សកម្មជនដែលប្រមូលផ្តុំគ្នាដើម្បីឃ្លាំមើលសវនាការអសាធារណៈលើសំណុំរឿងលោក វន់ ពៅ ក៏ដូចជាជនស្លូតត្រង់ទាំង២០នាក់ផ្សេងទៀត ដែលសុំនៅក្រៅឃុំ បានលើកឡើងថា ការរួបរួមគ្នារបស់អ្នកតស៊ូដើម្បីសិទ្ធិសេរីភាពនិងយុត្តិធម៌សង្គម ធ្វើឲ្យបានព្រមៗគ្នាគង់តែថ្ងៃមួយយើងទទួលបានជោគជ័យ។ សកម្មជនក៏បានលើកឡើងអំពីករណីទាហានឆ័ត្រយោង៩១១ ថាតើពួកគេមានសមត្ថកិច្ចអ្វីត្រូវយកកាំភ្លើងដែលសម្រាប់ការពារទឹកដី ការពារព្រំដែន យកមកវាយប្រហារបាញ់គំរាមប្រជាពលរដ្ឋស្លូតត្រង់ ព្រោះកម្មករគ្រាន់តែនាំគ្នាធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែគោលចំនួន១៦០ដុល្លារ ដើម្បីមានជីវភាពរស់នៅសមរម្យជាបញ្ហាក្រពះសុទ្ធសាធ ហេតុអ្វីត្រូវប្រើកម្លាំងទាហានវាយបង្ក្រាបដោយហិង្សា ឈានដល់ការចាប់ខ្លួនសកម្មជនការពារសិទ្ធិមនុស្សយកទៅធ្វើទារុណកម្ម និងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ដោយសារតែពួកគេបានជួយកម្មករ កម្មការិនី ក្នុងការទាមទារដំឡើងប្រាក់ខែដោយសន្តិវិធីទៅវិញ។ប្រជាពលរដ្ឋអង្គការសង្គមស៊ីវិល និងសកម្មជនការពារសិទ្ធិមនុស្សរាប់រយនាក់ បានបន្តប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ធរណ៍ នៅក្នុងបរិវេណក្រសួងយុត្តិធម៌ ទីដែលមានការបើកសវនាការជំនុំជម្រះលើការស្នើសុំនៅក្រៅឃុំរបស់ជនស្លូតត្រង់ទាំង២១នាក់ រួមមានលោក វន់ ពៅ ផងដែរ។ ហើយការប្រមូលផ្តុំគ្នាតវ៉ានេះបានរៀបចំធ្វើដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យមានការដោះលែងជនស្លូតត្រង់ឲ្យមានសេរីភាពវិញនិងទាមទារឲ្យនាំយកជនដៃដល់និងសមត្ថកិច្ចដែលប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋស្លូតត្រង់ទៅផ្តន្ទាទោសតាមច្បាប់ មិនត្រូវបន្តវប្បធម៌និរទណ្ឌភាពទុកឲ្យសមត្ថកិច្ចប្រដាប់អាវុធដែលប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋទន់ខ្សោយរួចផុតពីទោសពៃរ៍តទៅទៀតទេ។សកម្មជនក៏បានលើកឡើងផងដែរថា ក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា បានចែងយ៉ាងច្បាស់ថា គ្មានទោសប្រហារជីវិត ទោះជាមានទោសឬប្រព្រឹត្តខុសក្នុងកម្រិតណាក៏ដោយ ប៉ុន្តែសមត្ថកិច្ចប្រដាប់អាវុធជាពិសេសទាហានឆ័ត្រយោង៩១១ ក្រោមបញ្ជារបស់លោក ចាប ភក្តី ត្រូវបានបញ្ជូនឲ្យប្រើហិង្សា ហើយសមត្ថកិច្ចដទៃទៀតក៏បានបាញ់រះទៅលើជនស្លូតត្រង់បណ្តាលឲ្យស្លាប់និងរងរបួសដែលជាគេហៅថា ជាការកាប់សម្លាប់មនុស្សនៅក្រៅច្បាប់។