ការបង្កើតក្រុមមនុស្សបិទមុខដ៏សាហាវព្រៃផ្សៃឱ្យធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ដែលគ្រាន់តែប្រមូលផ្តុំគ្នាធ្វើបាតុកម្មអហិង្សា ឬយកញត្តិទៅដានៅតាមបណ្តាស្ថានទូតនានា កំពុងតែធ្វើឱ្យ ហ៊ុន សែន និងគណបក្សប្រជាជនកាន់តែបាត់បង់ការគាំទ្រពីពលរដ្ឋ។ ក្រុមជនបិទមុខទាំងនោះគឺជាឃាតកយ៉ាងសាហាវព្រៃផ្សៃ ព្រោះពួកគេបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់យ៉ាងឃោរឃៅ ដោយគ្មានមនុស្សធម៌ក្នុងខ្លួនបន្តិចណាឡើយ។ គេមិនដឹងថាក្រុមជនបិទមុខដ៏សាហាវទាំងនោះទទួលលុយពីអាជ្ញាធររាជធានីភ្នំពេញ ក្នុងមួយថ្ងៃប៉ុន្មានម៉ឺនរៀលនោះទេ ទើបពួកគេហ៊ានលើកដំបង បំពង់ទីប និងដែកស្បែង វាយបង្ក្រាបប្រជាពលរដ្ឋស្លូតត្រង់យ៉ាងកំរោល។ ការដែលក្រសួងមហាផ្ទៃនិងស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេសមិនទទួលស្គាល់សមាសភាពក្រុមជនបិទមុខទាំងនោះមានន័យថាពួកគេ គឺជាក្រុមអនាធិបតេយ្យដែលអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរតាមបណ្តាខណ្ឌនានាបង្កើតឡើងសម្រាប់បង្ក្រាបប្រជាពលរដ្ឋស្លូតត្រង់។ ដូច្នេះប៉ា សុជាតិវង្ស ជាអ្នកទទួលខុសត្រូវធំជាងគេចំពោះការបង្កើតក្រុមជនបិទមុខឱ្យប្រើអំពើហិង្សានិងវាយធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ព្រោះពួកនោះស្ថិតនៅក្រោមបញ្ជារបស់ ប៉ា សុជាតិវង្ស។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានចោទប្រកាន់ថា ក្រុមចងកំណាត់ក្រហមនៅដើមដៃ ហើយធ្វើសកម្មភាពវាយបង្ក្រាបប្រជាពលរដ្ឋស្លូតត្រង់នោះអាចជាចេតនារបស់មន្ត្រីរដ្ឋាភិបាលយកមនុស្សសេពគ្រឿងញៀនពីមណ្ឌលអប់រំកែប្រែនៅខេត្តបន្ទាយមានជ័យឱ្យមកបំបែកក្រុមបាតុករដែលទាមទារឱ្យមានការបោះឆ្នោតឡើងវិញ។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ក្រុមជនបិទមុខបានបង្ហាញវត្តមានយ៉ាងច្រើននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងពេលដែលលោក សម រង្ស៊ី លោក កឹម សុខា និងលោក រ៉ុង ឈុន ចូលទៅបំភ្លឺក្នុងតុលាការតាមដីកាកោះហៅ។ វត្តមានរបស់ក្រុមជនបិទមុខទាំងនោះធ្វើឱ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ហើយវាយតម្លៃថាមកពីរដ្ឋាភិបាល ហ៊ុន សែន បញ្ជាលើនគរបាលនិងកងរាជអាវុធហត្ថលែងបាន ទើបគេប្រើប្រាស់ក្រុមជនបិទមុខមានចងកំណាត់ក្រហមឱ្យបង្ក្រាបក្រុមអ្នកតវ៉ា និងពលរដ្ឋស្លូតត្រង់។ ក្រុមមន្ត្រីអង្គការសិទ្ធិមនុស្សបានថ្កោលទោសថា ការពង្រាយកម្លាំងដែលគ្មានអត្តសញ្ញាណនិងឯកសណ្ឋានច្បាស់លាស់សម្រាប់រក្សាសណ្តាប់ធ្នាប់ ឬបង្ក្រាបបាតុករនោះ គឺជាអំពើខុសច្បាប់ទាំងស្រុង។ គេមិនដឹងថារដ្ឋាភិបាល ហ៊ុន សែន បាត់បង់ការគាំទ្រពីសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថឬយ៉ាងណានោះទេ ទើបគេបញ្ចេញក្រុមជនបិទមុខដ៏សាហាវព្រៃផ្សៃឱ្យមកបង្ក្រាបពលរដ្ឋស្លូតត្រង់។ ការប្រើប្រាស់ក្រុមជនបិទមុខទាំងនោះធ្វើឱ្យប្រជាពលរដ្ឋថ្កោលទោស ហ៊ុន សែន និងគណបក្សប្រជាជនកាន់តែខ្លាំងក្លាថែមទៀត។មជ្ឈដ្ឋានជាតិនិងអន្តរជាតិបានលើកឡើងថា ការបង្កើតក្រុមជនបិទមុខដើម្បីបង្ក្រាបទៅលើប្រជាពលរដ្ឋស្លូតត្រង់ ក៏ដូចជាសកម្មជនដីធ្លីនិងសកម្មជនសិទ្ធិមនុស្ស គឺជាទង្វើអាក្រក់បំផុតរបស់អាជ្ញាធររាជធានីភ្នំពេញ និងរដ្ឋាភិបាលមិនស្របច្បាប់របស់ ហ៊ុន សែន។