ឈ្មួញជាច្រើន​នាក់ស​ម្រុកដឹកជញ្ជូន​ឈើខុសច្បាប់​មិនបង់លុ​យត្រូវនគរ​បាលប្រឆាំ​ងបទ​ល្មើសសេ​ដ្ឋកិច្ចខេត្ត​ស្ទឹង​ត្រែងប​ង្ក្រាបភ្លា​ម

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ឃុំ​អូរ​ប្ញ​ស្សី​កណ្ដាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង បាន​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ប្រភេទ​ទេសចរណ៍​ចំនួន​២​គ្រឿង​ដែល​ដឹកឈើ​កកោះ ប្រភេទ​លេខ​១ ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ ប្រភពពី​សមត្ថកិច្ច​ឃុំ​អូរ​ប្ញ​ស្សី​កណ្ដាល បាន​ឲ្យ​ដឹងថា រថយន្ត​សាំ​យ៉ុង​ទាំង​២​គ្រឿង​នោះ​ដឹកឈើ​កកោះ​ប្រភេទ​លេខ​១ ឆ្លងកាត់​ទី​រួម​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តក្រចេះ ហើយ​ត្រូវ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាប​នៅ​ចំណុច​ភូមិ​អូរ​ប្ញ​ស្សី​កណ្ដាល ឃុំ​អូរ​ប្ញ​ស្សី​កណ្ដាល ស្រុក​សៀម​បូក រួច​ប្រគល់​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជា​អ្នកចាត់ការ​តាម​នីតិវិធី​។ ប៉ុ​ន្តេ​ដំណាក់​ការ​របស់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង ត្រូវ​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ព្រោះ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ទំនើបៗ​ទាំង​ខ្សែៗ​មិនឃើញ​សមត្ថកិច្ច​បង្ក្រាប​ឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​ទាំង​យួន​ទាំង​ខ្មែរ​នៅតែ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តក្រចេះ និង​ខេត្តរតនគិរី យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ យូរៗ​ម្តង​ទើប​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង​ទៅ​២​គ្រឿង​ដើម្បី​បង្ហាញ​ស្នាដៃ​របស់ខ្លួន ដោយសារតែ​ឈ្មួញ​ម្ចាស់​រថយន្ត​ដឹកឈើ​ទាំងនោះ​មិន​បង់លុយ​តាម​ការកំណត់​។ ចំណែក​ឈ្មួញ​ដែល​បង់លុយ​តាម​ការកំណត់​របស់​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។

​ ​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​ទាំង​យួន​ទាំង​ខ្មែរ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សៀម​ប៉ាង ស្រុក​សៀម​បូក និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ចូលទៅ​ខេត្តក្រចេះ និង​ខេត្តរតនគិរី យ៉ាង​គគ្រឹកគគ្រេង​។ ករណី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​កកោះ ២​គ្រឿង​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​ព្រោះ​អត្តសញ្ញាណ​ឈ្មួញ​ម្ចាស់​ឈើ​មិន​ត្រូវបាន​សមត្ថកិច្ច​លា​ត​ត្រដាង​នៅឡើយ​ទេ​។ ជាងនេះទៅទៀត​បច្ចុប្បន្ន​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​មួយចំនួន​ដឹកជញ្ជូន​ឈើ​តាម​ក្បួន​រថយន្ត​ទាំង​ខ្សែៗ​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តរតនគិរី និង​ខេត្តក្រចេះ មិនដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ទប់ស្កាត់​តាម​តួនាទី​របស់ខ្លួន​ឡើយ​។បឋម

50309981_292607311454555_2436459896762269696_n 50032047_2260365280912441_7630920213583626240_n