ប្រភពពីមន្ត្រីនៅច្រក ទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា លោក យី ថុល ដែលមក កាន់ តំណែងជាប្រធានការិយាល័យគយច្រកព្រែកចាក កាលពីពេលថ្មីៗនេះកំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថាលោក យី ថុល បានយកបទពិសោធន៍នៃអំពើពុករលួយកាលធ្វើជាមេគយនៅច្រក៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង មកអនុវត្តន៍នៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត យ៉ាងគឃ្លើនបំផុត។ បើតាមការអះអាងពីក្រុមឈ្មួញនិងអាជីវករតូចតាចដែលរកស៊ីនាំចូលទំនិញតិចតួចពីស្រុកយួនតាមច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា បច្ចុប្បន្នលោក យី ថុល មេគយច្រកព្រែកចាក និងបក្ខពួកឈ្មោះ រស់ សាត ព្រមទាំងបរិវារ២នាក់ទៀតកំពុងគាបយកលុយពីពួកគាត់យ៉ាងកំរោល។ ក្រុមឈ្មួញនិងអាជីវករតូចតាចបានបញ្ជាក់ថា មុខរបររបស់ពួកគាត់សព្វថ្ងៃនេះស្ទើរតែគ្មានសល់កម្រៃសម្រាប់ទិញអង្ករច្រកឆ្នាំង ព្រោះលោក យី ថុល គាបយកលុយលើតុក្រោមតុច្រើនពេក។ ដូច្នេះហើយទើបពួកគាត់អំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម ជាមេគយធំៗចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក យី ថុល និងបក្ខពួកជាបន្ទាន់កុំឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តទៀត។
រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះរឿងអាស្រូវពុករលួយរបស់លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានក្រុមឈ្មួញនិងអាជីវករដែលនាំចូលទំនិញតាមច្រកនេះបើកកកាយជាបន្តបន្ទាប់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក យី ថុល នៅឡើយទេ។ ប្រការនេះហើយដែលធ្វើឲ្យលោក យី ថុល នៅតែបន្តប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំ។
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តកំពត មួយចំនួនបានឲ្យដឹងថាលោក យី ថុល កំពុងប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពគាបយកលុយពីក្រុមឈ្មួញនិងអាជីវករតូចតាចដោយពុំមានការយោគយល់ឡើយ។ ផ្ទុយទៅវិញលោក យី ថុល បានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗក្នុងមួយខែៗធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើន។ សូម្បីតែទឹកស៊ុបក៏លោក យី ថុល ឃុបឃិតឲ្យឈ្មួញនាំចូលតាមច្រកទ្វារអន្តរជាតិព្រែកចាកដោយមិនគិតពីផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរនោះទេ គឺគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពដែលស្និទ្ធនឹងលោក យី ថុល មេគយច្រកព្រែកចាក បានឲ្យដឹងថាលោក យី ថុល អាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ ដែលជាមេគយខេត្តកំពត ផងដែរ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ ទេនោះគឺលោក យី ថុល និងបក្ខពួកបរិវារមិនហ៊ានប្រើតួនាទីនិងអំណាចរបស់ខ្លួនឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះឡើយ។បឋម