តុ​លា​កា​រ​ស​ម្រេច​ឃុំ​ខ្លួន ​ជន​ស​ង្ស័​យ​លួច​ព្រះ​បរ​ម​សារីរិ​ក​ធាតុ

កណ្តាលៈ ក្រោយពីបញ្ចប់ការសួរនាំ អស់រយៈពេលពេញមួយថ្ងៃរួចមក នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នំា២០១៤ នេះ ចៅក្រមសាលាដំបូងខេត្តកណ្តាល លោកលឹម សុគន្ថា បានសម្រេចឃុំខ្លួនជនសង្ស័យ កែវ រស្មី ដែលលួចព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន រង់ចាំការ បើកសវនាការនៅពេលក្រោយ។

ដោយឡែកស្ត្រីដែលទទួលទិញពីជនសង្ស័យកែវ រស្មី ស្ថិតក្រោមការសាកសួរបន្តទៀត ដោយចៅក្រមលឹម សុគន្ថា មិនទាន់សម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅឡើយទេ។

មន្ត្រីតុលាការខេត្តកណ្តាលមួយរូប សុំមិនបញ្ចេញឈ្មោះបាននិយាយថា សាច់ញាតិ២នាក់ ត្រូវជាជីដូន របស់ជន សង្ស័យកែវ រស្មី ត្រូវបានតុលាការអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីការសួរនាំត្រូវបានបញ្ចប់ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។

គួរបញ្ជាក់ថា ជនសង្ស័យចំនួន៤នាក់ជាជំហានដំបូង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយមន្ត្រីតុលាការ ខេត្តកណ្តាល និងខេត្តតាកែវ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ចាប់ខ្លួនជាបន្តបន្ទាប់នៅស្រុកទ្រាំងខេត្តតាកែវ ដោយជាប់ពាក់ព័ន្ធនឹងសកម្មភាពលួចព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ។

302