តាមសេចក្ដីរាយការណ៍ពី ប្រជានេសាទនៅឃុំពាមបាង បានឲ្យដឹងទៀតថា បទល្មើសនេសាទប្រើ ឧបករណ៍ខុស ច្បាប់រាលដាលកាន់តែខ្លាំង ធ្វើឲ្យធនធានមច្ឆជាតិកំពុង ប្រឈមនឹងសេចក្ដីវិនាស ចៀសមិនផុតឡើយ។ ហេតុនេះហើយទើបប្រជានេសាទអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ចាត់វិធានការទប់ស្កាត់បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប នៃស្រុកស្ទោង ខេត្តកំពង់ធំ ជាបន្ទាន់។ ដោយហេតុថាបច្ចុប្បន្នលោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដែលកំពុងរាលដាលយ៉ាងអនាធិបតេយ្យនៅក្នុងស្រុកស្ទោង នោះទេ។
ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា នៅក្នុងរដូវបិទនេសាទនេះបទល្មើសប្រើឧបករណ៍ខុសច្បាប់ប្រភេទរបាំងសាច់អួនក្រឡាញឹក និងរបាំងលូស្បៃមុងកំពុងកើតឡើងយ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា ការដែលបទល្មើសនេសាទប្រើឧបករណ៍នេសាទកើតឡើងយ៉ាងពេញបន្ទុក គឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតដែលគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន។ ក្នុងនោះលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង និងបក្ខពួកកំពុងសប្បាយប្រមូលលុយពីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងរដូវបិទនេសាទ ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
តាមការអះអាងរបស់ប្រជានេសាទក្នុងឃុំពាមបាង បានឲ្យដឹងទៀតថា កន្លងមកមានសមត្ថកិច្ចចម្រុះចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងមូលដ្ឋានពួកគាត់ជាបន្តបន្ទាប់ ក៏ប៉ុន្តែសមត្ថកិច្ចចម្រុះបង្ក្រាបតែបទល្មើសតូចតាចប៉ុណ្ណោះ ហើយបទល្មើសទ្រង់ទ្រាយធំនៅតែកើតឡើងយ៉ាងពេញបន្ទុក។ អាចនិយាយបានថា ការបង្ក្រាបរបស់សមត្ថកិច្ចចម្រុះនាពេលកន្លងមកបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះក្រោយពេលសមត្ថកិច្ចចម្រុះចេញផុតគឺក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំបន្តធ្វើសកម្មភាពឡើងវិញយ៉ាងគឃ្លើនដដែល។ ប្រការនេះថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យមើលភាពអសកម្មរបស់មន្ត្រីអាជ្ញាធរខេត្តកំពង់ធំ និងមន្ត្រីរដ្ឋបាលជលផលក្នុងខេត្តកំពង់ធំ ជាបន្ទាន់ព្រោះពួកគេមិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ឲ្យស្របទៅតាមបទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាល។បឋម