ប្រភពពីមន្ត្រីនគរបាលក្នុង ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មួយចំនួន បានឲ្យដឹងថា ការដែលលោក ធៀម ដែន ហៅត ក់ មេនគរបាលប៉ុស្ដិ៍បឹងជ្រោង ស្រុកមេមត់ ហ៊ានឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគឃ្លើន គឺដោយសារអាងមានលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាបង្អែករឹងមាំ។ ទន្ទឹមនឹងនេះការដែលឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ហ៊ានដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក គឺដោយសារអាងមានលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ជាបង្អែកដ៏រឹងមាំផងដែរ។ ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ទំនងជាដឹងថាឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនមានខ្នងបង្អែករឹងមាំទើបមិនហ៊ានចាត់វិធានការទប់ស្កាត់ ហើយបណ្ដោយឲ្យក្រុមឈ្មួញបន្តសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុកតែម្តង។
ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញធំៗជាច្រើននាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ សូម្បីតែលោក ជាម ច័ន្ទសោភ័ណ ដែលទើបឡើងកាន់តំណែងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក លី ឡេង កាលពីពេលថ្មីៗកន្លងទៅនេះ ក៏មិនទាន់ចាត់វិធានការទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ និងច្រកព្រំដែនក្នុងស្រុកពញាក្រែក នៅឡើយទេ។ ដូច្នេះហើយទើបក្រុមឈ្មួញអាចដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ហើយចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដូចមុនដដែល។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ច្រកបឹងជ្រោង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីនគរបាលឈ្មោះ ធៀម ដែន ហៅតក់ នៅតែមានក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក ជាពិសេសនៅពេលយប់។ ប្រភពបានឲ្យដឹងទៀតថា លោក គឹម ឈុនលី មេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ និងសមត្ថកិច្ចមួយចំនួនប្រចាំច្រកព្រំដែន គឺជាអ្នកឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន ដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ លើសនេះទៅទៀតឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ដែលជាមន្ត្រីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងជាជំនួយការលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនដូចមុនដដែល។ លោក ជាម ច័ន្ទសោភ័ណ រក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យឈ្មួញច្រើននាក់ដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ ចេញទៅស្រុកយួនយ៉ាងរលូន បើទោះបីត្រូវប្រឈមនឹងការរិះគន់យ៉ាងណាក៏ដោយ។(មានត)