លោក ហុង សាវុធ ព្រមទាំងបក្ខពួកបានធ្វើសកម្មភាពគាបយកលុយពីឈ្មួញនិងអាជីវករតូចតាច ដែនាំចូលទំនិញស្របច្បាប់បង់ពន្ធជូនរដ្ឋត្រឹមត្រូវដោយគ្មានការយោគយល់បន្តិចណាឡើយ។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ហុង សាវុធ និងបរិវារហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះ គឺមានការសម្របសម្រួលពីសំណាក់មេគយធំៗក្នុងខេត្តបាត់ដំបង ផងដែរ។
បើតាមការបង្ហើបពីមន្ត្រីគយមួយចំនួននៅក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា មួយរយៈកន្លងទៅនេះលោក ហុង សាវុធ ព្រមទាំងបក្ខពួកប្រព្រឹត្តអំពើពុករលួយកាន់តែច្រើនឡើងៗ ជាពិសេសទាក់ទងទៅនឹងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រំដែនក្នុងស្រុកភ្នំព្រឹក ស្រុកកំរៀង និងស្រុកសំពៅលូន ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ លើសនេះទៅទៀតទោះបីឈ្មួញនាំចូលទំនិញស្របច្បាប់បង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែនយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីចំណាយលុយលើតុ ក្រោមតុ ថ្លៃបាយថ្លៃទឹក តាមការកំណត់របស់លោក ហុង សាវុធ និងបក្ខពួកឡើយ។ ក្នុងមួយថ្ងៃៗលោក ហុង សាវុធ និងបក្ខពួកប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលព្រោះមានការសម្របសម្រួលពីមេគយធំៗនៅក្នុងខេត្តបាត់ដំបង ផងដែរ។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវ មិនគួរមើលរំលងអំពើពុករលួយតាមច្រើនរូបភាពរបស់លោក ហុង សាវុធ មន្ត្រីគយចល័តខេត្តបាត់ដំបង ព្រមទាំងបក្ខពួកនោះទេ ព្រោះសព្វថ្ងៃនេះពួកគេកំពុងឃុបឃិតគ្នាប្រើអំណាចតួនាទីប្រព្រឹត្តអំពើពុករលួយ។បឋម