លោក ​ហេង ផល្លាប្រធា​នស្ថានីយ៍ជ​ញ្ជីងថ្លឹងរថយន្ត​ផ្លូវជាតិលេខ​៦អាប្រព្រឹត្តអំ​ពើពុករលួ​យមិ​នញញើតអ​ង្គភាព​ប្រឆាំងអំពើ​ពុករលួ​យ

ប្រភពពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ ​និង​ដឹកជញ្ជូន​ឈើ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ ស្រុក​បាធាយ បាន​ឲ្យ​ដឹងថា  សម្រាប់​រថយន្ត​ដឹកឈើ​ធុន​ធំ​ ភ្លៅ​៤ ត្រូវ​បង់​ក្នុង​មួយ​ជើង​ចាប់ពី​១០​ ម៉ឺន​រៀល​ទៅ​១៥​ម៉ឺន​រៀល  ដោយ​មិន ចាំ បាច់​ចូល​ថ្លឹង​អ្វី​ទាំងអស់​។  ចំណែក​រថយន្ត​ដឹក​ស៊ីម៉ងត៍ និង​ដឹកទំនិញ​ផ្សេងៗ​ ក៏ត្រូវ​ចូល​បង់លុយ​ឲ្យ​ ក្រុមមន្ត្រី​របស់លោក ហេង ផល្លា ក្នុង​មួយ​ជើង​ពី​៦​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​ផងដែរ ហើយ​សម្រាប់​រថយន្ត​ដឹកអុស​ត្រូវ​បង់​ក្នុង​មួយ​ជើង​ពី​៦​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល​ទើប​អាច​ឆ្លងកាត់​ស្ថានីយ៍​ថ្លឹង​រថយន្ត​នោះ​ដោយ​គ្មាន​ការរំខាន​។ អាចនិយាយបាន​ថា​លោក ហេង ផល្លា និង​បក្ខពួក​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​ព្រោះ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជាពិសេស​លោក សេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស​កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។

មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៦​អា ភូមិ​ជានា ឃុំ​ជានា ស្រុក​បាធាយ ខេត្តកំពង់ចាម និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ហេង ផល្លា និង​បក្ខពួក​មិនដែល​ធ្វើការ​ផាកពិន័យ​ម្ចាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឬត​កន្ទុយ ត​ទ្រុង ខុស​លក្ខណៈ​បច្ចេកទេស​នោះឡើយ ហើយ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ការដែល​លោក ហេង ផល្លា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហេង ផល្លា បាន​ឲ្យ​ដឹងថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម ក៏ដូចជា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គឺជា​បង្អែក​រឹងមាំ​របស់លោក ហេង ផល្លា ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​។ មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ទៀតថា​លោក ហេង ផល្លា តែង​ប្រើប្រាស់​ឈ្មោះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដើម្បី​ការពារ​អំពើពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ហេង ផល្លា ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។បឋម

50183062_220900535485182_5743103983287795712_n 50276816_2088641774759794_8603587060378370048_n