ខេត្តស្ទឹងត្រែង ៖ ជនរងគ្រោះម្នាក់ឈ្មោះ ឆាយ ប៊ុន ភេទប្រុស អាយុ ៥៩ឆ្នាំនៅភូមិ-ឃុំថាឡា ស្រុកថាឡាបរិវាត់ខេត្តស្ទឹងត្រែង បានទទូចហៅអាជ្ញាធរខេត្តឲ្យជួយរកយុត្តិធម៌ឲ្យពួកគាត់ដែលកំពុងរងគ្រោះចំនួន៥នាក់ ត្រូវលោក ស័ក្តិប្រាំ អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ធ្វើទារុណកម្មវាយដុំយ៉ាងកម្រោលគ្មានកំហុស ។ ក្រៅពីជេរប្រមាថមិនស្មើនឹងសត្វធាតុ ប្រមាថដល់អាយុជីវិត គឺវាយដំយ៉ាងព្រៃផ្សៃបណ្តាលឲ្យរងរបួសគ្រាំគ្រាធ្ងន់ធ្ងរស្ទើរស្លាប់ រហូតដល់ដេកពេទ្យក្នុងស្ថានភាពសង្គ្រោះជាបន្ទាន់។
ការលេចធ្លាយនូវអំពើឃោរឃៅធ្វើទារុណកម្មខុសច្បាប់នេះ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ ជនរងគ្រោះទាំងអស់៥នាក់ មានទីលំនៅជាមួយគ្នានៅ ភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទី១ឈ្មោះ ឆាយ ប៊ុន ភេទប្រុស អាយុ ៥៩ឆ្នាំ ដែលមេប៉េអឹមវាយឲ្យរបួសធ្ងន់, ទី២ប៊ុន សុភាព ភេទស្រីអាយុ៣១ឆ្នាំ ត្រូវជាកូន(នៅមើលថែជនរងគ្រោះនៅមន្ទីពេទ្យ) និងបីនាក់ទៀតមានឈ្មោះ ប៊ុន ចាន់ធូ ភេទស្រី អាយុ២១ឆ្នាំ និងពីនាក់ទៀតជាតៃកុងរថយន្ត ពុំស្គាល់ឈ្មោះ ហើយអ្នកទាំងបី កំពុងស្ថិតក្នុងការឃុំឃាំងក្នុងទ្រុងដែកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដ៏ហិង្សា ។បន្ទាប់ពីបែករឿងខ្ចខ្ចាយដឹង លោក ម៉ៅ ធនិន អភិបាលរងខេត្ត តាមបញ្ជាពី លោក កុល សំអុល អភិបាល នែគណៈអភិបាលខេត្តស្ទឹងត្រែង បានចុះទៅសួរសុខទុក្ខដល់ជនរងគ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យសភាពជាក់ស្តែងអំពីរឿងរ៉ាវនេះដើម្បីរាយការណ៍ជូនគណៈអភិបាលខេត្តស្ទឹងត្រែង។
លោកស្រី ប៊ុន សុភាព អាយុ៣១ឆ្នាំ ដែលជាកូនស្រីរបស់ជនរងគ្រោះ និងជាជនរងគ្រោះដែរនោះ បាននិយាយអះអាងថាៈ នេះជារឿងពិតដែលលោកស្រី និងពួកគាត់ទាំងអស់គ្នាត្រូវប៉េអ៊ឹម ធ្វើទារុណកម្ម បង្កភាពឈឺចាប់ យ៉ាងព្រៃផ្សៃដោយចាប់ ដាក់ឃុំឃាំង ហើយបញ្ជាឲ្យស្រាតខោអាវទាំងរូបគាត់សល់តែខោស្លីប និងចាប់បង្ខំឲ្យផ្តិតមេដៃ លើកំណត់ហេតុដែលលោកមេបញ្ជារការអាវុធហត្ថខេត្តបានរៀបចំឡើងជាស្រេច ដែលខុសពីការពិត ពីព្រោះតែមូលហេតុពួកគាត់ទៅសុំយកក្របីវិញតាមដីកាសម្រេច សាលាដំបូងខេត្តស្ទឹងត្រែង ដែលនៅសេសសល់យកមិនទាន់អស់នៅឯទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងរក្សាទុក ក្រោយពីសមត្ថកិច្ចអាវុធហត្ថរបស់ចាប់ក្របីរបស់គាត់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ កន្លងមក ដែលមិនបានក្របីវិញទេតែបែរជាទទួលរងនូវការវាយដំជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ទៅវិញ។ ជនរងគ្រោះបានសំណូមពរដល់អាជ្ញាធរខេត្តឲ្យជួយរកយុត្តិធម៌ឲ្យពួកគាត់ផង។ជាមួយគ្នានេះដែរ លោក កុល សំអុល អភិបាលរងខេត្តស្ទឹងត្រែង បានឲ្យជំរុញឲ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលឲ្យអស់ពីលទ្ធភាពជួនជនរងគ្រោះប្រសិនបើមានហេតុការណ៍ណាមួយកើតឡើងចំពោះជនរងគ្រោះនៅក្នុងមន្ទីរពេទ្យត្រូវទូរស័ព្ទទៅលោកភ្លាម។
ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងសព្វថ្ងៃកំពុងតែមានការ ព្រួយបារម្ភ និងភិតភ័យចំពោះ ស្ថាប័នប្រដាប់អាវុធហត្ថមួយនេះក្រោមការដឹកនាំដោយ លោក អៀង វ៉ាន់ឌី ដែលទើបតែផ្លាស់មកកាន់តំណែងជាមេបញ្ជាការរយៈពេលខ្លីសោះ ប៉ុន្តែសម្បូរទៅដោយរឿងរ៉ាវប៉ះទង្គិចជាមួយប្រជាពលរដ្ឋដែលប្រើអំណាចហួសដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងបទបញ្ជាបេសកកម្មរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថភាពជូនប្រជាពលរដ្ឋ ដើម្បីការពារកិត្យានុភាពរបស់អង្គភាពកងរាជអាវុធហត្ថ និងរាជរដ្ឋភិបាល តែផ្ទុយទៅវិញបែរជាបែរជាប្រព្រឹត្តអំណាចធ្វើឲ្យខូចមុខមាត់ថ្នាក់លើ ជាពិសេស សម្តេចតេជោ ហ៊ុន សែន យ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យប្រជាពលរដ្ឋមានចិត្តថ្នាំងថ្នាក់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាជាមូលហេតុធ្វើឲ្យបាត់ការគាំទ្រ។ ករណីនេះជនរងគ្រោះ និងប្រជាពលរដ្ឋទាមទារឲ្យ លោកអភិបាលខេត្ត ក៏ដូចជា លោកនាឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាមានវិធានការកែលំអរអង្គភាពអាវុធហត្ថខេត្តស្ទឹងត្រែងនេះជាបន្ទាន់ ដើម្បីចៀសវៀងការប្រព្រឹត្តខុស របស់លោក អៀង វ៉ាន់ឌីលើប្រជាពលរដ្ឋស្លូតត្រង់ជាបន្តទៀត៕