អំ​ណា​ចរ​ប​ស់​ ប៉ុល​ សៀ​ង ក្នុ​ងកា​រប្រមូ​លលុ​យ​ពីការ​ង្រា​យន​គរ​បាល​សេដ្ឋ​កិច្ច

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​ឲ្យ​ដឹងថា រាល់ថ្ងៃ​ពួកគាត់​ដឹកទំនិញ​ឬ​កសិផល​ចេញទៅ​លក់​នៅ​ស្រុក​យួន ក៏ដូចជា​ទំនិញ​នាំ​ចូលមក​លក់​ចែកចាយ​ក្នុងប្រទេស​កម្ពុជា ត្រូវ​ជំនាញ​គយ​បង្គាប់​ឲ្យ​បង់ពន្ធ​ទៅតាម​ច្បាប់​ដែល​បានកំណត់ ក៏​ត្រូវតែ​បង់លុយ​ឲ្យ​ប៉ុស្តិ៍​ជជុះ​របស់​សមត្ថកិច្ច​នៅជាប់​ព្រំដែន មិនតិចជាង​១០​កន្លែង​នោះទេ ហើយ​ពេល​ដឹកជញ្ជូន​ទំនិញ​ចូលមក​ដល់​ក្នុងប្រទេស​កម្ពុជា ត្រូវ​បង់លុយ​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ប្រចាំខេត្ត​នីមួយៗ ប្រសិនបើ​ឆ្លងកាត់​៣​ខេត្ត គ្រាន់តែ​បង់​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ចំនួន​៣​កន្លែង​បាត់ទៅហើយ នៅសល់​នគរបាល​សេដ្ឋកិច្ច​ក្រសួង ក៏មាន​៣​កន្លែង គឺ​ទី​១ នគរបាល​សេដ្ឋកិច្ច​កាន់​ផ្នែក​ទំនិញ ហើយ​នគរបាល​សេដ្ឋកិច្ច​ក្រសួង ដែល​កាន់​ផ្នែក​បទល្មើស​ព្រៃឈើ ក៏​មក​ទារលុយ​ពី​ឡាន​ដឹកទំនិញ ជាពិសេស​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ដែល​ចុះ​តាម​ផ្លូវជាតិ ក៏ត្រូវ​បង់លុយ​សឹងតែ​វ័ណ្ឌ​.​ក​ទៅហើយ​។

លោក ប៉ុល សៀង ជា​ប្រធានការិយាល័យ​រដ្ឋបាល​ស​រុ​ប​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ក្លាយជា​មន្ត្រី​រីកមុខ​គ្រប់​រដូវ​ទោះជា​មានការ​ដោះដូរ​ប្រធាន​នាយកដ្ឋាន​ប៉ុន្មាន​ជំនាន់​រួចហើយ​ក៏ដោយ ក៏​លោក ប៉ុល សៀង នៅតែមាន​សិទ្ធិអំណាច​កាន់ការ​ងារ​ផ្នែក​ចាត់តាំង ប្រមូល​លុយ​ពី​នគរបាល​សេដ្ឋកិច្ច​ដែល​ត្រូវ​ចុះ​ប៉ុស្តិ៍​តាមផ្លូវ​ជាតិ តាម​ខេត្ត​និង​តាម​ផែស្ងួត​ជាដើម​ឲ្យ​បង់លុយ​ទៅតាម​ចំនួន​ដែល​បានកំណត់​សម្រាប់​ការទិញ​ប៉ុស្តិ៍​ជា​ថ្នូរ​នៃ​ការទទួលបាន​លិខិត​បេសកកម្ម​រយៈពេល​៣​ខែម្តង​។ ចង់​មន្ត្រីនគរបាល​សេដ្ឋកិច្ច​អស់ទាំងនោះ​ធ្វើ​អ្វី​ក៏​ធ្វើទៅ​ឲ្យ​តែ​បាន​លុយ​យកមក​បង់​ជូន​ថ្នាក់លើ​ឲ្យ​គ្រប់​ចំនួន​និង​ទៀងទាត់​ពេលវេលា បង្ក​ទៅជា​ភាពអនាធិបតេយ្យ​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ក្លា​ពី​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​ក៏ដូចជា​ប្រជាពលរដ្ឋ ហើយ​មិនដឹង​មកពី​ខាង​ណាខ្លះ​ទេ ព្រោះ​គ្រាន់តែ​នគរបាល​សេដ្ឋកិច្ច​ត្រូវ​បង់​ដល់​ទៅ​៣​ជាន់​ឯណោះ​។​

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​មួយចំនួនទៀត​បាន បាន​សំណូមពរ​ឲ្យ​លោក នេ​ត សាវឿន ក៏ដូចជា​ក្រសួងមហាផ្ទៃ​ពិចារណា​អំពី​ការចាត់តាំង​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ឲ្យ​ចុះ​ប៉ុស្តិ៍ ដោយ​បញ្ជាក់ថា នៅតាម​បណ្តា​ខេត្ត​មាន​នគរបាល​សេដ្ឋកិច្ច​ប្រចាំខេត្ត​ទៅហើយ មិនគួរ​ចាត់តាំង​ឲ្យ​មាន​នគរបាល​សេដ្ឋកិច្ច​ពី​ក្រសួងមហាផ្ទៃ​ចុះទៅ​ប្រចាំការ​តាម​ខេត្ត​ទៀត​ទេ​។ ជាពិសេស​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃ​ដែល​ចុះ​កាន់​ផ្លូវជាតិ​ធំៗ​កំពុង​ត្រូវប៉ាន់​ក្នុងការ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ទំនិញ​តាមបែប​ពុករលួយ ហើយ​រឿង​សំខាន់​មួយទៀត​នោះ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គួរតែ​បង្រួម​ចូលគ្នា​ពេល​បញ្ជូន​ឲ្យ​ចុះ​តាម​ខេត្ត មិនគួរ​បែងចែក​ជា​ពីរ​ក្រុម ដូចជា​ខេត្ត​ខ្លះ មាន​ផ្នែក​ទំនិញ និង​ផ្នែក​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ដាច់ពីគ្នា ប៉ុន្តែ​ពួកគេ​ធ្វើ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ជជុះ​ដូច​តែ​គ្នា​។

​ ដោយឡែក លោក ប៉ុល សៀង ក៏មាន​សិទ្ធិអំណាច​ក្តោប​ក្តាប់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​៣​តាមរបៀប​ផ្តាច់មុខ គឺ​ផ្លូវជាតិ​លេខ​១ លេខ​២ និង​លេខ​៣ រួមទាំង​នៅតាម​ផែស្ងួត​ផងដែរ ដូច្នេះ​លោក ប៉ុល សៀង មានឱកាស​ច្រើនណាស់ ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​តាមផ្លូវ​ជាតិ​ទាំង​៣​នេះ និង​តាម​ផែស្ងួត ទី​ដែលមាន​ការដឹកជញ្ជូន​ទំនិញ​មកពី​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ជាច្រើន រួមទាំង​លោក ប៉ុល សៀង ផងដែរ មានបាន​ខ្លាំង​សម្បើម​ណាស់ ហាក់ដូចជា​មិនមាន​តុល្យភាព​ទៅនឹង​ប្រាក់ខែ​ក្នុង​ក្របខ័ណ្ឌ​ជា​នគរបាល​នោះទេ ហើយ​គេ​ចង់ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​ពិនិត្យមើល​ភាព​អសកម្ម​របស់​សមត្ថកិច្ច​ដែល​មិនបាន​បំពេញ​តួនាទី​ប្រមូល​ពន្ធ​ជូន​រដ្ឋ បែរជា​ចុះទៅ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមផ្លូវ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​រាប់​ទសវត្ស​ន៍​មកហើយ​គ្មាន​ការកែទម្រង់​ ៕​

276