មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២ ០ ១៩ សមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបរោងម៉ាស៊ីនអារឈើ គ្មានលិខិតអនុញ្ញាតនៅភូមិក្សេត្របុរី ឃុំសន្ទ្រែ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចរកឃើញឈើមូលចំនួន២១កំណាត់ស្មើនឹង១៣,៨៩៧ម៉ែត្រគូប និងវត្ថុតាងជាច្រើនទៀតនៅក្នុងរោងម៉ាស៊ីនអារឈើនោះផងដែរ។ ក៏ប៉ុន្តែប្រជាពលរដ្ឋក្នុងឃុំសន្ទ្រែ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល គ្មានជំនឿលើសមត្ថកិច្ចអាវុធហត្ថក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ ព្រោះម្ចាស់រោងម៉ាស៊ីនអារឈើនៅតែគេចផុតពីសំណាញ់ច្បាប់។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ករណីសមត្ថកិច្ចអាវុធហត្ថបង្ក្រាបបទល្មើសព្រៃឈើក្នុងមូលដ្ឋានពួកគាត់នាពេលកន្លងមក គឺជារឿងដដែលៗគ្មានប្រសិទ្ធភាពទាល់តែសោះ។ ប្រជាពលរដ្ឋនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានកត់សម្គាល់ថាសមត្ថកិច្ចអាវុធហត្ថបង្ក្រាបតែឈ្មួញតូចតាចដែលដឹកឈើបន្តិចបន្តួចឬរោងម៉ាស៊ីនអារឈើតូចតាច ចំណែកឈ្មួញធំៗដូចជា ឧកញ៉ា តាំង អៀង មេឈ្មួញ ណុប ឌី និងឈ្មួញ ង៉ូវ ទី នៅតែអាចដឹកជញ្ជូនឈើឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងរលូន។ មានការរិះគន់ចំៗថា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាពនោះឡើយ។
ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ បានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញធំៗកាប់ឈើនិងដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងគគ្រឹកគគ្រេងមិនដែលឃើញសមត្ថកិច្ចអាវុធហត្ថ មន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីបរិស្ថាន ចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានកត់សម្គាល់ទៀតថា កន្លងមកសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសនិងសមត្ថកិច្ចអាវុធហត្ថខេត្តពោធិ៍សាត់ បង្ក្រាបតែឈ្មួញតូចតាចប៉ុណ្ណោះ ចំណែកឈ្មួញដែលដឹកជញ្ជូនឈើប្រណីត ឈើប្រភេទលេខ១ តាមរថយន្តធំៗចំណុះរាប់សិបម៉ែត្រគូបមិនដែលឃើញសមត្ថកិច្ចបង្ក្រាបទាល់តែសោះ។ ជាការពិតសមត្ថកិច្ចអាវុធហត្ថបង្ក្រាបរោងអារឈើតូចមួយនៅក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ចំណែករោងម៉ាស៊ីនអារឈើរបស់មេឈ្មួញ តាំង អៀង និងមេឈ្មួញដទៃទៀតក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង មិនដែលឃើញសមត្ថកិច្ចហ៊ានទៅក្បែរនោះទេ។ ប្រការនេះហើយដែលធ្វើឲ្យព្រៃឈើនៅក្នុងខេត្តពោធិ៍សាត់ កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះសូម្បីតែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏រក្សាភាពស្ងៀមស្ងាត់។បឋម